ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ស្វាគមន៍​លោក​ពូទីន​យ៉ាង​កក់​ក្ដៅ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ

5 ខែ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ លោក​ពូទីន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ហើយ​ទាំង​​ព្រឹក​ព្រលឹម​អុរ​តែ​ម្ដង​ព្រោះ​រយៈ​ពេល​កាន់​អំណាច​២៤​ឆ្នាំ​ហើយ​ទើប​តែ​​ពេល​​នេះ​ទេ​ដែល​លោក​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​សម្ព័ន្ធ​មិត្ត​មួយ​នេះ​។ ​លោក​សន្យា​ថា​នឹង​ខិត​ខំ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជ​កម្ម និង​សន្តិ​សុខ​ជាតិ​ជា​មួយ​ប្រទេស​ដែល​មាន​អាវុធ​នុយ​ក្លេអ៊ែរ​មួយ​នេះ​។ លោក​ពូទីន​ក៏​ស​ន្យា​ផង​ដែរ​ថា​នឹង​ឈរ​នៅ​ពី​ក្រោយ​កូរ៉េ​ខាង​ជើង​ជា​និច្ច​នៅ​ក្នុង​បុព្វ​ហេតុ​ប្រឆាំង​នឹង​ប្រទេស​អាមេរិក​។ គេ​មិ​ន​ដឹង​ថាតើ​នេះ​ជា​ការ​ព្យាយាម​ចាប់​កូរ៉េ​ខាង​ជើង​ធ្វើ​ជា​កូន​អុក​របស់​លោក​ដើម្បី​ប្រជល់​ជា​មួយ​មហា​អំណាច​អាមេរិក​ ឬ​ក៏​លោក​ខិត​ខំ​ជួយ​ទំនុក​បម្រុង​កូរ៉េ​ខាង​ជើង​ដោយ​សុទ្ធ​ចិត្ត​នោះ​ទេ​។​ ប៉ុន្តែ​ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ទាំង​២​កំពុង​ជិះ​នៅ​លើ​ទូក​តែ​​មួយ​​​​​នៅ​ក្នុង​ការ​​ឈរ​ត​​ទល់​នឹង​ប្រទេស​​អាមេរិក ហើយ​ក៏​កំពុង​​ទទួល​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​អាមេរិក​ដូច​គ្នា​​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រុស្ស៊ី​បង្ហាញ​លោក​ពូទីន…

ទី​ក្រុង​ព្យុង​យ៉ាង​៖ លោក​ពូទីន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ហើយ​ទាំង​​ព្រឹក​ព្រលឹម​អុរ​តែ​ម្ដង​ព្រោះ​រយៈ​ពេល​កាន់​អំណាច​២៤​ឆ្នាំ​ហើយ​ទើប​តែ​​ពេល​​នេះ​ទេ​ដែល​លោក​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​សម្ព័ន្ធ​មិត្ត​មួយ​នេះ​។ ​លោក​សន្យា​ថា​នឹង​ខិត​ខំ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជ​កម្ម និង​សន្តិ​សុខ​ជាតិ​ជា​មួយ​ប្រទេស​ដែល​មាន​អាវុធ​នុយ​ក្លេអ៊ែរ​មួយ​នេះ​។ លោក​ពូទីន​ក៏​ស​ន្យា​ផង​ដែរ​ថា​នឹង​ឈរ​នៅ​ពី​ក្រោយ​កូរ៉េ​ខាង​ជើង​ជា​និច្ច​នៅ​ក្នុង​បុព្វ​ហេតុ​ប្រឆាំង​នឹង​ប្រទេស​អាមេរិក​។

គេ​មិ​ន​ដឹង​ថាតើ​នេះ​ជា​ការ​ព្យាយាម​ចាប់​កូរ៉េ​ខាង​ជើង​ធ្វើ​ជា​កូន​អុក​របស់​លោក​ដើម្បី​ប្រជល់​ជា​មួយ​មហា​អំណាច​អាមេរិក​ ឬ​ក៏​លោក​ខិត​ខំ​ជួយ​ទំនុក​បម្រុង​កូរ៉េ​ខាង​ជើង​ដោយ​សុទ្ធ​ចិត្ត​នោះ​ទេ​។​ ប៉ុន្តែ​ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ទាំង​២​កំពុង​ជិះ​នៅ​លើ​ទូក​តែ​​មួយ​​​​​នៅ​ក្នុង​ការ​​ឈរ​ត​​ទល់​នឹង​ប្រទេស​​អាមេរិក ហើយ​ក៏​កំពុង​​ទទួល​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​អាមេរិក​ដូច​គ្នា​​។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រុស្ស៊ី​បង្ហាញ​លោក​ពូទីន និង​លោក​គីម​ជុង​អ៊ុន​ចាប់​រលាក់​ដៃ​គ្នា​ និង​ស្វាគមន៍​គ្នា​យ៉ាង​កក់​ក្ដៅ​បំផុត​។ អស់​លោក​ទាំង​២​សំណេះ​សំណាល​គ្នា​ដោយ​ស្នាម​ញញឹម​ពព្រាយ​ជាប់​ជា​និច្ច​នៅ​ពេល​លោក​ពូទីន​ចុះ​ពី​លើ​យន្ត​ហោះ​។ លើក​នេះ​ លោក​ពូទីន​មិន​ចាំ​បាច់​រង់​ចាំ​ដល់​មេឃ​ភ្លឺ​ស្រួល​បួល​ទើប​ទៅ​ដល់​កូរ៉េ​ខាង​ជើង​ទេ​។ យន្ត​ហោះ​របស់​លោក​បាន​ទៅ​ដល់​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ព្យុង​យ៉ាង​នៅ​ម៉ោង​២:៤៥​រំលង​អធ្រាត្រ​។ មុន​នោះ​បន្តិច លោក​ពូទីន​បាន​ចាក​ចេញ​ពី​ទី​ក្រុង​ម៉ូស្គូ​ទៅ​ឈប់​សំចត​មួយ​ដំណាក់​កាល​សិន​នៅ​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី​, រួច​ទើប​បន្ត​ដំណើរ​ទៅ​ទី​ក្រុង​ព្យុង​យ៉ាង​តែ​ម្ដង​។

លោក​ទាំង​២​បាន​ជិះ​នៅ​ក្នុង​រថ​យន្ត​​ប្រណីត​ជា​មួយ​គ្នា​តែ​ម្ដង​។ បន្ទាប់​មក​ បន្ត​ដំណើរ​ចូល​ទៅ​សណ្ឋា គារ​ស្នាក់​នៅ​​របស់​លោក​ពូទីន​។ ​នៅ​ចំពោះ​មុខ​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​កំពុង​តាម​ដាន និង​វិភាគ​យ៉ាង​ល្អិត​ល្អន់​ដើម្បី​ចង់​ដឹង​ថា​តើ​អ្វី​ដែល​លោក​ពូទីន​ប្រកាស​ថា​គាំទ្រ​លោក​គីម​ជុង​អ៊ុន​នោះ​តើ​គាំទ្រ​កម្រិត​ណា​? លោ​កពូទីន​កំពុង​ផ្ញើ​សារ​នយោ​បាយ​​​ទៅ​កាន់​​សហ​គមន៍​អន្តរ​ជាតិ​ថា​លោក​​កំពុង​ពិនិត្យ​សើ​រើ​ឡើង​វិញ​ទៅ​លើ​ទំនាក់​ទំនង​ទាំង​អស់​ជា​មួយ​កូរ៉េ​ខាង​ជើង​។

លោក​ពូទីន​​បាន​ផ្ញើ​លិខិត​១​ច្បាប់​ជូន​លោក​​គីម​ជុង​អ៊ុន​តាំង​ពី​មុន​​ទៅ​ដល់​ទីក្រុង​ព្យុង​យ៉ាង​​ទៅ​ទៀត​។ នៅ​ក្នុង​លិខិត​​នោះ លោក​ថ្លែង​​ការ​កោត​សរ​សើរ​​​មិន​ដាច់​ពី​មាត់​ចំពោះ​លោក​គីម​​​ដែល​​ជា​មេ​ដឹកនាំ​ចិត្ត​សឿង​ ហ៊ាន​ឈរ​ត​ទល់​នឹង​ការ​ដាក់​​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ផង​, ​ការ​បំភ័យ​​ផង និង​​ការ​គំរាម​កំហែង​ផង​ពី​សំណាក់​ប្រទេស​អាមេរិក​។ លោក​សន្យា​ថា​នឹង​ប្រកៀក​ស្មា​គ្នា​​ជា​មួយ​ «សម​មិត្ត​គីម» ដើម្បី​​ត​ទល់​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​ជា​ឯក​តោ​ភាគី​ និង​ត្រៀមលើក​កម្ពស់​ពាណិជ្ជ​កម្ម​ និង​សន្តិ​សុខ​ជាតិ​។

សារ​ព័ត៌​មាន​កូរ៉េ​ខាង​ជើង​បាន​ចុះ​ផ្សាយ​ខ្លឹម​សារ​សំខាន់​ៗ​​នៅ​ក្នុង​លិខិត​នោះ​ថា​ «រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​មិន​ព្រម​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា​ជា​មួយ​កូរ៉េ​ខាង​ជើង​ទេ​។ អាមេរិក​​បន្ត​ទាម​ទារ​មិន​ចេះ​អស់​​មិន​ចេះ​ហើយ​នូវ​​លក្ខ​ខណ្ឌ​ដែល​មិន​អាច​ទទួល​យ​កបាន​។ រុស្ស៊ី​បាន និង​បន្ត​គាំទ្រ​កូរ៉េ​ខាង​ជើង​ជា​និច្ច​»។ លោក​ពូទីន​​បញ្ជាក់​ថា​រុស្ស៊ី​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​​ព្រៀង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​កូរ៉េ​ខាង​ជើង​។ ទី​ប្រឹក្សា​របស់​លោក​ពូទីន​ទទួ​លបន្ទុក​ខាង​កិច្ច​ការ​បរទេស​ លោក​យូរី អ៊ូសាកូហ្វ​ (Yuri Ushakov) ថ្លែង​ថា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ក៏​មាន​និយាយ​អំពី​ការ​សហ​ការ​ផ្នែក​សន្តិ​សុខ​ជាតិ​ផង​ដែរ​។​

ទី​ប្រឹក្សា​រូប​នេះ​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​នេះ​មិន​មាន​គោល​ដៅ​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ទេ​។ ប៉ុន្តែ​ជា​កិច្ច​ព្រម​ព្រៀង​ដែ​ល​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហការ​គ្នា​រវាង​ប្រទេស​ទាំង​២​តែ​ប៉ុណ្ណោះ​។ លោក​ពូទីន​រំលឹក​​ថា​សហ​ភាព​សូវៀត​ជា​អ្នក​ប្រកាស​ទទួល​ស្គាល់​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​ឯក​រាជ្យ​មុន​គេ​​។ សារ​ព័ត៌​មាន​​កូរ៉េ​ខាង​ជើង​ក៏​បាន​ផ្សព្វ​ផ្សាយ​​​​កោត​សរ​សើរ​ប្រទេស​រុស្ស៊ី​ និង​គាំទ្រ​យុទ្ធ​នា​ការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​។ សារ​ព័ត៌​មាន​ទាំង​នោះ​ចាត់​ទុក​ថា​នេះ​ជា​សង្គ្រាម​ដ៏​ពិសិដ្ឋ​របស់​ប្រជា​ជន​រុស្ស៊ី​​។


អាមេរិក​ខ្វាយ​ខ្វល់​ចំពោះ​ទស្សន​កិច្ច​នេះ​
ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​របស់​លោក​ពូទីន​ទៅ​កូរ៉េ​ខាង​ជើង​លើក​​នេះ​កើត​ឡើង​ចំ​ពេល​ប្រទេស​​អាមេរិក​បន្ត​ចោទ​ប្រកាន់​ថា​កូរ៉េ​​ខាង​ជើង​បាន​បញ្ជូន​ទៅ​ឱ្យ​កង​ទ័ព​រុស្ស៊ី​នូវ​មីស៊ីល​ផ្លោង​ជា​ច្រើន​គ្រាប់​ និង​គ្រាប់​កាំ​ភ្លើង​ជាង​១​ម៉ឺន​កេស​ដើម្បីប្រើ​ប្រាស់​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ កូរ៉េ​ខាង​ត្បូង​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​។

សេតវិមាន​ថ្លែង​ថា​ខ្លួនក្រពុល​មុខ​យ៉ាង​ខ្លាំង​​​ដោយ​សារ​​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​។ យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក, ​​ច្បាស់​ហើយថា​លោក​ពូទីន​កំពុង​ស្វះ​ស្វែង​រក​អាវុធ​យុទ្ធ​ភ័ណ្ឌ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​បន្ត​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ សម្រាប់​ឆ្នាំ​នេះ រុស្ស៊ី​នឹង​ផលិត​គ្រាប់​កាំ​ភ្លើង​ច្រើន​ជាង​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេសបូក​បញ្ចូល​​​គ្នា​ទៅ​ទៀត​។ ដូច្នេះ ​​ទស្សន​កិច្ច​​នេះ​​ជា​ការ​ក្រើន​រំលឹកទៅ​វ៉ាស៊ីនតោន​ថា​តើ​ម៉ូស្គូ​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​កម្រិត​ណា​នៅ​លើ​ឆាក​អន្តរ​ជាតិ​។​

ឥឡូវ​នេះ ស្ថាប័ន​អន្តរ​ជាតិ​ធំៗ​​ដូច​ជា​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​លែង​​​អាច​ចាត់​វិធាន​ការ​អ្វី​ទៅ​លើ​កូរ៉េ​ខាង​ជើង​​ត​ទៅ​ទៀត​ហើយ​​ព្រោះ​​​រុស្ស៊ី​​រង់​ចាំ​​បោះ​ឆ្នោត​ជំទាស់​នឹង​គម្រោង​ចេញ​សេចក្ដី​សម្រេច​អ្វី​​១​​​។ ​ក្រុម​ប្រឹក្សា​សន្តិ​​សុខ​មាន​ក្រុម​អ្នក​ពិគ្រោះ​យោបល់​ឯក​រាជ្យ១​​ដែល​ជា​អ្នក​ផ្ដល់​អនុសាសន៍​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​បែប​ណា​ចំពោះ​ទី​ក្រុង​ព្យុង​យ៉ាង​។ ប៉ុន្តែ​កាល​ពី​ខែ​មីនា រុស្ស៊ី​បោះ​ឆ្នោត​​ប្រឆាំង​នឹង​​គម្រោង​បន្ត​អាណត្តិ​របស់​ក្រុម​នេះ​ក្រោម​​ហេតុ​ផល​ថា​ក្រុម​នេះ​ធ្វើ​ការ​ទៅ​តាម​ខ្សែ​ញាក់​របស់​ក្រុម​បស្ចិម​ប្រទេស​ ហើយ​ព្យាយាម​គាប​សង្កត់​កូរ៉េ​ខាង​ជើង​ឱ្យ​លៀន​ភ្នែក​ដូច​ក្ដាម​។ ដូច្នេះ រុស្ស៊ី​យល់​ថា​មិន​ចាំ​បាច់​ជួល​ក្រុម​នេះ​ធ្វើ​ការ​នាំ​តែ​អស់​ប្រាក់​ខែ​ឥត​ប្រយោជន៍​ទេ​។​


លោក​ពូទីន​ត្រូវ​កូរ៉េ​ខាង​ជើង​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​អ៊ឹក​អធិក​
គេ​ដឹង​ថា​ពិធី​បដិ​សណ្ឋារ​កិច្ច​ជូន​លោក​ពូទីន​លើក​នេះ​ពិត​ជា​មាន​ភាព​អ៊ឹក​អធិក​ និង​គគ្រឹក​គគ្រេង​ណាស់​។ ក្នុ​ងនោះ ក្រៅ​ពី​ការ​សំណេះ​សំណាល​គ្នា​ជា​លក្ខណៈ​ស្និទ្ធ​ស្នាល​ដូច​បង​ប្អូន​ នៅ​មាន​ពិធី​លៀង​សាយ​ភោជន៍​អម​ដោយ​​​ការ​ប្រគំ​បទ​ភ្លេង​ខ្នាត​ធំ​, ពិធី​បដិ​សណ្ឋារ​កិច្ច​​កម្រិត​ប្រមុខ​រដ្ឋ​, ពិធី​ត្រួត​ពល​, ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ និង​ពិធី​ប្ដូរ​សារ​ជា​ច្រើន​​ទៀត​។ នៅ​ទី​បញ្ចប់​ ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ធ្វើ​សេច​ក្ដី​ថ្លែង​ការណ៍​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ថែម​ទៀត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​អ៊ីន​ធឺ​ហ្វាក់​ (Interfax)។ បន្ទាប់​ពី​ចាក​ចេញ​ពី​កូរ៉េ​ខាង​ជើង​ លោក​ពូទីន​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​ទី​នោះ​ចាប់​ពីថ្ងៃ​ទី​១៩ដល់​ថ្ងៃ​ទី​២០ សប្ដាហ៍​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ