រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ប្រាប់ឲ្យក្រសួងពាក់ព័ន្ធគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ពន្ធនាគាររហូតដល់កូនមានអាយុ២ឆ្នាំ ដូចកម្មការិនី និងមន្ត្រីរាជការ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតគរុសិស្ស និងសម្ភោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឯកឧត្តម ហេង សួរ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចគិតគូរចំពោះស្ត្រីមានផ្ទៃពោះ កំពុងជាប់ពន្ធនាគារ ដែលកន្លងមកយើងមាន សម្រាប់កម្មការិនី និងមន្ត្រីរាជការ។ ឥលូវសូមគិតគូរផងចំពោះពិរុទ្ធជននៅក្នុងគុក»។
ការលើកឡើងរបស់សម្តេចធិបតី ទាក់ទិននឹងករណីស្ត្រីជាប់ពន្ធនាគារមានផ្ទៃពោះនេះ ត្រូវបាន រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានលើកឡើងថា អ្នកនៅក្នុងគុកក៏មានអ្នកខ្លះមានផ្ទៃពោះ។ សម្តេចធិបតីបានបញ្ជាក់ថា៖ « គាត់មានទម្ងន់ អីញ្ចឹងគាត់ក៏ត្រូវមានការគិតគូរ ទោះបីជាម្តាយជាប់ពន្ធនាគារ ដោយសារម្តាយមានកំហុស តែកូនអត់បានធ្វើខុសទេ »។
ជាមួយគ្នានោះដែរ សម្តេចធិបតីបានលើកឡើងថា កន្លងមក សម្តេចតេជោហ៊ុន សែន ធ្លាប់បានលើកគោលការណ៍គិតគូរ ចំពោះស្ត្រីជាប់ពន្ធនាគារនេះ ដោយការគិតមិនមានចំនួន ច្រើននោះទេ ប៉ុន្តែត្រូវគិតគូរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ « យើងត្រូវគិតគូរ អំពីអត្ថ ប្រយោជន៍ ផ្តល់ជូនគាត់ទៅដល់ស្ត្រីជាប់ទោស ហើយកំពុងតែមានទម្ងន់ ហើយ បានឆ្លងទន្លេ ដោយឧត្តមដូចប្រជាពលរដ្ឋ ទូទៅ និងមន្ត្រីរាជការ»។
ក្នុងឱកាសនោះដែរសម្តេចធិបតីបានអះអាងថា ករណីកូននៅក្នុងផ្ទៃនេះដែលគឺកូនមិនបានធ្វើខុសទេ ហើយសម្តេចផ្ទាល់ក៏ធ្លាប់ប្រាប់ថ្នាក់ដឹកនាំបរទេសថាសម្តេចធ្លាប់ ជាប់ពន្ធនាគារ ផងដែរនៅពេលសម្តេចនៅក្នុងផ្ទៃម្តាយក្នុងសម័យខ្មែរក្រហម។
សម្តេចបានបញ្ជាក់ថា៖«ខ្ញុំធ្លាប់ប្រាប់មេដឹកនាំបរទេសមួយចំនួនថាខ្ញុំធ្លាប់ជាប់គុកដែរ ហើយ គេថាជាប់គុករឿងអ្វីដែរហ្នឹង? អត់ទេ! គឺកាលពុករត់ទៅ វៀតណាម គេចាប់ម៉ែដាក់គុក ហើយ ពេលនោះខ្ញុំក៏នៅក្នុងគុកដែរ ជាស្វ័យប្រវត្តិ៧ខែនៅក្នុងពោះ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យខាងបេឡាជាតិរបបសន្តិសង្គមនៃក្រសួងការងារ និងក្រសួងសង្គមកិច្ចរបស់យើងពិនិត្យ ពិភាក្សាគ្នាមើលរឿងនេះ។ ហើយខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវពិនិត្យមើលករណីនេះ វាមិនអស់ប៉ុន្មានទេតែអស់ប៉ុន្មានក៏ត្រូវធ្វើដែរ ព្រោះវាជាកូនចៅរបស់យើង ។
សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា៖«ម្តាយធ្វើខុស គឺជារឿងគាត់ទទួលកំហុស ប៉ុន្តែនៅពេលគាត់មានផ្ទៃពោះកូននៅជាក្មេងជាកូនចៅរបស់យើង ហើយគ្នាអត់ដឹងអ្វីទេ។ ដូច្នេះត្រូវទទួលបានអត្ថប្រយោជន៍ដែលយើងបើកជូន ។ អីញ្ចឹសូមគិតគូររឿងហ្នឹង ដូចក្មេងៗផ្សេងៗទៀតរហូតដល់២ឆ្នាំ តាមគោលការណ៍របស់យើង»៕
ចែករំលែកព័តមាននេះ