ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខិន បានធ្វើដំណើរទៅដល់ប្រទេសចិនបន្ទាប់ពីព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័តកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតៃវ៉ាន់។ ចិនកំពុងតែខឹងសម្បារនឹងរឿងហ្នឹងមិនទាន់បាត់នៅឡើយទេ។ ឥឡូវនេះ ឮថាអាមេរិកនឹងចាត់វិធានការក្ដៅលើបណ្ដាញទីកតុកថែមទៀត។
បើទីកតុកមិនព្រមលក់ភាគហ៊ុនទាំងអស់ដែលដំណើរការនៅប្រទេសអាមេរិកឱ្យក្រុមហ៊ុនអាមេរិកទេ វ៉ាស៊ីនតោននឹងបិទដំណើរការចោល។ ចំណាត់ការរបស់ប្រទេសអាមេរិកទាំងប៉ុន្មាននេះហាក់ដូចជាមិនសូវល្អទាល់តែសោះ ហើយអាចនឹងធ្វើឱ្យទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកាន់តែមើលមុខគ្នាលែងចំ។ លោកប្លីងខិនបានធ្វើដំណើរទៅដល់ទីក្រុងសៀងហៃតាំងពីល្ងាចថ្ងៃពុធ។ ពោលគឺទៅដល់ទីនោះបន្ទាប់ពីព្រឹទ្ធសភាអនុម័តកញ្ចប់ជំនួយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
លោកបៃដិនបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នោះរួចហើយ។ នេះបញ្ជាក់ឱ្យឃើញថាទីក្រុងវ៉ាស៊ីនតោននៅតែប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់ខ្លួន។ ប៉ុន្តែការផ្ដល់ជំនួយនេះរឹតតែបង្កភាពស្មុគស្មាញទៅលើទំនាក់ទំនងដែលល្អក់កករនឹងគ្នាខ្លាំងស្រាប់ទៅហើយដោយសារការប៉ែងជើងគ្នានៅក្នុងជម្លោះសាកល និងជម្លោះនៅក្នុងតំបន់។
ទោះជាយ៉ាងណាក្ដី ការដែលលោកប្លីងខិនធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះទោះបីអាក្រក់ល្អសខ្មៅនឹងគ្នាយ៉ាងណាក្ដី ក៏ប្រទេសទំាងពីរនៅតែអាចនិយាយស្ដាប់គ្នាបាន។ ម៉្យាងទៀត ថ្នាក់ដឹកនាំប្រទេសទាំងពីរទើបតែសន្ទនាគ្នាមុនទស្សនកិច្ចនេះ។ ប្រមុខការពារជាតិប្រទេសទាំងពីរក៏ទើបតែសន្ទនាគ្នាផងដែរ។
ឥឡូវនេះ ប្រទេសចិនកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាពីរធំៗ។ ទី១-ការសម្រេចផ្ដល់ជំនួយជាង៨ពាន់លានដុល្លារសម្រាប់ទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិច និងសម្រាប់ជំនួយយោធារបស់តៃវ៉ាន់ និងទី២-ប្រទេសអាមេរិកទុកពេល៩ខែឱ្យម្ចាស់ក្រុមហ៊ុនទីកតុកពិគ្រោះគ្នាថាត្រូវលក់ទីកតុកឱ្យក្រុមហ៊ុនអាមេរិក ឬត្រូវបិទដំណើរការចោល។
កាលពីល្ងាចថ្ងៃពុធ គ្រាន់តែទទួលដំណឹងថាព្រឹទ្ធសភាអនុម័តកញ្ចប់ជំនួយនោះភ្លាម ប្រទេសចិនក៏បញ្ចេញប្រតិកម្មខ្លាំងៗតែម្ដង។ ចំពោះការជួយអ៊ុយក្រែន និងអ៊ីស្រាអែល ប្រទេសចិនគ្មានយោបល់ទេ។ ប៉ុន្តែជំនួយយោធាសម្រាប់តៃវ៉ាន់ជាអ្វីដែលចិនយល់ថាប៉ះពាល់ខ្លាំងមែនទែន។ អ្នកនាំពាក្យចិនថ្កោលទោសការអនុម័តកញ្ចប់ជំនួយនោះ ហើយចាត់ទុកថានេះជាការបង្កហេតុដ៏គ្រោះថ្នាក់។ ប្រទេសចិនក៏ប្រឆាំងនឹងការបង្ខំឱ្យទីកតុកលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់នៅអាមេរិកផងដែរ៕
ចែករំលែកព័តមាននេះ