ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ាក្រុង​ប្រកាស​រំលាយ​សភា​ចោល​ និង​ត្រៀម​បោះ​ឆ្នោត​ឡើង​វិញ

5 ខែ មុន

ទី​ក្រុង​ប៉ារីស៖ លោក​ម៉ាក្រុង​សម្រេចរំលាយ​សភា​​​បារាំង​ចោល​ ​ហើយ​ប្រកាស​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​​មុន​អាណត្តិ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​គណ​បក្ស​របស់​លោក​ទទួល​បាន​អាសនៈ​តិច​ជាង​ «គណ​បក្ស​​សមាជ​ជាតិ» ​ដែល​ជា​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​របស់​លោក​ស្រី​ឡឺពែន (Le Pen) នៅ​ក្នុងការ​បោះ​ឆ្នោត​សភា​អឺរ៉ុប​កាល​ពី​យប់​មិញ​​​។ ​ប្រទេស​បារាំង​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត​ជា​២​​ដំណាក់​កាល។…

ទី​ក្រុង​ប៉ារីស៖ លោក​ម៉ាក្រុង​សម្រេចរំលាយ​សភា​​​បារាំង​ចោល​ ​ហើយ​ប្រកាស​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​​មុន​អាណត្តិ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​គណ​បក្ស​របស់​លោក​ទទួល​បាន​អាសនៈ​តិច​ជាង​ «គណ​បក្ស​​សមាជ​ជាតិ» ​ដែល​ជា​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​របស់​លោក​ស្រី​ឡឺពែន (Le Pen) នៅ​ក្នុងការ​បោះ​ឆ្នោត​សភា​អឺរ៉ុប​កាល​ពី​យប់​មិញ​​​។

​ប្រទេស​បារាំង​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត​ជា​២​​ដំណាក់​កាល។ ពោល​គឺ​​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ម្ដង​ និង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​ម្ដង​ទៀត​។ សេចក្ដី​ប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​គណ​បក្ស​​សមាជ​ជាតិ​ដែល​ជា​បក្ស​ស្ដាំ​និយម​ជ្រុល​ដណ្ដើម​បាន​អាសនៈ​ច្រើន​ណាស់​។ ដូច្នេះ នេះ​ជា​ការ​វាយ​សំពង​មួយ​ទំហឹង​មនុស្ស​ចាស់​ទៅ​លើ​គណ​បក្ស​​និយម​កណ្ដាល​​របស់​លោក​ម៉ាក្រុង​ដែល​មាន​និន្នា​ការ​គាំទ្រ​ការ​រួប​រួម​គ្នា​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​។​ នេះ​បើ​យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ​នៅ​ប្រទេស​បារាំង​។

លោក​ស្រី​ម៉ារីន ឡឺពែន (Marine Le Pen) ជា​អ្នក​នយោបាយ​ស្ដាំ​និយម​ជ្រុល​​ធ្វើ​ឱ្យ​ប្រជា​ជន​បារាំង​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹងកម្ម​វិធី​នយោបាយ​របស់​គាត់​​​។ នោះ​គឺ​នយោបាយ​ជាតិ​និយម​​ និង​ប្រឆាំងនឹង​​​ជន​អន្តោ​ប្រវេសន៍​។ គណ​បក្ស​របស់​លោក​ស្រី​ទទួល​បាន​សំឡេង​គាំទ្រ​ចន្លោះ​ពី​៣១%​-​៣២%​។ នេះ​ជាការ​ទទួល​បានសំឡេង​គាំទ្រ​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​​ ហើយ​លើស​គណ​បក្ស​របស់​លោក​ម៉ាក្រុង​ទ្វេ​មួ​យជា​ពីរ​ឯ​ណោះ​។ គណ​បក្ស​របស់​លោក​ម៉ាក្រុង​ទទួ​លបាន​យ៉ាង​ខ្លាំង​ត្រឹមតែ​​១៥%​​​ប៉ុណ្ណោះ​។

លោក​ម៉ាក្រុង​មិន​បាន​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​អ្នក​តំណាង​រាស្ត្រ​​នៅ​ស​ភា​អឺរ៉ុប​ទេ​។ ​លោក​​ថ្លែង​ថា​មុន​នឹង​​សម្រេច​ចិត្ត​រំលាយ​សភា​ចោល​ទាំង​កណ្ដាល​ទី​នេះ​គឺ​គិត​គូរ​ល្អិត​ល្អន់​ណាស់​​។ ​ប៉ុន្តែ​លោក​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​​ដោយ​សារ​ប្រទេស​បារាំង​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ចាក់​គ្រឹះ​ខ្លាំង​ ដូច្នេះ ប្រជា​ជន​បារាំង​ដែល​មាន​ឥស្សរភាព​ពេញ​លេញ​នឹង​សម្រេច​ចិត្ត​ដោយ​ផ្ទាល់​។​​

រដ្ឋ​សភា​បារាំង​

​គេ​គិត​ថា​​បោះ​ឆ្នោត​លើក​នេះ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​ដ៏​ធំ​របស់​លោក​ម៉ាក្រុង។ ស្រួល​មិន​ស្រួល​​ជា​ការ​ហុច​ដង​ដាវ​​ឱ្យ​លោក​ស្រី​ឡឺពែន​​​ឡើង​កាន់​អំណាច​ក៏​អាច​ថា​បាន​។ បើ​​គណ​បក្ស​ប្រឆាំង​​ឈ្នះ​អាសនៈ​ភាគ​ច្រើន​មាន​ន័យ​ថា​អំណាច​រដ្ឋ​ត្រូវ​បែក​ខ្ញែក​គ្នា​។ ពេល​នោះ​ប្រធានា​ធិបតី​ និង​នាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ​បក្ស​ផ្សេង​គ្នា​ ហើយ​អាច​មាន​គោល​ជំហរ​​ផ្សេង​គ្នា​។ ​នៅ​ប្រទេស​បារាំង​ ​ប្រធានា​ធិបតី និង​នាយក​រដ្ឋ​មន្ត្រី​​ជួន​កាល​មាន​គោល​ជំហរ​មិន​ដូច​​គ្នា​ទេ​។ សូម្បី​តែ​​កន្លែង​​ធ្វើ​ការ និង​ស្នាក់​នៅ​ក៏​ផ្សេង​គ្នា​ដែរ​។ ប្រធានា​ធិបតី​​​នៅ​វិមាន​អេលីហ្សេ (Élysée Palace)។ រី​ឯ​​នាយក​រដ្ឋ​មន្ត្រី​​នៅ​វិមាន​ម៉ាទីញ៉ុង (Hôtel Matignon)។

ក្រោយ​ការ​ប្រកាស​បោះ​ឆ្នោត​នោះ លោក​ស្រី​ឡឺពែន​​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​។ លោក​ស្រី​ថ្លែង​ថា​យើង​​ត្រៀម​ខ្លួន​​ចូល​រួម​​​​ការ​បោះ​ឆ្នោត​នេះ​។ យើង​ត្រៀម​ខ្លួន​ឡើង​កាន់​អំណាចបើ​ប្រជា​ជន​បារាំង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​មក​លើ​យើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​លើក​នេះ​។ ​លោក​ស្រី​ឡឺពែន​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ​។ ​កាល​ពី​ពេល​បោះ​ឆ្នោត​ប្រធានា​ធិបតី​លើក​ចុង​ក្រោយ​នេះ​ លោ​កស្រី​អាច​ឆ្លង​កាត់​ជម្រុះ​ជុំ​ទី​១​ដើម្បី​​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​យក​តំណែង​ប្រធានា​ធិបតី​។ បោះ​ឆ្នោត​នៅ​បារាំង​២​វគ្គ​។ វគ្គ​ទី១​ជម្រុះ​យក​២​នាក់​​គឺ​អ្នក​លេខ​១ និងលេខ​២​ដើម្បី​​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​វគ្គ​ទី​​២។​ ដូច្នេះ​កម្លាំង​នយោបាយ​របស់​លោក​ស្រី​ឡឺពែន​ពិត​ជា​ខ្លាំង​។​​

​​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​សភា​អឺរ៉ុប​​លើក​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​លោក​ម៉ាក្រុង​។ លោក​ជា​អ្នក​គាំទ្រ​យ៉ាង​ប្ដូរ​ផ្ដាច់​ឱ្យ​សហ​ភាព​អឺរ៉ុប​រួម​កម្លាំង​គ្នា​គាំទ្រ​អ៊ុយ​ក្រែន​ និង​ក៏​ជា​អ្នក​គាំទ្រ​ភាព​ឯក​រាជ្យ​-​ម្ចាស់​ការ​របស់​អឺរ៉ុប​ផង​ដែរ​។ លោក​ជំរុញ​ឱ្យ​អឺរ៉ុប​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ​អង្គ​ការ​ពេក​ទេ​​​។ ​ចំណែក​​គណ​បក្ស​​សមាជ​ជាតិ​របស់​លោកស្រី​ឡឺពែន​គិត​គូរ​ជា​សំខាន់​អំពី​ផល​ប្រយោជន៍​របស់​បារាំង​ និង​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះ​ខ្ជាយ​​​។

មន្ត្រី​ខុទ្ទ​កាល័យ​របស់​លោ​កម៉ាក្រុងប្រាប់​ថា​​​លោក​ម៉ា​ក្រុង​សម្រេច​ចិត្ត​រំលាយ​សភា​​គឺជា​រឿង​សម​ហេតុ​ផល​បំផុត។ មូល​ហេតុ​ដោយ​សារ​ម៉្យាង​លទ្ធផល​ឆ្នោត​​បាន​​​បង្ហាញ​​ច្បាស់​ៗ​​ថា​​ក្រុម​ស្ដាំ​និយម​ជ្រុល​​ត្រូវ​ប្រជា​ជន​បោះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​។ ម៉្យាង​ទៀត​ ​បើ​ទុក​សភា​ឱ្យ​នៅ​ត្រាំ​ត្រែង​ដូច​សព្វ​ថ្ងៃ​នេះ​ក៏​​​​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ​ព្រោះ​សភា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ឥត​សណ្ដាប់​ធ្នាប់​។​​

ប្រតិ​កម្ម​ចំពោះ​ការ​​​បោះ​ឆ្នោត​សភា​មុន​អាណត្តិ​នេះ អ្នក​នយោបាយ​ឆ្វេ​ង​និយម​ជ្រុល​​ហ្វ្រង់​ស្វ័រ​ រូហ្វាំង​ (François Ruffin) បាន​អំពាវ​នាវ​​ឱ្យ​​អ្នក​នយោបាយ​ធំ​ៗខាង​ឆ្វេង​​​ទាំង​អស់​រួម​កម្លាំង​គ្នា​ជា​មួយ​គណ​បក្ស​រណ​សិរ្យ​ប្រជា​ជន​។ គាត់​​សរ​សេរ​នៅ​លើ​​បណ្ដាញ​ទ្វីត​ថឺ​ថា​យើង​ត្រូ​វតែ​រួប​រួម​គ្នា​ដើម្បី​កុំ​ឱ្យ​ជួប​នឹង​រឿង​អាក្រក់​ និង​ដើម្បី​ឱ្យ​ក្រុម​របស់​យើង​ទទួល​ជ័យ​ជម្នះ​។ ប្រទេស​បារាំង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​៨១​រូប​ដើម្បី​​អង្គុយ​នៅ​​ក្នុង​សភា​អឺរ៉ុប​ដែល​មាន​អាសនៈ​សរុប​ចំនួន​៧២០​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ