ខេត្តមណ្ឌលគិរី ៖ នគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនមុខសញ្ញាសកម្មលួចម៉ូតូចំនួនពីរនាក់ និងឈានទៅដល់ការបំបែកសំបុកទីតាំងទទួលផលចោរកម្មចំនួន២ទីតាំង និងរកឃើញម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូជាច្រើន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក វ៉ាន់ ដានីន ស្នងការរងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរីទទួលផែនព្រហ្មទណ្ឌនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹង ថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកបានដឹកនាំមន្ត្រីនៃការិយាល័យជំនាញបង្ហាញមុខជនសង្ស័យទាំង២នាក់ លើកករណីចោរកម្ម (លួចម៉ូតូ) ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។
ពាក់ព័ន្ធលើកករណីចោរកម្មនេះ លោកស្នងការរងបន្តថា កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋស្រែខ្ទុមបានទទួលពាក្យបណ្ដឹងពីឈ្មោះ សៀក ឆៃលាង ថាមានករណី លួច (ម៉ូតូ) ភ្លាមនោះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលបាលស្រែខ្ទម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៣នាទី បានឈានដល់ការចុះដល់ទីតាំងKTV ៩៩៩៩ (ហង្សជី) ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេ ក្រចេះ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្តិ៍ស្រែខុម ស្នើសុំសហការជាមួយក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ(ទឹកដីខេត្តក្រចេះ) ចុះដល់ទីតាំង KTV ៩៩៩៩ (ហង្សជី) ក៏បាននាំខ្លួនជនសង្ស័យចំនួន២នាក់ខាងលើមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាព ថាខ្លួនពិតជាបានលួចម៉ូតូ ពិតប្រាកដមែន។លុះដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីស្តាប់ចម្លើយរបស់ជនសង្ស័យហើយ លោក វរសេនីយ៍ឯក ហេង អ៊ួង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំង ចម្រុះអធិការដ្ឋាន សហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលស្រុកស្នួល បានចុះពិនិត្យ៤ទីតាំងដែលពាក់ព័ន្ធ ទទួលផលចោរកម្ម ម្ចាស់ទីតាំងទី១ឈ្មោះ ហង្ស ហួច ភេទស្រី នៅចំណុច KTV ហង្សជី ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែន ជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ឃើញមានម៉ូតូចំនួន៨គ្រឿង ហើយក្នុងនោះឃើញថា (ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកសមុទ្រ អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់។
សមត្ថកិច្ចបន្តទៅទីតាំងទី២ឈ្មោះ ហង្ស ហួច ដដែល នៅចំណុចផ្សារកាបី មានឃើញ ម៉ូតូចំនួន១៤គ្រឿង ហើយក្នុងនោះ ឃើញថា មាន(ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួច យកទៅលក់ និង ឃើញបំនែកក្បាំងម៉ូតូពណ៌ទឹកសមុទ្រ មួយចំនួន (ដែលដោះបំបែក ជារបស់ជនសង្ស័យ) ។
លោកវរសេនីយ៍ឯក វ៉ាន់ ដានីន បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ លី ស្រឡោះ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្លែង ឃុំស្រែ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ (ធ្លាប់លួច៧លើកករណីលួច និងធ្លាប់ជាប់ពន្ធនាគារចំនួន១លើក) ២/ឈ្មោះ កូប មូសា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្លែង ឃុំស្រែ ម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក ករណីគ្រឿងញៀន)។បច្ចុប្បន្នសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនជនសង្ស័យទាំងពីរទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ