រាជធានីភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន នៅថ្ងៃទី៨ ដល់១០ខែមេសា កម្តៅបានកើនដល់៣៩អង្សាសេហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន ។
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤នៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៩អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។
ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ