អ្នកខ្លះលើកឡើងថា រាល់ដំណើរជីវិតរបស់មនុស្សម្នាក់ៗអាស្រ័យលើរលកវាសនាចារតម្រូវ និងព្រហ្មទណ្ឌលិខិតជាអ្នកកម្រិត, អ្នកខ្លះទៀតថា កុំផ្តេកផ្តួលលើព្រហ្មលិខិត និងវាសនាពេក ការតស៊ូឯណោះទេ ជាអ្នកសម្រេចរាល់ដំណើរជីវិត… ជាមួយនេះមានមនុស្សជាច្រើនលើកឡើងដោយមន្ទិលកថា ហេតុអ្វីកូនស្រីរបស់អធិរាជសំឡេងមាស «ស៊ីន ស៊ីសាមុត» ដែលជាត្រកូលអ្នកមានមុខមានមាត់ម្នាក់ក្នុងសម័យសង្គមរាស្ត្រនិយម ស្រាប់តែបច្ចុប្បន្នជួបការលំបាកខ្លាំងេម៉្លះ? ចម្លើយអាចបន្លឺថា នេះជាវាសនា និងព្រហ្មលិខិត…។
ទស្សនាវដ្តីមហាគ្រួសារលេខនេះសូមនាំអារម្មណ៍លោកអ្នកអានមកជួបជាមួយកូនស្រីម្នាក់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលសព្វថ្ងៃកំពុងរស់រានមានជីវិតនៅឡើយ និងតស៊ូស្រាយចំណងជីវិតពីជីវភាពលក់បាយសម្ល ក្រលំបាក ហាក់ត្រដាបត្រដួលគួរសម ។ អ្នកស្រី ស៊ីន យុទ្ធនា វ័យ៥៨ឆ្នាំ ជាកូនស្រីច្បងរបស់លោកស៊ីន ស៊ីសាមុត ជាមួយលោកស្រី ខាវ ថងញ៉ុត អាយុ៧៨ឆ្នាំ ដែលលោកទាំង២ជាបងប្អូនជីដូនមួយនឹងគ្នារៀបការតាមម្តាយទុកឪពុកដាក់ ។
អ្នកស្រីយុទ្ធនា ជាកូនស្រីម្នាក់មានសំណាងដូចប្អូនប្រុសរបស់អ្នកស្រីដែរ គឺលោកស៊ីន ច័ន្ទឆាយា ដែលបានរួចពីសេចក្តីស្លាប់ ខណៈពេលដែលលោកប៉ារបស់អ្នកស្រី គឺលោកស៊ីន ស៊ីសាមុត និងប្អូនស្រី២នាក់ទៀតត្រូវបានបនប្រល័យពូជសាសន៍ប៉ុលពតសម្លាប់កាលពីសង្គម៣ឆ្នាំ៨ខែ២០ថ្ងៃ ។
បើទោះជាខំប្រឹងលាក់បាំងពីជីវិតរស់នៅ និងមិនផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក៏ដោយ ក៏បច្ចុប្បន្នគេដឹងថា អ្នកស្រី ស៊ីន យុទ្ធនា កំពុងរស់នៅខេត្តស្ទឹងត្រែង ក្រោមបន្ទាត់ក្រីក្រចិញ្ចឹមបីបាច់ម្តាយរបស់អ្នកស្រី និងមានកូន៣នាក់ក្នុងបន្ទុក បន្ទាប់ពីអ្នកស្រីបានបែកបាក់គ្រួសារ កាលពីជាង១០ឆ្នាំមុន។
អ្នកស្រីជាអតីតមន្ត្រីនៃមន្ទីរឃោសនាការវប្បធម៌ និងព័ត៌មានខេត្ត ក្រោយពេលចូលនិវត្តន៍ អ្នកស្រីប្រកបរបរលក់បាយម្ហូបបន្តិចបន្តួច នៅផ្សារស្ទឹងត្រែង ។ អ្នកស្រីធ្លាប់មានប្រសាសន៍ប្រាប់អ្នកជិតខាងថា ជីវិតអ្នកស្រីនឹងក្រុមគ្រួសារគ្មានអ្វីឱ្យមហាជនចាប់អារម្មណ៍ដូចលោកប៉ារបស់អ្នកស្រីទេ។ សព្វថ្ងៃអ្នកស្រីតែងតែក្រោកពីព្រលឹមទៅផ្សារទិញបន្លែ ត្រី សាច់មកធ្វើបាយម្ហូបយកទៅលក់នៅផ្សារ (ផ្សារស្ទឹងត្រែង) ដើម្បីបានកម្រៃចិញ្ចឹម
គ្រួសារ ។
មុខរបរនេះមិនបានញាំុងឱ្យជីវិតអ្នកស្រីធូរធារទេ ជាមួយចំណូលពីការលក់បាយត្រឹម៦-៧ពាន់រៀលក្នុងមួយថ្ងៃ និងដោយសារតែកម្រិតជីវភាពបែបនេះ បានជំរុញឱ្យអុ្នកស្រីបន្ថែមមុខរបរជាអ្នកស៊ីឈ្នួលដកដំឡូងមីឱ្យគេតាមចំការ ដើម្បីយកប្រាក់មកបង្គ្រប់ថ្លៃតូបនៅផ្សារពេលណាការលក់ដូរមិនសូវកាក់កប ។ អ្នកស្រី ស៊ីន យុទ្ធនា បញ្ជាក់ប្រាប់អ្នកជិតខាងថា «ខ្ញុំអត់មានដែលគិតថា ខ្លួនខ្ញុំជាកូនអធិរាជសំឡេងមាសនេះ គួរតែមានជីវភាពថ្កុំថ្កើងនោះទេ ហើយក៏អត់មានខ្មាសអៀនអីដែរ ព្រោះថា នេះជាព្រហ្មលិខិត ។
អ្នកស្រីបន្តថា ជីវភាពជាស្ត្រីមេម៉ាយពិបាកណាស់ទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិបាកទៀតនោះ គឺគ្រាបែកបាក់ជាមួយស្វាមីថ្មីៗ ព្រោះកូនៗកំពុងពេញវ័យសិក្សាត្រូវការប្រាក់ឧបត្ថម្ភ។ ប៉ុន្តែពេលនេះបានធូរស្រាលបន្តិចហើយដ្បិតកូនៗបានធំដឹងក្តី មានប្តី មានសមត្ថភាពអាចចិញ្ចឹមខ្លួនពួកគេបានគ្រប់ៗគ្នាអស់ហើយ៕
ចែករំលែកព័តមាននេះ