ខេត្តបាត់ដំបង ៖ ត្រាក់ទ័រមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរឹបអូសយកពេលកំពុងលួចឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់២ ដែលជាតំបន់ហាមឃាត់ កាលពីព្រឹកថ្ងៃទី ០៣ កក្កដា នៅត្រង់ចំណុចខាងកើត «អាងបត់» ស្ថិតក្នុងភូមិសារក ឃុំតាលាស់ ស្រុកមោងប្ញស្សី តែម្ចាស់ត្រាក់ទ័របានរត់បាត់ ពេលត្រូវកម្លាំងសមត្ថកិច្ចចុះទៅដល់ ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ត្រាក់ទ័រមួយគ្រឿងដែលត្រូវរឹបអូសនោះ ធ្វើឡើងដោយកម្លាំងចម្រុះរបស់គណៈបញ្ជាការកងឯកភាពស្រុកមោងប្ញស្សី ដឹកនាំដោយលោក បឿន សុវណ្ណ អភិបាលរងស្រុក ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនល្មើសដែលគេមិនបានប្រាប់ពីអត្តសញ្ញាណ បានប្រើប្រាស់ត្រាក់ទ័រនោះឈូសឆាយដីព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន នៅក្នុងតំបន២ ដែលស្ថិតក្នុងតំបន់ហាមឃាត់ ក្នុងគោលបំណងយកដីតំបន់នោះធ្វើជាកម្មសិទ្ធឯកជន ។ មន្ត្រីបាននិយាយថា ជនល្មើសបានរត់ចោលត្រាក់ទ័រមុនពេលកម្លាំងសមត្ថកិច្ចចម្រុះចុះទៅដល់ ។
បើតាមការពិនិត្យជាក់ស្ដែង ជនល្មើសបានប្រើប្រាស់ត្រាក់ទ័រឈូសឆាយព្រៃលិចទឹកអស់ទំហំប្រហែលជាង០៤ហិចតាទៅហើយ។ ប៉ុន្តែយ៉ាងណា បើតាមរបាយការណ៍អភិបាលរងស្រុកមោង
ប្ញស្សី លោក បឿន សុវណ្ណ បានបញ្ជាក់ថា ពេលនេះ យើងបានរឹបអូសយកត្រាក់ទ័រមករក្សាទុក ហើយរដ្ឋបាលស្រុក បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកសាវតាជនល្មើស ឬម្ចាស់ត្រាក់ទ័រនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ