ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ជិត​មាន​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ហើយ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រុស្ស៊ី

4 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ ទី​ភ្នាក់​ងារ​ព័ត៌​មាន​របស់​រុស្ស៊ី​អ័រ​អាយ​អេ (RIA) លើក​ឡើង​ថា​កាល​ពី​ពេល​លោក​ពូទីន​ទៅ​បំពេញ​ទស្ស​ន​កិច្ច​នៅ​ប្រទេស​វៀតណាម​ លោក​បាន​សន្យា​ថា​នឹង​សាង​សង់​រោង​ចក្រ​​អគ្គិស​នី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ឱ្យ​វៀតណាម​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​លី​កា​ឆេវ​ (Alexey Likhachev) ជា​ប្រធាន​​ក្រុម​ហ៊ុន​ផលិត​ថាម​ពល​នុយ​​ក្លេអ៊ែរ​ឈ្មោះ​រ៉ូសាទុំ…

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ ទី​ភ្នាក់​ងារ​ព័ត៌​មាន​របស់​រុស្ស៊ី​អ័រ​អាយ​អេ (RIA) លើក​ឡើង​ថា​កាល​ពី​ពេល​លោក​ពូទីន​ទៅ​បំពេញ​ទស្ស​ន​កិច្ច​នៅ​ប្រទេស​វៀតណាម​ លោក​បាន​សន្យា​ថា​នឹង​សាង​សង់​រោង​ចក្រ​​អគ្គិស​នី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ឱ្យ​វៀតណាម​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​លី​កា​ឆេវ​ (Alexey Likhachev) ជា​ប្រធាន​​ក្រុម​ហ៊ុន​ផលិត​ថាម​ពល​នុយ​​ក្លេអ៊ែរ​ឈ្មោះ​រ៉ូសាទុំ (Rosatom)។ សេចក្ដី​បញ្ជាក់​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​។

លោក​លីកាឆេវ (Alexey Likhachev) ​ប្រធាន​ក្រុម​ហ៊ុន​រ៉ូសាទុំ​ដែល​ត្រៀម​សិក្សា​អំពី​គម្រោង​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​វៀតណាម

ដូច្នេះ ច្បាស់​ហើយ​ថា​វៀតណាម​នឹង​មាន​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នា​ពេល​អនា​គត​។ តម្លៃ​អគ្គិសនី​សង្ឃឹម​ថា​នឹង​ចុះថោក​ខ្លាំង​មែន​ទែន​។ មូល​ហេតុ​ដោយ​សារ​រោង​ចក្រ​នុយ​ក្លេអ៊ែរ​អាច​ផលិត​​អគ្គិសនី​បាន​ច្រើន។ ម៉ាស៊ីន​ប្រតិ​កម្ម​នុយ​ក្លេអ៊ែរ​តែ​១​គ្រឿង​អាច​ផលិត​បាន​​១​ពាន់​​មេហ្កាវ៉ាត់​​​។ រោង​ចក្រ​ខ្លះ​ខ្នាត​ធំ​អាច​ប្រើ​ម៉ាស៊ីន​ប្រតិ​កម្ម​លើស​ពី​១​គ្រឿង​។ ប៉ុន្តែ​រោង​ចក្រ​នេះ​ក៏​មិន​មែន​​ថោក​ប៉ុន្មាន​​នោះ​ទេ​​។ បើ​តាម​ការ​ប៉ាន់​​ស្មាន​តម្លៃ​របស់​​គណៈ​កម្ម​ការ​គ្រប់​គ្រង​ថាម​ពល​របស់​អាមេរិក​ អ៊ីអាយ​អេ​ (EIA) រោង​ចក្រ​នុយ​ក្លេអ៊ែរ​ដែល​អាច​​ផលិត​អគ្គិសនី​​បាន​មួយ​ពាន់​មេហ្កាវ៉ាត់​ត្រូវ​ចំណាយ​ថវិកា​សាង​សង់​ប្រហែល​៥៣០០​លាន​​ដុល្លារ​។

លោក​លូកាឆេវ​ដែល​បាន​​​អម​ដំណើរ​លោ​កពូទីន​ទៅវៀតណាម​ដែរ​នោះ​ លោក​ថ្លែង​ថា​លោក​ជា​អ្នក​​និយាយ​ដោយ​ផ្ទាល់​មាត់​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ផាំ​មិញជិញ ​ថា​រុស្ស៊ី​ត្រៀម​ខ្លួន​​​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ឱ្យ​វៀតណាម​។ លោក​ថា​រុស្ស៊ី​បាន​បង្កើត​ជម្រើស​ជា​ច្រើន​សម្រាប់​ឱ្យ​វៀតណាម​ជ្រើស​រើស​ទៅ​តាម​ការ​ពេញ​ចិត្ត​។ ​​​វៀតណាម​​អាច​​កុម្ម៉ង់​ឱ្យ​រុស្ស៊ី​​សាង​សង់​រោង​ចក្រ​ខ្នាត​តូច​ ខ្នាត​ធំ​​ ឬ​ខ្នាត​យក្ស​​​ រុស្ស៊ី​អាច​​​បំពេញ​បាន​តាម​សំណូម​ពរ​​ទាំង​អស់​​។​​ រឹត​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ រ៉ូសាទុំ​មាន​សមត្ថ​ភាព​ខ្ពស់​​រហូត​ដល់​សាង​សង់​រោង​ចក្រ​នៅ​លើ​ដី​ក៏​បាន​ សាង​សង់​បណ្ដែត​នៅ​លើ​​ផ្ទៃ​ទឹក​ក៏​បាន​។

កិច្ច​ជំនួប​រវាង​ប្រធាន​ក្រុម​ហ៊ុន​រ៉ូសាទុំ​របស់​រុស្ស៊ី និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​

ដូច្នេះ​ហើយ​មិន​ខុស​ពី​អ្នក​វិភាគ​បាន​លើក​ឡើង​នោះទេ​ វៀតណាម​លើក​នេះ​អាច​​​សង្ឃឹម​​ថា​នឹង​ទទួ​លបាន​ផល​ប្រយោជន៍​ជា​ច្រើន​​​ពី​ប្រទេស​រុស្ស៊ី​​។​ បើ​មិន​ដូច្នេះ​ទេ​ វៀតណាម​មិន​មែន​បង្ហាញ​ការ​​​ងាក​ចេញ​ពី​អាមេរិក​​​ ដើម្បី​ទៅ​ចាប់​ដៃ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ចាស់​​របស់​ខ្លួន​​​។​ រហូត​មក​ដល់​ពេល​នេះ វៀតណាម​មិន​ទាន់​មាន​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ឡើយ​ទេ​​។ កាល​ពី​មុននេះ​​វៀត​ណាម​​​ធ្លាប់​មាន​ផែន​ការ​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​​ចំនួន​២​ផង​ដែរ​​។ ប៉ុន្តែ​ក្រោយ​មក​ក៏​ផ្អាក​ផែន​ការ​នេះ​ទៅ​វិញ​កាល​ពី​ឆ្នាំ​២០១៦​។ ពោល​គឺ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​រលក​យក្ស​ស៊ូណាមី និង​​​ឆេះ​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ហ៊្វូគូស៊ីម៉ា ​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​២០១១​។ ម៉្យាង​ទៀត​ ការ​ផ្អាក​នេះក៏​ពាក់​ព័ន្ធ​នឹង​ការ​សាញ​រឿង​តម្លៃ​ផង​ដែរ​​ដោយ​សារ​​ថវិកា​ជាតិ​មាន​កំណត់​។

​លើក​នេះ​អាច​និយាយ​​បាន​ថា​ក្រុម​ហ៊ុន​របស់​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​សាង​សង់​ដោយ​មិន​បង្ខំ​យក​លុយ​ទាំង​ដុំ​ៗ​ពី​វៀតណាម​ភ្លា​ម​ៗ​ទេ​។ ប្រហែល​ជា​អាច​ដោះ​ដូរ​គ្នា​ជា​ទំនិញ​អ្វី​ផ្សេង​ដែល​ទូទាត់​ស្មើ​នឹង​តម្លៃ​សាង​សង់​។ ឧទាហរណ៍ អាច​ដោះ​ដូរ​យក​ជា​រ៉ែ​ ជា​ប្រេង​ឆៅ ឬ​ជា​ឧស្ម័​ន​របស់​វៀតណាម​។ ប៉ុន្តែ​លើក​ហ្នឹង​ច្បាស់​ហើយ​​ថា​រុស្ស៊ី​នឹង​ដាក់​ជើង​មក​ទិស​ខាង​កើត​ដើម្បី​ប្រឡូក​ក្នុ​ង​ទ្វីប​អាស៊ី និង​ប៉ាស៊ីហ្វិច,​​ សមុទ្រ​ចិន​ខាង​ត្បូង​ក៏​រុស្ស៊ី​នឹង​ចូល​លុក​លុយ​ដែរ​ដើម្បី​ចម្រាញ់​ប្រេង​ រ៉ែ និង​ឧស្ម័ន​របស់​វៀតណាម​។

គេ​​នៅ​ចាំ​បាន​ថា​​​កាល​ពី​មុន​​ទស្សន​កិច្ច​របស់​លោក​ពូទីន​​ដែល​គេ​​មិន​នឹក​ស្មាន​ដល់​ពី​ជម្រៅ​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​បក្ស​កុម្មុយ​និស្ត​វៀតណាម​ដែល​ផ្លាស់​ប្ដូរ​មាគ៌ា​នយោបាយ​១៨០​អង្សា​នោះ​, ពួក​អឺរ៉ុប​ និង​អាមេរិក​ក៏​ធ្លាប់​ស្រក់​ទឹក​មាត់​មិន​​ស្ទើរ​ទេ​ចំពោះ​លោហ​ធាតុ​កម្រ​របស់​វៀតណាម (rare earth)​ ដែល​គេ​គិត​ថា​មាន​មិន​ក្រោម​២០​លាន​តោន​ទេ​នៅ​ក្នុង​ដី​។ លោហ​ធាតុ​នេះ​អាច​ចាត់​ទុក​ជា​សន្លឹក​បៀរ​អាត់​របស់​វៀតណាម​ព្រោះ​នៅ​លើ​ពិភព​លោក​នេះ​កាល​ពី​មុន​​ គេ​ដឹង​ថា​មាន​តែ​ប្រទេស​ចិន​១​គត់​ដែល​មាន​លោហ​ធាតុ​នេះ​រហូត​ដល់​ជាង​៩០%​នៃ​ពិភព​លោក​។ លោហ​ធាតុ​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​ផលិត​គ្រឿង​អេឡិច​ត្រូនិច​ដូច​ជា​​ស្មាតហ្វូន​ កុំ​ព្យូទ័រ​ និង​រថ​យន្ត​អគ្គិសនី​។

ឥឡូវ​នេះ លាភ​ធំ​ប្រហែល​ជា​រសាត់​ពី​ដៃ​របស់​បស្ចិម​ប្រទេស​​​ហើយ​ ហើយ​​អាច​ត្រូវ​ប៉ាន់​ប្រទេស​​រុស្ស៊ី​វិញម្ដង​។ ​ប្រធាន​ក្រុម​ហ៊ុន​រ៉ូសាទុំ​របស់​រុស្ស៊ី លោក​លី​កាឆេវ​ រំលឹក​ថាមុន​ពេល​​វៀតណាម​សម្រេច​លុប​ចោល​គម្រោង​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​​កាល​ពី​ឆ្នាំ​២០១៦​នោះ ក្រុម​ហ៊ុនរបស់​លោក​​មាន​ផែន​ការ​សាង​សង់​រោង​ចក្រ​នុយ​​ក្លេអ៊ែរ​ខ្នាត​ធំ​ឱ្យ​វៀតណាម​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រតិ​កម្ម​នុយ​​ក្លេអ៊ែរ​ (reactor) ដ៏​ទំនើប​​ចុង​ក្រោយ​​របស់​រុស្ស៊ី។

គួរ​កត់​សម្គាល់​ថា​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ពូទីន​លើក​នេះ​ ប្រទេស​ទាំង​២​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​។ ក្នុង​នោះ​មាន​កិច្ច​ព្រម​ព្រៀង​សំខាន់​១​ពាក់​ព័ន្ធ​នឹង​ការ​សហ​ការ​ខាង​​ថាម​ពល​។ ​ចំណុច​នេះ​ក៏​ជា​ការ​រំលេច​ឱ្យ​ឃើញ​​មូល​ហេតុ​សំខាន់​១​នៃ​នយោបាយ «​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ ឬ​ដំណើរ​ឆ្ពោះ​ទៅ​ទ្វីប​អាស៊ី» (Pivot to Asia)។ រុស្ស៊ី​ត្រូវ​ការ​កែ​សម្រួល​ទិស​ដៅ​នយោបាយ​របស់​ខ្លួន​បន្ទាប់​ពី​ខ្លួន​​​ទទួល​រង​ទណ្ឌ​កម្ម​ខ្លាំង​ពី​​ក្រុម​បស្ចិម​ប្រទេស​ដោយ​សារ​ការ​ចូល​លុក​លុយ​​ប្រទេស​អ៊ុយ​​ក្រែន​។

ម៉្យាង​ទៀត​ នេះ​ក៏​អាច​ជា​ការ​ចាប់​យកឱកាស។ ​នៅ​ពេល​ដែល​ក្រុម​បស្ចិម​ប្រទេស​កំពុង​វីរ​វក់​ ឬ​ជាប់​ដៃ​ខ្លាំង​នៅ​ក្នុង​បញ្ហា​អ៊ីស្រាអែល​ និង​បញ្ហា​អ៊ុយ​ក្រែន ហើយ​ហាក់​ដូច​ជា​រយាល​ដៃ​បន្តិច​ពី​ទ្វីប​អាស៊ី​, រុស្ស៊ី​ក៏​​បង្វែរ​មុខ​ព្រួញ​មក​ទ្វីប​អាស៊ី​វិញ​ម្ដង​។ ​​សូម​បញ្ជាក់​ថា​​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ន័យ​​នេះ​មិន​មែន​សំដៅ​លើ​រោង​ចក្រ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​។ ប៉ុន្តែ​ជា​រោង​ចក្រ​ផលិត​អគ្គិស​នី​ដោយ​ប្រើ​ប្រាស់​ថាម​ពល​នុយ​​ក្លេអ៊ែរ ឬ​ថាម​ពល​វិទ្យុ​សកម្ម​។ រោង​ចក្រ​នេះ​ត្រូវ​ប្រើ​ប្រាស់​ឧប​ករណ៍ម៉្យាង​ហៅ​ថា​ម៉ាស៊ីន​ប្រតិ​កម្ម​នុយ​ក្លេអ៊ែរ​ (nuclear reactor) ដើម្បី​បម្លែង​សារ​ធាតុ​វិទ្យុ​ស​កម្ម​កម្រិត​ស្រាល​ទៅ​ជា​ថាម​ពល​អគ្គិស​នី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ