ទីក្រុងញូដេលី៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ឥណ្ឌា លោកម៉ូឌី ថ្លែងថាប្រធានាធិបតីឥណ្ឌាបានផ្ដល់សិទ្ធិឱ្យលោកបង្កើតរដ្ឋាភិបាលអាណត្តិថ្មីក្នុងពេលឆាប់ៗនេះ។ លោកម៉ូឌីសន្យាថារដ្ឋាភិបាលចម្រុះលើកនេះលេងដៃធំតែម្ដងចូលរួមដោយគណបក្សនយោបាយរហូតដល់១៥។ ដូច្នេះ លោកមានជំនឿថាការដឹកនាំនឹងមានភាពមូលមតិគ្នាជាឯកច្ឆន្ទ និងមានភាពជោគជ័យ។
លោកម៉ូឌីទើបតែជួបប្រធានាធិបតីឥណ្ឌា លោកស្រីឌ្រូផាឌី មើមូ(Droupadi Murmu) និងទទួលយកការអញ្ជើញរបស់លោកស្រីដើម្បីដឹកនាំសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យ (NDA) និងដឹកនាំប្រទេសជាតិរយៈពេល៥ឆ្នាំទៅមុខទៀត។ បើគ្មានអ្វីប្រែប្រួលទេ លោកនឹងស្បថចូលកាន់តំណែងនៅយប់ថ្ងៃអាទិត្យ។ ថ្វីដ្បិតគណបក្សរបស់លោកម៉ូឌីទទួលបានអាសនៈច្រើនជាងគេមែន ប៉ុន្តែបក្សនេះមិនមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបានឡើយ។ ពោលគឺនៅខ្វះ៣២អាសនៈ។
កិច្ចការដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់គឺការលើកស្ទួយជីវភាពប្រជាជនវណ្ណៈកណ្ដាល។ មន្ត្រីកំពូលៗនៃសម្ព័នភាពជាតិប្រជាធិបតេយ្យកោតសរសើរលោកម៉ូឌី និងមានទំនុកចិត្តថាលោកដឹកនាំបានល្អ។ គណបក្សនៅក្នុងសម្ព័ន្ធភាពកំពុងទាមទារតំណែងប្រធានរដ្ឋភា។ គណបក្សខ្លះចង់បានក្រសួងការបរទេស ការពារជាតិ មហាផ្ទៃ និងហិរញ្ញវត្ថុ។
គណបក្សខ្លះចង់ឱ្យរដ្ឋាភិបាលកែសម្រួលនីតិវិធីជ្រើសរើសកងទ័ពដែលដាក់ឱ្យប្រើប្រាស់ដំបូងកាលពីឆ្នាំ២០២២។ បុរស និងនារីត្រូវបម្រើនៅក្នុងជួរកងទ័ពរយៈពេល៤ឆ្នាំដោយមិនមានឋាន្តរស័ក្ដិ ឬមុខតំណែងអ្វីទេ។ នៅក្នុងចំណោមនោះ ២៥%បន្តស្ថិតនៅក្នុងជួរកងទ័ពរយៈពេលយូរជាងនោះ។ កាលពីមុន គេជ្រើសរើសយោធិនបម្រើនៅក្នុងជួរទ័ពជើងគោក ជើងទឹក និងជើងអាកាសដាច់ដោយឡែកៗពីគ្នា។ ពួកគេត្រូវបម្រើកងទ័ពរហូតដល់ទៅ១៧ឆ្នាំទើបអាចបានស័ក្ដិពាក់នៅលើស្មា។
បញ្ហាមនុស្សអត់ការងារធ្វើ ទំនិញឡើងថ្លៃ និងប្រាក់ចំណូលធ្លាក់ចុះ គឺជាបញ្ហាធំៗនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ។ មនុស្សភាគច្រើនបោះឆ្នោតជូនគណបក្សរបស់លោកម៉ូឌីព្រោះពួកគេមើលឃើញកម្មវិធីនយោបាយរបស់គណបក្សគាត់ល្អ។ កាលពីពេលកន្លងមក គណបក្សរបស់លោកម៉ូឌីមានសំឡេងគ្រប់គ្រាន់អាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ ប៉ុន្តែលើកនេះ លោកត្រូវចរចាជាមួយគណៈបក្សដទៃទៀតដើម្បីបង្គ្រប់សំឡេង។ ហេតុនេះ លោកត្រូវខំយកចិត្តយកថ្លើមពួកគេទើបបាន។ លោកអាចនឹងជួបនឹងបញ្ហាគ្រប់ពេលវេលាបើហ៊ានធ្វើឱ្យគណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះឃ្នើសចិត្ត៕
ចែករំលែកព័តមាននេះ