ខេត្តសៀមរាប ៖ លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានកន្លងទៅថ្មីៗនេះថា ពេទ្យគន្ធបុប្ផាបានចាប់ដំណើរការសេវាវះកាត់ជំងឺបេះដូងពីកំណើតចាប់តាំងពីឆ្នាំ២០១១ ដែលកាលនោះ យើងវះកាត់បានតែ១ ទៅ២ករណីទេ ក្នុង១ថ្ងៃ ដោយមានការជួយបណ្តុះបណ្តាលពីគ្រូពេទ្យជំនាញបរទេស។ ក្រោយពីទទួលបានការបណ្តុះបណ្តាលចាប់ពីឆ្នាំ២០១៣មក ក្រុមគ្រូពេទ្យខ្មែរ បានចាប់ផ្តើមធ្វើដោយខ្លួនឯងទាំងអស់ជាប្រចាំ ដោយធ្វើការវះកាត់ករណីធម្មតា រហូតដល់ករណីស្មុគស្មាញ ដោយកាលនោះមានអ្នកជំងឺបេះដូងរាប់ពាន់នាក់រង់ចាំការវះកាត់ ។
លោកវេជ្ជបណ្ឌិត បានបន្តថា បន្ទាប់មកក្រុមគ្រូពេទ្យជំនាញរបស់ខ្មែរយើងបានពង្រឹងសមត្ថភាព គឺអាចធ្វើការវះកាត់ពីកុមារធំ មកតូចៗ ដែលមានកុមារទំម្ងន់២គីឡូកន្លះក៏មាន បើគិតជាអាយុវិញមានអាយុ១អាទិត្យ ឬ៣ថ្ងៃក៏មាន ។
នៅក្នុងរយៈពេល១៤ឆ្នាំ នៃដំណើរការវះកាត់ជំងឺបេះដូងកុមារ ចាប់ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ននេះ ទាំងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប សរុបទាំងអស់មាន ៨,០០០ករណី ក្នុងនោះនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានចំនួន ៦,០០០ករណី គន្ធបុប្ផាភ្នំពេញមាន ២,០០០ករណី និងផ្នែកបិទបេះដូងប្រហោងចំនួន ២,០០០ករណី ។
ចំពោះការចំណាយសម្រាប់ការវះកាត់ជំងឺបេះដូងកុមារម្នាក់ អស់ប្រមាណជា ៣,០០០ ទៅ ៤,០០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនគិតពីការចំណាយលើថ្លៃថ្នាំសម្រាប់ព្យាបាល ក្រោយការវះកាត់ ។
ដោយឡែកបើនិយាយអំពីអត្រាមរណភាពរបស់កុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ជ័យវន្មទី៧ សៀមរាប មុនឆ្នាំ២០១១ ដែលមិនទាន់មានសេវាវះកាត់ជំងឺបេះដូងឃើញថា កុមារដែលទទួលមរណភាពភាគច្រើនជាអ្នកមានជំងឺបេះដូង។ ហើយចំពោះការផ្តល់សេវាវះកាត់ជំងឺបេះដូង គឺផ្តល់ជូនទាំង អ្នកមាន និងអ្នកក្រ គឺមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលទាំងអស់ ដោយស្មើរៗគ្នា ៕
ចែករំលែកព័តមាននេះ