ទីក្រុងញូដេលី៖ អាជ្ញាធរឥណ្ឌាចាប់ខ្លួនមនុស្សយ៉ាងតិច៦នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងហេតុការណ៍ប្រជ្រៀតគ្នាស្លាប់កាលពីពេលថ្មីៗនេះនៅពេលសាសនិកហិណ្ឌូចូលរួមពិធីបុណ្យសាសនានៅរដ្ឋអ៊ូតាប្រាដែស ឬឧត្ដរប្រទេស (Uttar Pradesh) កាលពីប៉ុន្មានថ្ងៃមុន។ រហូតមកដល់ពេលនេះ ជនរងគ្រោះដែលបានស្លាប់មានចំនួនសរុប១២១នាក់។
ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី២ ខែកក្កដា នៅក្នុងភូមិតូចមួយ។ កាលនោះ មនុស្ស២សែន ៥ម៉ឺននាក់ប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូនទៅសូមពរជ័យពីមេសាសនា។ អាជ្ញាធរអនុញ្ញាតឱ្យអ្នករៀបចំកម្មវិធីបុណ្យអាចទទួលអ្នកចូលរួមយ៉ាងច្រើនត្រឹម៨ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារជនជាតិឥណ្ឌាគោរពបដិបត្តិជំនឿរបស់ខ្លួនខ្លាំងពេក។ ម៉្លោះហើយ មនុស្សសម្រុកធ្វើដំណើរទៅទីនោះច្រើនលើសលប់។
អ្នកដែលត្រូវចាប់ខ្លួនទាំង៦នាក់នោះជាជំនួយការរបស់មេសាសនាប្រចាំភូមិ ហើយជាអ្នកទទួលភារកិច្ចចាត់ចែងទទួលភ្ញៀវដែលអញ្ជើញចូលរួមពិធីបុណ្យ។ នៅពេលមើលឃើញមនុស្សប្រជ្រៀតគ្នាស្លាប់គរជើងគ្នាយ៉ាងដូច្នេះ អ្នកទាំង៦នាក់នេះក៏រត់គេចខ្លួន។ លោកគ្រូមេសាសនាប្រចាំភូមិបានដាក់ការស្ដីបន្ទោសការប្រជ្រៀតគ្នានេះថាដោយសារមនុស្សមានគំនិតប្រឆាំងនឹងទំនៀមទម្លាប់ និងសង្គម។ ប៉ុន្តែគាត់និយាយដោយសង្ខេបតែត្រឹមហ្នឹងដោយមិនធ្វើអត្ថាធិប្បាយបន្តទៀតទេ។
មន្ត្រីថ្នាក់មូលដ្ឋានប្រាប់ថាហេតុការណ៍ប្រជ្រៀតគ្នានោះកើតឡើងនៅពេលមនុស្សរៀបចាកចេញពីពិធីបុណ្យត្រឡប់ទៅផ្ទះវិញ។ ពេលនោះ អ្នកខ្លះរត់តម្រង់ទៅរកឡានរបស់មេសាសនា។ ប៉ុន្តែជំនួយការរបស់គាត់ចេញទៅទប់ស្កាត់ពួកគេ។ ដូចនេះធ្វើឱ្យមានភាពរញ៉េរញ៉ៃ អ្នកខ្លះចង់ចេញ រីឯអ្នកខ្លះទៀតចង់នៅ។ អ្នកខ្លះចាប់ផ្ដើមដួលព្រូសៗទៅលើដី ហើយត្រូវគេជាន់ពីលើ។
អ្នកខ្លះទៀតដែលព្យាយាមរត់ទៅរកទីវាលដើម្បីគេចចេញពីការប្រជ្រៀតគ្នាក៏រអិលជើងដួលដោយសារស្ថានភាពដីមានភាពរដិបរដុបខ្ពស់ទាបមិនស្មើគ្នាទេ។ ដូច្នេះពួកគេត្រូវអ្នកដែលដើរមកតាមក្រោយជាន់ពីលើបណ្ដាលឱ្យស្លាប់។ នៅពេលសួរថាតើគិតចាត់ការរបៀបម៉េចចំពោះមេសាសនាដែលបំផុសបំផុលឱ្យអ្នកជឿខ្លួនទៅចូលរួមពិធីបុណ្យយ៉ាងគគ្រឹកគគ្រេងរហូតដល់មានមនុស្សស្លាប់បែបនេះ? មន្ត្រីនគរបាលម្នាក់ប្រាប់ថាគាត់គ្មានឈ្មោះនៅក្នុងបញ្ជីខ្មៅដែលត្រូវចាប់ខ្លួនទេ។
ស្នងការនគរបាលខេត្តអ៊ូតាប្រាដែសប្រាប់ថាសម្រាប់ពេលនេះ គេមិនទាន់សន្និដ្ឋានថាមេសាសនារូបនេះមានចំណែកទទួលខុសត្រូវកម្រិតណាចំពោះហេតុការណ៍ប្រជ្រៀតគ្នាស្លាប់លើកនេះទេ។ ប៉ុន្តែគ្រូសាសនាអង្គនេះមានមេធាវីរបស់គាត់។ មេធាវីប្រាប់ថាខ្លួននឹងឡើងការពារក្ដីឱ្យជនទាំង៦នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន៕
ចែករំលែកព័តមាននេះ