ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សង្ស័យ​ថា​បុរស​ម្នាក់​ស្លា.ប់​នៅ​តំបន់​ព្រៃ​ភ្នំ​អាច​ជា​ស្នា​ដៃ​របស់​ខ្លា​ឃ្មុំ

3 ខែ មុន

ទី​ក្រុង​តូក្យូ៖ មាន​ករណី​សង្ស័យ​ថា​ខ្លា​ឃ្មុំ​ខាំ​សម្លាប់​បុរស​​ម្នាក់​វ័យ​៥៨​ឆ្នាំ​នៅ​​​ប្រទេស​ជប៉ុន​ភាគ​កណ្ដាល​។ ​​នៅ​លើ​ដង​ខ្លួន​​សាក​សព​​​មាន​ស្នាម​​ខាំ​ និង​ខ្វាច​​ដោយ​​ក្រចក​​ខ្លា​ឃ្មុំ​។ ​គេ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ជា​កម្ម​ករ​សំណង់​ឈ្មោះ​យ៉ាស៊ូហ៊ីរ៉ូ​ (Yasuhiro Kobayashi) ​​នៅ​ក្នុង​​តំបន់​ព្រៃ​ស្រោង​នៃ​ខេត្ត​ណាហ្កាណុ (Nagano) ​កាល​​ពី​ល្ងាច​ថ្ងៃ​សុក្រ​។…

ទី​ក្រុង​តូក្យូ៖ មាន​ករណី​សង្ស័យ​ថា​ខ្លា​ឃ្មុំ​ខាំ​សម្លាប់​បុរស​​ម្នាក់​វ័យ​៥៨​ឆ្នាំ​នៅ​​​ប្រទេស​ជប៉ុន​ភាគ​កណ្ដាល​។ ​​នៅ​លើ​ដង​ខ្លួន​​សាក​សព​​​មាន​ស្នាម​​ខាំ​ និង​ខ្វាច​​ដោយ​​ក្រចក​​ខ្លា​ឃ្មុំ​។ ​គេ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ជា​កម្ម​ករ​សំណង់​ឈ្មោះ​យ៉ាស៊ូហ៊ីរ៉ូ​ (Yasuhiro Kobayashi) ​​នៅ​ក្នុង​​តំបន់​ព្រៃ​ស្រោង​នៃ​ខេត្ត​ណាហ្កាណុ (Nagano) ​កាល​​ពី​ល្ងាច​ថ្ងៃ​សុក្រ​។ កាល​នោះ​​​អ្នក​​រួម​ការ​ងារ​ជា​មួយ​គ្នា​ចេះ​តែ​ចាំ​បាត់​ៗ​មិន​ព្រម​ឃើញ​គាត់​ត្រឡប់​មក​កន្លែង​ស្នាក់​នៅ​។​លុះ​ដើរ​រក​ចុះ​ឡើង​ៗ​ក៏​​ប្រ​ទះ​​​ឃើញ​​សព​របស់​គាត់​តែ​ម្ដង​។

​នៅ​លើ​ដង​ខ្លួន​សាក​សព​មាន​ស្នាម​របួស​នៅ​​​ផ្ទៃ​មុខ​ និង​ខ្នង​។ សមត្ថ​កិច្ច​​សង្ស័យ​ថា​អាច​ជា​ករណី​ខ្លាឃ្មុំ​ខាំ​។ ដូច្នេះ សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​ករណី​នេះ​ជា​បន្ត​ទៀត​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ពិត​ជា​ខ្លា​ឃ្មុំ​ខាំ​​​មែន​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ទូរ​ទស្សន៍​អឹន​អេច​ខេ (NHK)។ ​សារ​ព័ត៌​មាន​ជប៉ុន​ឈ្មោះ​អាសា​ហ៊ិ​ ស៊ីមប៊ុន (Asahi Shimbun) ផ្សាយ​ថា​​គិត​តែ​នៅ​ក្នុង​ខែ​មិថុនា​នេះ​​១​ប៉ុណ្ណោះ​​ ហើយគិត​​​តែ​​នៅ​ក្នុង​ខេត្ត​ណាហ្កា​ណុ​១​​ប៉ុណ្ណោះ​មាន​ករណី​ខ្លា​ឃ្មុំ​ខាំ​មនុស្ស​៤​នាក់​​បណ្ដាល​ឱ្យ​របួស​។

​ហេតុ​នេះ​ ​​អាជ្ញាធរ​មូល​ដ្ឋាន​ចេញ​សេច​ក្ដី​ណែ​នាំ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ចំពោះ​ខ្លា​ឃ្មុំ​សម្បុរ​ខ្មៅ​។ អាជ្ញាធរ​អំពា​វនាវ​ឱ្យ​អ្នក​ស្រុក​កុំ​ដើរ​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​​ភ្នំ​ចាប់​ពី​ពេល​ព្រឹក​ព្រហាម​រហូត​ដល់​ពេល​ថ្ងៃ​អស្ដង្គត​ព្រោះ​ចន្លោះ​ពេល​ហ្នឹង​ខ្លា​ឃ្មុំ​​​ធ្វើ​សកម្ម​ភាព​ដើរ​រាត​ត្បាត​នៅ​ក្នុង​ព្រៃ​ដើម្បី​ស្វែង​រក​ចំណី​។ ​​នៅ​ខេត្ត​ណាហ្កា​ណុ​រយៈ​ពេល​១២​ខែ​​គិត​ចាប់​ពី​ខែ​មីនា​ ឆ្នាំ​២០២៤​រាប់​​ថយ​ក្រោយ​វិញ អាជ្ញាធរ​​រក​ឃើញ​ថា​​​ខ្លា​ឃ្មុំ​ខាំ​មនុស្ស​២១០​ករណី​ ហើយ​សម្លាប់​មនុស្ស​៦​នាក់​​។

​កាល​ពី​ឆ្នាំ​២០២៣​ ទូរ​ទស្សន៍​ស៊ី​អឹន​អឹន (CNN)​​ដក​ស្រង់​​ប្រភព​ពី​អ្នក​ជំនាញ​ថា «​​សត្វ​ខ្លា​ឃ្មុំ​​​ជប៉ុន​ចាប់​ផ្ដើម​សម្រុក​ចាក​ចេញ​ពី​ទី​កន្លែង​រស់​នៅ​តាម​បែប​ធម្ម​ជាតិ​របស់​ពួក​វា​នៅ​ក្នុង​ព្រៃ​ ហើយ​​ចូល​​​រាត​ត្បាត​នៅ​ក្នុងភូមិ​ស្រុក​​ដើម្បី​​ស្វែង​រក​ចំណី​។ គេ​គិត​ថា​សកម្ម​ភាព​ប្រែ​ប្រួល​នេះ​អាច​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​ធ្វើ​ឱ្យ​​រុក្ខ​ជាតិ​ប្រភេទ​ផ្កា​ និង​ទឹក​ដម​ផ្កា​ដែល​ជា​ចំណី​អាហារ​​សំខាន់​របស់​ពួកវា​ជា​ប្រពៃណី​តាំង​ពី​ដើម​​រៀង​មក​វា​បែរ​ជា​លែង​សម្បូរ​ និង​មាន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ពួក​វា​ដូច​កាល​ពី​មុន​។ ម៉្លោះ​ហើយ​មាន​តែ​ពឹង​ពាក់​ទៅ​លើ​ចំណី​អាហារ​ដែល​អាច​នឹង​មាន​នៅ​ក្នុង​ភូមិ​ស្រុក​របស់​មនុស្ស​​»។

ចំណុច​មួយ​ទៀត​ ​​​ប្រទេស​​សម្បូរ​មនុស្ស​ចាស់​​ច្រើន​​ជាង​គេ​​​នៅ​លើ​ពិភព​លោក​។ រីឯ​​ក្មេង​ៗ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ពី​ទី​ជន​បទ​ទៅ​ទី​ក្រុង​ធំ​ៗ​ដើម្បី​​ស្វែង​រក​ការ​ងារ​ធ្វើ​។ ​ដីស្រែ​-​ចម្ការ​ត្រូវ​ទុក​ចោល​គ្មាន​នរណា​ថែ​ទាំ ឬ​មើលកា​រខុស​ត្រូវ​ទេ​។ ហេតុ​នេះ​ធ្វើ​ឱ្យ​សត្វ​ព្រៃ​ចាប់​ផ្ដើម​ចូល​រាត​ត្បាត​។ ​ជា​ដំណោះ​ស្រាយ​ អាជ្ញាធរ​សំណូម​ពរ​ឱ្យ​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ចូល​តំបន់​ព្រៃ​ភ្នំ​យក​ល្អ​ដើរ​ជា​ក្រុម​ ហើយ​ត្រូវ​មាន​របស់​ដាក់​ជាប់​នឹង​ខ្លួន​ដើម្បី​​បង្កើត​ជា​សំឡេង​​បំភិត​បំភ័យ​ខ្លា​ឃ្មុំ​កុំ​ឱ្យ​មក​ក្បែរ​យើង​។ ​ឧទាហរណ៍​ដូច​ជា​យើង​អាច​​ប្រើ​កញ្ចែ កណ្ដឹង ឬ​​ស្នែង​។ អ្នក​ខ្លះ​ប្រើ​ម្សៅ​ម្រេច​បាញ់​ដាក់​មុខ​ខ្លា​ឃ្មុំ​​ដើម្បី​ឱ្យ​វា​ឈ្លក់​ លែង​ហ៊ាន​មក​ជិត​​​។

ខ្លា​ឃ្មុំ​ភាគ​ច្រើន​​វាយ​ប្រហារ​​នៅ​អំឡុង​ខែ​​​មេសា​នៅ​ពេល​ពួក​វា​​ងើប​ពី​ដេក​ ហើយ​សកម្ម​ក្នុង​ការ​​ស្វែង​រក​ចំណី​។ ចប់​អំឡុង​ពេល​នេះ​ទៅ​រហូត​ដល់​ខែ​កញ្ញា និង​តុលា​ ពួក​វា​ចាប់​ផ្ដើម​រក​ចំណី​​ម្ដង​ទៀត​​ដើម្បី​ស្តុក​ទុក​សារ​ធាតុ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​វា​ឱ្យ​បាន​ច្រើន​ទប់​ទល់​នឹង​អាកាស​ធាតុ​​ត្រជាក់​នៅខែ​រងា​។ ដូច្នេះ ការ​និយាយ​ថា​ខ្លា​ឃ្មុំ​ស៊ី​តែ​ឃ្មុំ​នោះ​​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​​ប៉ុណ្ណោះ​។

ខ្លា​ឃ្មុំ​អាច​នឹង​ស៊ី​ឃ្មុំ​ ប៉ុន្តែ​ឃ្មុំ​មិន​គ្រប់​គ្រាន់​ទេ​។ មួយ​តំបន់​ព្រៃ​អាច​មាន​ឃ្មុំ​ត្រឹម​ដប់​ម្ភៃ​សម្បុក​ប៉ុណ្ណោះ ដូច្នេះ មិន​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​ខ្លា​ឃ្មុំ​បាន​ទេ​។ ពួក​វា​ត្រូវ​ស៊ី​ផ្លែ​ឈើ​ ឬ​បន្លែ​ថែម​ទៀត​​ទើប​អាច​គ្រប់​គ្រាន់​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​។

នៅ​ក្នុង​ស្ថាន​ភាព​ដែល​ខ្លា​ឃ្មុំ​សម្លាប់​​មនុស្ស​កាន់​តែ​ញឹក​ញាប់​ និង​កាន់​តែ​ច្រើន​ដូច្នេះ​​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤ ក្រុម​ការ​​ងារ​​ដែល​ចាត់​តាំង​ដោយ​ក្រសួង​បរិស្ថាន​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រៀប​ចំ​កែ​សម្រួល​ច្បាប់​ស្ដី​ពី​ការ​បរ​បាញ់​សត្វ​ឡើង​វិញ​។ ពួក​គេ​ចង់​ធ្វើ​ម៉េច​ឱ្យ​ច្បាប់​អនុញ្ញាត​ឱ្យ​មនុស្ស​មាន​សិទ្ធិ​ប្រើ​ប្រាស់​កាំ​ភ្លើង​ដើម្បី​បាញ់​​ខ្លា​ឃ្មុំ។ មិន​មែន​កាំ​ភ្លើង​បាញ់​ដល់​ស្លាប់​ទេ​។

ពួកគេ​ចង់​ស្នើ​សុំ​ប្រើ​កាំ​ភ្លើង​មាន​បង្កប់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ម្ជុល​ដើម្បី​បាញ់​​ឱ្យ​ខ្លា​ឃ្មុំ​សន្លប់​ធំ​បើ​សិន​វា​ហ៊ាន​​រាត​ត្បាត​ដល់​ភូមិ​ស្រុក​របស់​មនុស្ស​។ ​​នៅ​តំបន់​ខ្លះ​គេ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិត​អេ​អាយ (AI) ​បំពាក់​នៅ​​កាមេរ៉ា​​សុវត្ថិ​ភាព​​ដើម្បី​កំណត់​មុខ​សញ្ញា​ភ្លាម​ៗ​នៅ​ពេល​មាន​ខ្លា​ឃ្មុំ​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​ណា​មួយ​។ បន្ទាប់​មក​ គេ​អាច​រាយ​ការណ៍​ទៅ​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ