ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលទើបសម្រាលកូនស្រីបាន០១ខែត្រូវប្ដីចិត្តតិរិច្ឆានទាញកាំផ្គាក់កាប់បណ្ដាលឲ្យរងរបួសចំនួន០៤កន្លែងយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ កក្កដា ២០២៤ ខណៈប្រពន្ធកំពុងដេកបំបៅកូននៅលើគ្រែក្រោមផ្ទះ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ លុះព្រឹកឡើងជនតិរិច្ឆាននោះរត់គេចខ្លួនបាត់ ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ៉ាត រដ្ឋា អាយុ៤២ឆ្នាំ (ប្រពន្ធ) រីឯជនដៃដល់(ប្ដី)ឈ្មោះ តុង ប៊ុនសុង អាយុ៤៩ឆ្នាំ ។ របាយការណ៍ដដែលបានបញ្ជាក់ថា ជនដៃដល់បានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើប្រពន្ធដែលទើបសម្រាលកូនស្រីបាន០១ខែត្រូវចំណួន០៤កន្លែង ត្រូវក្បាល ត្រូវស្មា ត្រូវភ្លៅ និងត្រូវខ្នង ។ ជននេះបានលបចូលទៅកាប់ប្រពន្ធនៅពេលកំពុងដេកបំបៅកូនតូចនៅលើគ្រែក្រោមផ្ទះ ក្រោយពេលស្រវឹងជោកជាំ ហើយបង្កជម្លោះជាមួយប្រពន្ធតាំងពីក្បាលព្រលប់ ។
នាយនគរបាលប៉ុស្ដិ៍ស្ដីទីភ្នំសំពៅ លោក ម៉ី រតនា បានប្រាប់ថា ជនដៃដល់ឈ្មោះ តុង ប៊ុនសុង នេះ ជាបុគ្គលប្រើប្រាស់ថ្នាំញៀនផង និងផឹកស្រាស្រវឹងជាប្រចាំផង ហើយតែងបង្កហិង្សាក្នុងគ្រួសាមិនសូវលស់ពេលទេ ។ លោកថា បើតាមប្រវត្តិជនដៃដល់និងប្រពន្ធនេះបានគ្នាជាប្ដីប្រពន្ធ ទើបមានកូនស្រីតូចអាយុ០១ខែខាងលើនេះ ។ ប៉ុន្តែប្រពន្ធធ្លាប់មានគ្រួសារមុន និងមានកូនប្រុស០២នាក់ ម្នាក់អាយុ២៥ឆ្នាំ និង ម្នាក់ទៀតអាយុ១៨ឆ្នាំ ។
បើតាមចម្លើយកូនប្រុសស្ត្រីរងគ្រោះដែលបានប្រាប់សមត្ថកិច្ច ឪពុកចុងប្រមឹក និងញៀនថ្នាំរូបនេះ តែងបង្កជម្លោះជាមួយម្ដាយខ្លួនជាញឹកញាប់ ហើយថែមទាំងឡូឡារំខានអ្នកក្បែរខាងមិនថា យប់ឬថ្ងៃនោះទេ។ កូនប្រុសច្បងបាននិយាយថា នៅមុនពេលកើតហេតុ ឪពុកចុងរូបនេះបានឡូឡាបង្កជម្លោះជាមួយម្ដាយខ្លួនដែលកូនខ្ចី ។ ហើយខ្លួនថែមទាំងបានរារាំង និងប្រាប់គាត់កុំឲ្យស្រែកឡូឡារំខានដល់អ្នកជិតខាង។ មិនតែប៉ុណ្ណោះ ខ្លួនបានប្រាប់គាត់ឲ្យទៅសម្រាន្តនៅឯខ្ទមស្រែទៅ ហើយគាត់ក៏ទៅបាត់ ។
ត្រង់ចំណុចនេះ បើតាមលោក ម៉ី រតនា នាយប៉ុស្ដិ៍រដ្ឋបាលស្ដីទីបានបញ្ជាក់ថា ក្រោយពីកូនច្បងប្រាប់ឲ្យទៅដេកនៅស្រែជននេះបានទៅបាត់ហើយ ។ ប៉ុន្តែនៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី ០១កក្កដា ស្រាប់តែជនដៃដល់រូបនេះលីកាំបិតផ្គាក់ត្រឡប់មកផ្ទះវិញ រួចកាប់ទៅលើប្រពន្ធដែលកំពុងដេកជាមួយកូនតូចនៅលើគ្រែក្រោមផ្ទះចំនួន០៤កាំបិត ។
លោកបានបន្ថែមថា ពេលនោះ បើកុំតែកូនប្រុសអាយុ១៨ឆ្នាំ ដែលដេកលើអង្រឹងក្បែរនោះស្ទុះជួយទាន់ ប្រហែលជាតិរិច្ឆានរូបនេះកាប់ប្រពន្ធស្លាប់បាត់ទៅហើយ ។ ក្រោយបង្កហឹង្សាដ៏ឃោរឃៅ ជននេះបានរត់គេចខ្លួនទាំងយប់ ។
លុះព្រឹកឡើងត្រូវអ្នកភូមិប្រទះឃើញស្ពាយបង្វិចដើរចេញពីភូមិ តែមិនដឹងទៅខាងណាទេ ព្រោះកម្លាំងរបស់លោកបានទទួលដំណឹងនេះ ហូសពេលទៅហើយ។ ប៉ុន្តែយ៉ាងណា ពេលនេះ កម្លាំងរបស់បានរាយការណ៏ទៅអធិការ ដើម្បីតាមស្វែងរកជនដៃដល់រូបនេះ៕
ចែករំលែកព័តមាននេះ