រាជធានីភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការ និងបង្ក្រាបលើបញ្ហាក្មេងទំនើងតាមទីកម្សាន្តសប្បាយភាព និងទីសាធារណៈ ដែលវិធានការនេះ ត្រូវបានដាក់ទៅដល់អធិការដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងវិធានការបង្ក្រាបក្មេងទំនើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យដឹងថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញបទបញ្ជាជាបន្ទាន់ដល់អធិការខណ្ឌទាំង១៤ ដោយរៀបចំកម្លាំងធ្វើការចុះតាមដាន និងត្រួតពិនិត្យទ្វេដង ក្នុងភូមិសាស្ត្ររបស់ខ្លួន ។
លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ និងស្នើឱ្យមានកិច្ចសហការរួមគ្នាជាមួយនគរបាល ក៏ដូចជាតាមបណ្តាគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលរបស់យុវជនទាំងអស់ ចូលរួមអប់រំ និងបញ្ជៀបការយល់ដឹងអំពីការលុបបំបាត់បញ្ហាក្មេងទំនើង តាមរយៈយុទ្ធនាការអប់រំដល់សិស្សានុសិស្ស ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អោយដឹងទៀតថា គិតត្រឹមខែឧសភានេះ កម្លាំងនគរបាលបង្ក្រាបបានក្មេងទំនើង ចំនួន២០ករណី និងឃាត់ខ្លួនចំនួន៤៦នាក់ ខណៈ ៤២នាក់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានោះ លោកស្នងការ ក៏បានធ្វើការប្តេជ្ញាចិត្តទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើង ដែលប្រើប្រាស់ដាវ កាំបិត និងបង្កអសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ