ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចសង្ឃនន្ទ ង៉ែត ៖ ១០០ឆ្នាំនៃការបម្រើព្រះធម៌

5 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ប្រមាណ​ជា​ជាង​៧​ម៉ឺន​អង្គ ដែល​កំពុង​តែ​គ្រង​ស្បង់​ចីពរ​នៅ​កម្ពុជា សង្ឃ​ដែល​អាច​ចាត់​ទុក​ថា ជា​អ្នកបួស​យូរ​ជាងគេ និង​មាន​អាយុ​វែង​ជាងគេ​ហើយ​បាន​បម្រើ​វិស័យ​ព្រះពុទ្ធ​សាសនា​ច្រើន​ជាងគេ នៅ​ពេល​នេះ​នៅ​កម្ពុជា អាច​និយាយ​បាន​ថា គឺ​សម្តេចព្រះ​មហា​សុមេធា ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ…

នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ប្រមាណ​ជា​ជាង​៧​ម៉ឺន​អង្គ ដែល​កំពុង​តែ​គ្រង​ស្បង់​ចីពរ​នៅ​កម្ពុជា សង្ឃ​ដែល​អាច​ចាត់​ទុក​ថា ជា​អ្នកបួស​យូរ​ជាងគេ និង​មាន​អាយុ​វែង​ជាងគេ​ហើយ​បាន​បម្រើ​វិស័យ​ព្រះពុទ្ធ​សាសនា​ច្រើន​ជាងគេ នៅ​ពេល​នេះ​នៅ​កម្ពុជា អាច​និយាយ​បាន​ថា គឺ​សម្តេចព្រះ​មហា​សុមេធា ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​មហាសង្ឃរាជ ស្តីទី​នៅ​កម្ពុជា ។

សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី​ប្រសូត​នៅ​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​១៩២៤ នៅ​ភូមិ​ត្រពាំង​វែង ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ ក្នុង​ត្រកូល​កសិករ ទ្រង់​ជា​បុត្រ​ទី​២ របស់​ឧបាសក ន​ន្ទ នុ​ត និង​ឧបាសិកា ម៉ឹង យឹ​ម ។ នៅ​ព្រះ​ជន្ម​១៧​ឆ្នាំ ទ្រង់​បាន​ទៅ​ស្នាក់​នៅ​សិក្សា​រៀនសូត្រ​ធម៌​វិន័យ និង​ព្រះ​ជន្ម​១៩​ឆ្នាំ ទ្រង់​បាន​ចូល​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះតេជព្រះគុណ ព្រំ មាស (​ឥន្ទ​ត្ថេ​រ​) ជា​ព្រះ​ឧបជ្ឈាយ៍ នៅ​វត្ត​ពោធិ៍ ឃុំ​ពោធិ៍​អង្គ្រង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ក៏​ក្លាយជា​ភិក្ខុភាវៈ​នៅ​ព្រះ​ជន្ម​២១​ឆ្នាំ ។

ក្រោយមក​នៅ​ដើម​ទសវត្សរ៍​១៩៥០ ទ្រង់​បាន​និមន្ត​ចេញពី​វត្ត​ពោធិ៍ ទៅ​តាម​បម្រើ​ព្រះតេជព្រះគុណ ព្រំ មាស ជា​ព្រះ​ឧបជ្ឈាយ៍​កាល​បួស​ជា​សាមរ​ណេ​រ ដែល​មាន​អាពាធ​ជា​ទម្ងន់ សម្រាក​ព្យាបាល​នៅ​សាលា​បុណ្យ​១​កន្លែង ស្ថិត​ក្នុង​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ពុទ្ធបរិស័ទ​ជ្រះថ្លា​បាន​រួបរួម​គ្នា​ស្ថាបនា​សាលា​បុណ្យ​នោះ ឱ្យទៅ​ជា​វត្ត​ថ្មី​មួយ​ឈ្មោះ​ថា វត្ត​អម្ពវ័ន ហៅ​វត្ត​ព្រៃ​ជួរ ។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្តិ​ធម៌ នៅ​វត្ត​អម្ពវ័ន រហូត​ប្រឡង​ជាប់​សញ្ញាបត្រ​ធម្ម​វិន័យ​ថ្នាក់​ត្រី​-​ទោ​-​ឯក និង​ធ្វើ​ជា​ព្រះ​អាចារ្យ​បង្រៀន​ធម្ម​វិន័យ ដល់​ភិក្ខុ​សាមណេរ​ក្នុង​វត្ត ។

ដល់​ឆ្នាំ​ឆ្នាំ​១៩៦៣-១៩៦៤ ទ្រង់​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បំពេញវិជ្ជា​ខាង​អក្សរសាស្ត្រ​ខ្មែរ​សម្រាប់​ធ្វើ​គ្រូបង្រៀន សាលា​វត្ត នៅ​វត្ត​ព្រះ​វិហារ​អណ្តែត ហៅ​វត្ត​ឈើទាល​ជ្រុំ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។ លុះ​បញ្ចប់​ការ​សិក្សា និង​បាន​ប្រឡង​ជាប់​ហើយ ទ្រង់​បាន​និមន្ត​ត្រឡប់​មក​គង់នៅ​វត្ត​អម្ពវ័ន ធ្វើ​ជា​គ្រូបង្រៀន​ដល់​ឆ្នាំ​១៩៧៥ ត្រូវ​ពួក​ខ្មែរក្រហម​បង្ខំ​ឱ្យ​លាចាក​សិក្ខាបទ ហើយ​បង្ខំ​ឲ្យ​យក​ភរិយា​តែ​ត្រូវ​ទ្រង់​បដិសេធ​ហើយ និង​រក្សា​បាន​នូវ​ព្រហ្មចរិយធម៌​ជា​ដរាប ។

ក្រោយ​ថ្ងៃ​រំដោះ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩ ទ្រង់​ត្រូវ​បាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ជ្រើសរើស​ជា​ឧបសម្បទាបេក្ខៈ​១​រូប ក្នុង​ចំណោម​៧​រូប ឱ្យ​ចូល​សាង​បំពេញ​ឧបសម្ប័ទ​ជា​ភិក្ខុភាវៈ​ជា​លើក​ទី​២ នៅ​វត្ត​ឧណ្ណាលោម និង​គង់នៅ​ទីនោះ​បាន​៧​ខែ ហើយ​ក៏​ក្លាយជា​ព្រះ​ចៅអធិការ​វត្ត​លង្កា ដល់​ឆ្នាំ​១៩៨៩ ។ បន្ទាប់​មក​ពី​ឆ្នាំ​១៩៨៩ មក​ដល់​បច្ចុប្បន្ន​ព្រះ​អង្គ​ក៏​និមន្ត​មក​ជា​ព្រះ​ចៅអធិការ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ហើយ​ដល់ ១៩៩១ ក៏​ក្លាយជា​ព្រះសង្ឃ​នាយករង​ទី​១ និង​សមណស័ក្តិ​ជា​ព្រះ​ពោធិវ័ង្ស ហើយ​នៅ​ឆ្នាំ​១៩៩២ ក៏​ទទួល​ព្រះ​ឋានៈ​ជា​សម្តេចព្រះ​ពោធិវ័ង្ស​នៃ​កម្ពុជា ។

នៅ​ឆ្នាំ​១៩៩៣ ទ្រង់​ក្លាយជា​ព្រះ​មេគណក្រុង​ភ្នំពេញ​ដល់​២០០៧ ។ សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត បាន​បម្រើ​វិស័យ​ពុទ្ធសាសនា នៅ​ក្នុង​តួនាទី​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០០៦​ក៏​ទទួល​ភារ​ជា​សម្តេចព្រះ​មហាសុមេធាធិបតី ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ក៏​ទទួលភារៈ​ជា​សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្តេចព្រះ​មហា​សុមេធា ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ក្រៅពី​បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​ជា​ច្រើន នៅ​ក្នុង​វិស័យ​ពុទ្ធចក្រ​នៅ​កម្ពុជា​ទ្រង់​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការ​ផ្សព្វផ្សាយ​ព្រះធម៌​នៅ​ជប៉ុន សហរដ្ឋអាមេរិក សិង្ហ​បុរី អូស្ត្រាលី ថៃ កូរ៉េ និង​មី​យ៉ា​ន់​ម៉ា​ជាដើម ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​ព្រះ​សុខភាព​របស់​សម្តេចព្រះ​មហា​សុមេធា ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ហាក់​ទ្រុឌទ្រោម ប៉ុន្តែ​ព្រះ​អង្គ​នៅ​តែ​មាន​ស្មា​តី​ជាប់​នឹង​ព្រះធម៌ ហើយ​សូ​ម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​អាពាធ​ជា​ទម្ងន់​លើក​ទី​១ គឺ​ជំងឺមហារីក​ក្រពះ​កម្រិត​ធ្ងន់​រហូត​ដល់​វះកាត់ នៅ​ក្នុង​ឆ្នាំ​២០១២ ក៏​ព្រះ​អង្គ​បាន​បន្ត​តស៊ូ​នឹង​ព្រះធម៌ ។

ក្រោយមក​ទៀត​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ទ្រង់មាន​ព្រះ​អាពាធ​ជា​ទម្ងន់​លើក​ទី​២ គឺ​ជំងឺ​ពិការ​ភាព​មួយ​ចំហៀង​ព្រះ​កាយ និង​បាន​យាង​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេល​កាល់​ម៉ែត្រ អស់​រយៈពេល​១៤​ថ្ងៃ ទ្រង់​បាន​យាង​ត្រឡប់​មក​កាន់​មហា​កុដិ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​វិញ និង​បន្ត​សោយ​ឱសថ​រហូត​មក​ដល់​សព្វថ្ងៃ ។

នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ ទ្រង់មាន​ព្រះ​អាពាធ​កូ​វី​ដ​-១៩ ជា​ទម្ងន់​លើក​ទី​៣ ដែល​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​តក់ស្លុត​បំផុត ព្រោះ​ទ្រង់​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​ពិការ​ភាព​មួយ​ចំហៀង​ព្រះ​កាយ និង​វ័យ​ជរា​ទ្រុឌទ្រោម​ផង ។ ទ្រង់​បាន​យាង​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​អស់​រយៈពេល​១៩​ថ្ងៃ ព្រះ​អាពាធ​ក៏​បានជា​សះស្បើយ​ឡើង​វិញ និង​បាន​យាង​ត្រឡប់​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​វិញ នៅ​ថ្ងៃ​២៥ ខែកក្កដា ឆ្នាំ​២០២១ ។

មក​ដល់​ពេល​នេះ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​ព្រះ​មហាថេរ​ចុង​ក្រោយ​បំផុត ក្នុង​ចំណោម​ព្រះ​មហាថេរ ៧​ព្រះ​អង្គ ដែល​ជា​ស្ថាបនិក​ព្រះពុទ្ធ​សាសនា​ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ១៩៧៩ និង​ជា​ព្រះ​មហាថេរ​ខាង​គណៈមហានិកាយ ដែល​មាន​ព្រះ​វស្សា​ផ្នួស​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពេញ​មួយ​ព្រះ​ជន្ម​ទ្រង់​បាន​កសាង​ប្រយោជន៍​យ៉ាងច្រើន​អនេក​សម្រាប់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ