រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ការរៀបចំតុបតែងលម្អសោភ័ណភាពនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ គឺសម្រេចបានជាង៦០ភាគរយហើយ ដើម្បីត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ។
លោកស្រី ណម ណារីម ប្រធានស្តីទី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យកោះសន្តិភាពដឹងថា ការរៀបចំតុបតែងលម្អ នៅជុំវិញបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងរៀបចំសង្ក្រាន្តវត្តភ្នំ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏ដូចជាផ្តល់ភាពសប្បាយ រីករាយជូនបងប្អូនប្រជាពលរដ្ឋ សម្រេចបានជាង៦០ភាគរយហើយ ខណៈនៅសេសសល់ប្រមាណ ជា៣០ភាគរយទៀត នឹងពន្លឿនឱ្យរួចរាល់នៅថ្ងៃទី១២ ឬយ៉ាងយូរត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ។
លោកស្រី បន្ថែមថា នៅក្នុងទីតាំងនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំស្តង់ចំនួន៤ ដើម្បីបង្ហាញ អំពីអត្តសញ្ញាណជាតិ ក៏ដូចជាការបង្ហាញអំពីវប្បធម៌ខ្មែរ និងសមិទ្ធផលការងាររបស់មន្ទីរវប្បធម៌ ដែលសម្រេចបាននាពេលកន្លងមក ទៅកាន់ប្រជាជនខ្មែរដែលគាត់បានមកលេងកម្សាន្ត នៅក្នុងរមណីយ ដ្ឋានប្រវត្តិសាស្ត្រនេះ នឹងបានជ្រួតជ្រាបកាន់តែច្បាស់អំពីសិល្បៈ វប្បធម៌ខ្មែរ ។
លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន អាចមកចូលរួមលេងកម្សាន្ត ក្នុងសង្ក្រាន្ដវត្តភ្នំ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជុំ ដែលធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០ យប់ និងតាមថ្ងៃនីមួយៗ។ ដោយនៅក្នុងពិធីសង្ក្រាន្តនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ ។
លោកស្រី បញ្ជាក់ថា «សូមចូលរួមលេងកម្សាន្តនៅក្នុងពិធីចូលឆ្នាំថ្មីសិរីមង្គលរបស់យើងនេះ ឱ្យសប្បាយរីករាយ ទាំងអស់គ្នា។ ហើយទន្ទឹមនឹងការលេងសប្បាយនេះ សូមកុំនាំគ្នាលេងសប្បាយរហូតកើតទៅ ជាបញ្ហាណាមួយក្នុងកត្តាផ្សេងៗ អ៊ីចឹងការលេងគ្រប់ ដូចជាល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត គឺដោយការទទួលខុសត្រូវ។ ហើយអ្វីដែលសំខាន់នោះ សុំឱ្យយុវវ័យទាំងអស់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះយុវវ័យ គឺជាសសរទ្រូងនៃប្រទេសជាតិ អីចឹងយើងជ្រើសរើសយកការ ដែលយើងចូលរួមនៅក្នុងពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ការសប្បាយរីករាយ ក៏ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ជាជាងការ ដែលពាក់ព័ន្ធទៅនឹងគ្រឿងញៀនជាដើម» ។
បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពរបស់ក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ ដែលកំពុងតែមមាញឹករៀបចំរូបនាគធ្វើពីឫស្សី លាបពណ៌មាស យ៉ាងស្រស់ស្អាត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញវិធានការយ៉ាងម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសទីតាំងសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការដាក់កម្លាំងល្បាត និងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិបានចូលរួមលេង កម្សាន្តនៅទីតាំងរមណីយដ្ឋានវត្តភ្នំនេះដោយភាពសប្បាយរីករាយ ៕
ចែករំលែកព័តមាននេះ