ចំណតផែកុងតឺន័រថ្មី នឹងពង្រីកសមត្ថភាពកំពង់ផែព្រះសីហនុ
- ព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ថា ចំណតផែកុងតឺន័រ ប្រវែង២៥៣ម៉ែត្រ ដែលបានសាងសង់កាលពីឆ្នាំទៅ អាចមានសមត្ថភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ថា ចំណតផែកុងតឺន័រ ប្រវែង២៥៣ម៉ែត្រ ដែលបានសាងសង់កាលពីឆ្នាំទៅ អាចមានសមត្ថភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ថា ចំណតផែកុងតឺន័រ ប្រវែង២៥៣ម៉ែត្រ ដែលបានសាងសង់កាលពីឆ្នាំទៅ អាចមានសមត្ថភាពទទួលនាវាខ្នាតមធ្យមចូលចត និងធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ បានហើយ ។
ប្រភពបានឲ្យដឹងថា ចំណតផែកុងតឺន័រថ្មី ប្រវែង២៥៣ម៉ែត្រ នេះតាមពិតគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឯណោះទេ ប៉ុន្តែនៅពេលនេះ បានធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូងបានដោយជោគជ័យ ហើយគេរំពឹងថា វានឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% ពោលគឺរហូតដល់ទៅ ២៥០.០០០TEUs នៅក្នុងរយៈពេល១ឆ្នាំ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា ។
កំពង់ផែ ស្ថិតនៅឈូងសមុទ្រកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។
កំពង់ផែនេះ ត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ ១៩៥៦ និងបានពង្រីកជាលំដាប់ចាប់តាំងពីកម្ពុជា ទទួលបានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ។
បន្ទាប់ពីចំណតផែកុងតឺន័រ ប្រវែង២៥៣ម៉ែត្រនេះបញ្ចប់ ការសាងសង់កំពង់ផែនឹងបន្តកសាងចំណតផែកុងតឺន័រថ្មី មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រមួយបន្ថែមទៀត ដោយអាចពង្រីកសមត្ថភាពទទួល នាវាកុងតឺន័រមានទម្ងន់ផ្ទុក ៤.០០០TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs នៅក្នុង១ឆ្នាំ។ គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
ក្រៅពីនោះ កំពង់ផែនក៏បន្តមានផែនការកសាងចំណតផែកុងតឺន័រទឹកជ្រៅថ្មីបន្ថែម ដែលមានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ មានទម្ងន់ផ្ទុក ស្មើនឹង១០.០០០TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។ ហើយនឹងបន្តពង្រីកបន្ថែមទៀត គឺការកសាងចំណតផែកុងតឺន័រទឹកជ្រៅថ្មី មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ មានទម្ងន់ផ្ទុក ស្មើនឹង១៥.០០០TEUs ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។
គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ចំនួនប្រមាណ ៧៦០លានដុល្លារ, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារ, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ