គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតម្លៃជិត២៤៦លានដុល្លារ បានចុះហត្ថលេខារួចហើយ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែទោះបីជាយ៉ាងណាមកដល់ពេលនេះគម្រោងនេះបានត្រឹមតែឭព័ត៌មានជាបន្តបន្ទាប់ រីឯរូបភាពពិតប្រាកដហាក់មិនទាន់ដឹង ។
ដូច្នេះហើយបានជាវា គឺជាចំណុចសំខាន់ដែលពលរដ្ឋទំនងជារង់ចាំលទ្ធផលចេញពីដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅកូរ៉េខាងត្បូង ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា នេះ ។
តាមការប្រកាសរបស់ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតីនឹងដឹកនាំគណប្រតិភូកម្ពុជាទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋកូរ៉េ ដែលយើងនិយមហៅថា កូរ៉េខាងត្បូង ចាប់ពីថ្ងៃពុធនេះរហូតដល់ចុងសប្តាហ៍តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ។
នៅក្នុងដំណើរទស្សនៈកិច្ចនោះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភាកូរ៉េខាងត្បូង ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី ។
នៅក្នុងអំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងសម្តេចធិបតីក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនសំខាន់ៗមួយចំនួនព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅកូរ៉េខាងត្បូង ហើយក៏នឹងមានការចុះហត្ថលេខា លើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ។
មកដល់ពេលនេះ ជោគវាសនានៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ គេមិនដឹងថា យ៉ាងណានោះទេ ប៉ុន្តែថ្មីៗកន្លងទៅនេះលោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់សារព័ត៌មាន នៅក្នុងស្រុកខ្លះៗថា គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដែលកំពុងស្ថិតក្នុងដំណាក់កាលជម្រុះ ។
លោកក៏មិនបានកំណត់កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ច្បាស់លាស់ដែរដោយគម្រោងនេះនៅត្រូវឆ្លងកាត់លក្ខខណ្ឌមួយចំនួនទៀតជាហេតុមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បាននៅឡើយ ។ ដោយឡែកលោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជាបានឱ្យដឹង កាលពី ពេលកន្លងទៅថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថានឹងបើកការដ្ឋាននៅដើមឆ្នាំ២០២៥ ខាងមុខ ។
តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន២ខ្សែ ដោយខ្សែទី១ តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ។ រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងរួមចំណែកដល់សន្តិភាពស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ានក៏ដូចជាតំបន់មេគង្គ ។ នេះ គឺជាក្តីរំពឹងរបស់ពលរដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជា ថ្មីៗកន្លងទៅនេះបានចែករំលែកនូវក្តីរំពឹងជាច្រើនទៀតដែលមានតម្លៃលើសពីស្ពាន ។
លោកបានចែករំលែកថា ដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតីនេះអាចនឹងឲ្យកម្ពុជានិងកូរ៉េ ខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាដែលស៊ីជម្រៅមួយចំនួននៅលើកិច្ចសហប្រតិបត្តិការការពារជាតិ និងភាពជាដៃគូសន្តិសុខ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសវិនិយោគ, ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់, ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ, ព្រមទាំងកិច្ចសហការលើបញ្ហាផ្សេងទៀត ដែលមានដូចជាការថែទាំសុខភាព ការឆ្លើយតបគ្រោះមហន្តរាយ និងការអភិវឌ្ឍប្រកប ដោយចីរភាពជាដើម ៕
ចែករំលែកព័តមាននេះ