ប្រាសាទ ដាវីន លេចវត្តមានប្រជែងតំណែង Miss Universe Cambodia ២០២៤
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម្ចាស់ជ័យលាភី 4th Runner up Universal Woman International 2023…
រាជធានីភ្នំពេញ ៖ ម្ចាស់ជ័យលាភី 4th Runner up Universal Woman International 2023…
រាជធានីភ្នំពេញ ៖ ម្ចាស់ជ័យលាភី 4th Runner up Universal Woman International 2023 អ្នកនាងប្រាសាទ ដាវីន ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពចំនួន៥នាក់ ក្នុងការប្រកួតប្រជែង សម្រាប់តំណាងកម្ពុជាចូលរួមកម្មវិធី Miss Universe 2024 ដែលនឹងធ្វើការប្រកួតនាពេលខាងមុខនេះ ។
បើយោងតាមការបង្ហោះពីផេកផ្លូវការ Miss Universe Cambodia បានបង្ហាញបេក្ខនារីចំនួន៣នាក់ជាផ្លូវការ ដោយក្នុងចំណោម៥នាក់ផ្សេងទៀត ដែលនៅក្នុងនោះក៏មានវត្តមានរបស់នាង ប្រាសាទ ដាវីន ផងដែរ ។
ផេកខាងលើនេះក៏បានបញ្ជាក់ថា ឈានជើងដើរលើវិថីសិល្បៈតាំងពីអាយុ១៣ឆ្នាំ ប្រាសាទ ដាវីន បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យមួយនេះ ជាពិសេសការបង្ហាញម៉ូដ។ ពីមួយពេលទៅមួយពេល នាងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ រហូតធ្វើឲ្យខ្លួនក្លាយជាស្ត្រីដ៏រឹងមាំ និងមានឥទ្ធិពលម្នាក់ ទាំងក្នុងការងារសិល្បៈ ការងារផ្ទាល់ខ្លួន និងការងារសង្គម។ ជាតារាបង្ហាញម៉ូដ ជាអ្នកជំនួញ ជាអ្នកដឹកនាំកម្មវិធី ជាម្ដាយ ជាអ្នកធ្វើការស្ម័គ្រចិត្ត ជាទូតសុច្ឆន្ទៈ ។ល។
ប្រាសាទ ដាវីន គឺជាឧទាហរណ៍ជាក់ស្ដែងនៃពាក្យថា “ស្ត្រីអាចធ្វើបានគ្រប់យ៉ាង”។ យ៉ាងណាក៏ដោយ នៅមានរឿងមួយទៀតដែលសុភាពស្ត្រីរូបនេះប្រាប់ថាមិនទាន់បានសម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្កវាឡ!
ក្រោយការបញ្ចេញនូវព័ត៌មានខាងលើនេះអ្នកនាង ប្រាសាទ ដាវីន ក៏បានបង្ហោះសារតាមគណនេយ្យរបស់ខ្លួនថា នាងខ្ញុំសូមអរគុណមិត្តភក្តិ បងប្អូន បណ្តាអ្នកគាំទ្រទាំងអស់ដែលបានបង្ហាញសារគាំទ្រដល់រូបនាងខ្ញុំ។
នាងបញ្ជាក់ថា ពិតណាស់ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជានាឆ្នាំនេះ នាងខ្ញុំបានដាក់ការតាំងចិត្តខ្ពស់ និងធ្វើឲ្យបានល្អបំផុតដើម្បីមានឱកាសតំណាងឲ្យប្រទេសកម្ពុជារបស់យើង និងយកជ័យលាភីជូនបណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាដែរផងដែរ។ នាងខ្ញុំសង្ឃឹមថាបងប្អូននិងនៅតែបន្តការគាំទ្ររូបនាងខ្ញុំរហូតទៅ ហើយសារគាំទ្រល្អៗរបស់អ្នកទាំងអស់គ្នា គឺជាថាមពលវិជ្ជមានដ៏អស្ចារ្យរបស់ខ្ញុំ។
ជាការកត់សម្គាល់កន្លងមក ប្រាសាទ ដាវីន ធ្លាប់បានលើកឡើង ដោយនៅក្នុងនោះនាងក៏មិនបានបដិសេធចំពោះដំណឹងលេចឮ ថានាងនឹងចូលរួមប្រឡងបវរកញ្ញាជាថ្មីឡើយ ព្រោះវាពិតជាប្រធានបទដែលស្ថាប័នបានយកទៅជជែក និងពិចារណាយ៉ាងស្វិតស្វាញ ។
យ៉ាងណាបើតាម ប្រាសាទ ដាវីន ប្រសិនមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិម្តងទៀត ច្បាស់ណាស់អ្នកនាងនឹងពាំនាំធនធានរបស់កម្ពុជាទៅបង្ហាញឱ្យពិភពលោកបានឃើញ។ ជាក់ស្តែង អ្វីដែលខ្លួននាងមានបង្ហាញពីធនធានខ្មែរស្រាប់ហើយ តែយ៉ាងណាក៏ត្រូវការការរៀនសូត្រឱ្យស៊ីជម្រៅបន្ថែមទៀតជាមួយស្ថាប័ន និងក្រសួងពាក់ព័ន្ធនានា ឱ្យប្រាកដថា អ្នកនាងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញលើឆាកអន្តរជាតិ ។
នាងបញ្ជាក់ថា សិល្បៈវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចនៅតំបន់ឆ្ងាយ ភាគច្រើនត្រូវបានគេមើលរំលងច្រើន ដូច្នេះប្រសិនមានឱកាសយើងគួរគាស់កកាយធនធានទាំងនេះឡើងមក ក៏ដូចជាធនធានផ្សេងៗទៀត ដែលកម្ពុជាមានទៅបង្ហាញឱ្យពិភពលោកស្គាល់ពីភាពចំណាស់នៃទម្រង់សិល្បៈវប្បធម៌របស់ខ្មែរយើង។ ទោះជាយ៉ាងណានាងមិនហ៊ានសន្យាទេថា នាងនឹងធ្វើបានល្អកម្រិតណា ប៉ុន្តែនាងប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាព ប្រសិនបើមានឱកាសតំណាងកម្ពុជានៅលើឆាកអន្តរជាតិម្តងទៀតមែន។
គួរបញ្ជាក់ថា ប្រាសាទ ដាវីន មិនត្រឹមជាតារាម៉ូដែលល្បីឈ្មោះម្នាក់ប៉ុណ្ណោះទេ សព្វថ្ងៃ អ្នកនាងក៏ត្រូវបានគេស្គាល់ថា ជាស្ត្រីឆ្នើមក្នុងវិស័យប្រកួតប្រជែងសម្រស់ផងដែរ បន្ទាប់ពីនាងឈ្នះជ័យលាភី 4th Runner up Universal Woman International 2023 និងជាអ្នកទទួលបន្ទុកជាម្ចាស់ផ្ទះរៀបចំការប្រកួត Universal Woman International 2024 បានយ៉ាងល្អកាលពីពេលថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ