ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីសម្លឹងឃើញថាខ្លួនចាំបាច់ណាស់ត្រូវតែជជែកគ្នាជាមួយប្រទេសអាមេរិកជុំវិញបញ្ហាសន្តិសុខជាតិ។ ប៉ុន្តែអាមេរិកត្រូវតែនិយាយឱ្យបានហ្មត់ចត់ស៊ីជម្រៅចេញជាសាច់ការ ហើយត្រូវតែយកបញ្ហាអ៊ុយក្រែនមកនិយាយដែរ។ នេះបើយោងតាមអ្វីដែលវិមានក្រឹមឡាំងបង្ហើបឱ្យដឹង។ អ្នកនាំពាក្យរុស្ស៊ីយល់ថាគេមិនត្រូវកាត់ច្រៀកប្រធានបទដែលត្រូវជជែកគ្នាជាកង់ៗទេព្រោះបញ្ហាទាំងអស់ត្រូវនៅជាសំណុំ ហើយមានលក្ខណៈប្រទាក់ក្រឡាគ្នាដូចសម្លកំពិស។
មានន័យថាគេមិនអាចមើលដើមឈើមួយដើមៗបានឡើយ គេត្រូវតែមើលព្រៃទាំងមូល។ អ្នកនាំពាក្យវិមានក្រឹមឡាំងសូមបញ្ជាក់ថារុស្ស៊ីមិនទទួលយកទេបើគេបំបែកប្រធានបទដាច់ដោយឡែកៗពីគ្នា។ អ្នកនាំពាក្យរូបនេះថ្លែងថាយើងត្រៀមខ្លួនសន្ទនាគ្នាជានិច្ច។ ប៉ុន្តែប្រធានបទដែលត្រូវជជែកគ្នាត្រូវតែក្ដោបលើគ្រប់វិស័យរួមទាំងបញ្ហាបច្ចុប្បន្នភាពពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែនដែលអូសទាញអាមេរិកឱ្យចូលទៅក្នុងសង្គ្រាមនេះដែរ។
ប្រទេសអាមេរិកច្រានចោលការលើកឡើងរបស់រុស្ស៊ីដែលនិយាយថា «នៅពេលអាមេរិកផ្ដល់អាវុធទៅឱ្យអ៊ុយក្រែនមានន័យថាអាមេរិកប្រឡូកនៅក្នុងសង្គ្រាមនេះដោយផ្ទាល់ដើម្បីមានជ័យជម្នះលើរុស្ស៊ី។ អាមេរិកថ្លែងថារាល់ការចរចាគ្នាណាមួយដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនគឺនិយាយតែនៅក្នុងក្របខណ្ឌអ៊ុយក្រែនតែប៉ុណ្ណោះ។ ចង់មានន័យថាមិនត្រូវធ្វើអន្តរជាតូបនីយកម្មលើបញ្ហាអ៊ុយក្រែនជាដាច់ខាត។
តាមពិត បើគេមើលជំហររបស់រុស្ស៊ីតាមអ្វីដែលអ្នកនាំពាក្យរុស្ស៊ីបានលើកឡើងនោះគឺគ្មានអ្វីថ្មីទេ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះអះអាងបញ្ហាចេះតែកើតមានបន្តបន្ទាប់គ្នាជាហូរហែ។ ដូច្នេះនៅពេលសន្សំចូលគ្នាម្ដងបន្តិចៗទៅវាទៅជាច្រើនគរលើគ្នា។ បញ្ហាពាក់ព័ន្ធនឹងសន្តិសុខសាកលក៏មានច្រើនផងដែរ។ នៅក្នុងក្រសែភ្នែករបស់ទីក្រុងវ៉ាស៊ីនតោន គឺលោកពូទីនតែម្នាក់ឯងប៉ុណ្ណោះដែលបង្កើតបញ្ហាតែខ្លួនឯង ហើយបបួលគេចរចា។ លោកជាអ្នកបង្កើតបញ្ហាកាន់តែច្រើនឡើងៗពាក់ព័ន្ធនឹងសន្តិសុខជាតិ។
ឧទាហរណ៍ នៅសប្ដាហ៍នេះ លោកទៅកូរ៉េខាងជើង ហើយបង្កើតកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករវាងម៉ូស្គូ និងព្យុងយ៉ាង។ លោកថែមទាំងប្រកាសពីគម្រោងផ្ដល់អាវុធយុទ្ធភ័ណ្ឌទៅឱ្យកូរ៉េខាងជើងដើម្បីបាញ់ទៅប្រទេសលោកខាងលិច។ ពោលគឺរុស្ស៊ីចង់ធ្វើឱ្យដូចអ្វីដែលបស្ចិមប្រទេសបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយបាញ់ចូលទឹកដីរុស្ស៊ីដូច្នោះដែរ។ កាលពីថ្ងៃសុក្រ លោកពូទីនបញ្ជាក់ថារុស្ស៊ីអាចនឹងពិនិត្យមើលឡើងវិញទៅលើគោលនយោបាយស្ដីពីអាវុធនុយក្លេអ៊ែរ។
ឥឡូវនេះ យន្តការទប់បង្ហៀរមិនឱ្យប្រទេសមហាអំណាចទាំង២នេះធ្វើអ្វីផ្ដេសផ្ដាសពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនៅសល់តែសន្ធិសញ្ញាមួយគត់។ សន្ធិសញ្ញានេះក៏ត្រូវអស់សុពលភាពត្រឹមឆ្នាំ២០២៦ទៅទៀត។ សន្ធិសញ្ញានេះដាក់កំហិតលើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬនុយក្លេអ៊ែរខ្នាតយក្សរបស់មហាអំណាចទាំង២។ ដូច្នេះ បើអត់ពីសន្ធិសញ្ញានេះទៀត ប្រទេសទាំង២អាចនឹងជិះសេះលែងដៃហើយ។ លើកលែងតែមានសន្ធិសញ្ញាថ្មី ឬបន្តសុពលភាពសន្ធិសញ្ញាដែលមានស្រាប់៕
ចែករំលែកព័តមាននេះ