ទីក្រុងឡុង៖ នៅទូទាំងចក្រភពអង់គ្លេសមិនថាប្រទេសអង់គ្លេស, វេល, អៀកឡង់ខាងជើង ឬស្កុតលេនទេបានរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅអាណត្តិថ្មី។ ប្រជាជនអង់គ្លេសដែលគ្រប់អាយុបោះឆ្នោតបានធ្វើដំណើរតាំងពីព្រឹកព្រលឹមទៅមណ្ឌលរបស់ខ្លួន។ គេរំពឹងថាគណបក្សពលករនឹងឈ្នះឆ្នោតឡើងកាន់អំណាចនៅអាណត្តិថ្មីជាមិនខាន។
ស្ថានីយបោះឆ្នោតទាំង៦៥០កន្លែងចាប់ផ្ដើមបើកទ្វារនៅម៉ោង៧ព្រឹក។ ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្ដើមនៅពេលបិទស្ថានីយ។ ដូច្នេះ គេគិតថាយ៉ាងយូរត្រឹមល្ងាច ឬយប់ថ្ងៃព្រហស្បតិ៍អាចនឹងដឹងលទ្ធផលបឋមក្រៅផ្លូវការជាបណ្ដើរៗ។ លទ្ធផលសរុបអាចនឹងដឹងនៅព្រឹកថ្ងៃសុក្រ។ ប្រធានគណបក្សពលករ លោកខៀ ស្តាមើ (Keir Starmer) សរសេរនៅលើបណ្ដាញអ៊ិចថាយើងត្រូវការការផ្លាស់ប្ដូរ។ ថ្ងៃនេះ ពលរដ្ឋម្ចាស់ឆ្នោតអាចមានឱកាសផ្លាស់ប្ដូរដោយការប្រើប្រាស់សិទ្ធិបោះឆ្នោត។
លោករីស៊ី ស៊ុនណាក់ (Rishi Sunak) ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសក៏បង្ហោះសារនៅលើបណ្ដាញអ៊ិចដែរ។ លោកជំរុញឱ្យម្ចាស់ឆ្នោតកុំសម្រុកបោះឆ្នោតឱ្យគណបក្សពលករច្រើនពេក។ គណបក្សប្រជាធិបតេយ្យសេរីក៏បង្ហោះសារនៅលើបណ្ដាញអ៊ិចដែរថានេះជាឱកាសរបស់យើងដើម្បីនាំមកនូវការផ្លាស់ប្ដូរដែលប្រទេសជាតិរបស់យើងអន្ទះសារចង់បានយ៉ាងខ្លាំង។
គណបក្សជាតិនិយមស្កុតលែន(SNP) បង្ហោះសារនៅលើបណ្ដាញអ៊ិច និងអំពាវនាវឱ្យម្ចាស់ឆ្នោតបោះឆ្នោតឱ្យខ្លួនដើម្បីឯករាជ្យភាព, ចូលរួមនៅក្នុងសហភាពអឺរ៉ុបឡើងវិញ, កែសម្រួលច្បាប់ស្ដីពីការមានកូនតែ២នាក់ ព្រមទាំងផលប្រយោជន៍សង្គមកិច្ចជាច្រើនទៀត។ នេះជាលើកទី១ចាប់តាំងពីឆ្នាំ១៩៤៥ដែលអង់គ្លេសរៀបចំការបោះឆ្នោតនៅខែកក្កដា។ នាយករដ្ឋមន្ត្រីអង់គ្លេសសម្រេចចិត្តរៀបចំការបោះឆ្នោតមុនអាណត្តិកាលពី៦សប្ដាហ៍មុន ហើយចាប់ផ្ដើមឃោសនាភ្លាមៗតែម្ដង។
គណបក្សពលករសន្យាថាខ្លួននឹងបង្កើតក្រុមហ៊ុនរបស់រដ្ឋ, ធ្វើជាតូបនីយកម្មផ្លូវដែក (បង្វែរពីឯកជនទៅជារបស់រដ្ឋ), កាត់បន្ថយជនអន្តោប្រវេសន៍, ជ្រើសរើសគ្រូបង្រៀន៦៥០០នាក់ និងបង្កើតមុខតំណែងគិលានុប្បដ្ឋាកថ្មីលើសពី១សែននាក់។ គណបក្សអភិរក្សនិយមសន្យាបង្កើតច្បាប់កាតព្វកិច្ចយោធាសម្រាប់យុវជនអាយុ១៨ឆ្នាំ ឬច្រើនជាងនេះ, រឹតត្បិតការផ្ដល់ទិដ្ឋាការសម្រាប់អ្នកចំណាកស្រុក, ជ្រើសរើសនគរបាលបន្ថែម៨ពាន់នាក់ និងកាត់បន្ថយការផ្ដល់សេវាធានារ៉ាប់រងរបស់រដ្ឋ។
គណបក្សអភិរក្សនិយមលើកនេះប្រកាសចុះចាញ់តាំងពីមុនប្រកួតទៅទៀត។ មន្ត្រីជាន់ខ្ពស់ជាច្រើននាក់រួមទាំងសម្ព័ន្ធមិត្តដែលជិតស្និទ្ធបំផុតរបស់លោកស៊ុនណាក់ប្រកាសទទួលស្គាល់ថា «លើកនេះបក្សយើងចាញ់ឆ្នោតហើយ»។ យោងតាមលទ្ធផលស្ទង់មតិ, គណបក្សពលករអាចនឹងទទួលបានជាង២០០អាសនៈ ហើយអាចនឹងមានប្រៀបគ្រប់ទីកន្លែងទាំងអស់មិនថានៅអង់គ្លេស វេល ឬស្កុតលែនទេ។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតចេញផ្សាយលទ្ធផលស្ទង់មតិកាលពីយប់ថ្ងៃពុធថាលើកនេះគណបក្សពលករនឹងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់បំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប៕
ចែករំលែកព័តមាននេះ