ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំថ្មីនេះ ទេវតាឆ្នាំរោង សោយ «ងៀតគោ» ជាអាហារអម​ជាមួយនឹង​ផ្លែ​ឈើ៥​មុខ និង​ផ្កា

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ពោល គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ​២០២៤ ។ ជាមួយ​គ្នា​នោះ ទេវតា​ឆ្នាំ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ពោល គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ​២០២៤ ។

ជាមួយ​គ្នា​នោះ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរោង ឆស័ក នឹង​ត្រូវ​យាងចុះ​មក​ទទួល​ដំណែង ដើម្បី​គ្រប់គ្រង​ឋានមនុស្ស​លោក​ជំនួស​ទេវតា​ឆ្នាំ​ចាស់ គឺ​ឆ្នាំថោះ ។ ដល់​ចំណុច​នេះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដជា ចង់​ដឹង​ហើយ​ថា តើ​គួរ​រៀប​អ្វីខ្លះ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិសេស​គ្រប់​គ្នា​ពិតជា​ចង់​ដឹង​ហើយ​ថា តើ​ទ្រង់​នឹង​សោយ​សាច់​អ្វី​ជា​អាហារ​នោះ ។

ទេវតា​ឆ្នាំ​ថ្មី គឺ​ឆ្នាំរោង ឆស័ក មាន​ព្រះ​នាម ម​ហោ​ទ​រា​ទេវី ដែល​នឹង​យាងចុះ​មក​គ្រប់គ្រង​ជម្ពូទ្វីប​នៃ​មនុស្សលោក នៅ​វេលា​ម៉ោង​១០:១៧​នាទី​យប់ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១៣ ខែមេសា ឆ្នាំ​២០២៤ កំណត់​បានជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ។ ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង ម​ហោ​ទ​រា​ទេវី ទ្រង់​សោយ​សាច់​ទ្រាយ ពោល គឺជា​អម្បូរ​សត្វ​ឈ្លូស ជា​អាហារ ប៉ុន្តែ​បើ​គ្មាន​សាច់សត្វ​ឈ្លូស​ទេ គឺ​បងប្អូន ត្រូវ​ដាក់​ជំនួស​ដោយ​សាច់​គោ​ងៀត​កញ្ចប់ អម​ជាមួយនឹង​ផ្លែ​ឈើ ៥​មុខ និង​ផ្កា ។

គួរ​បញ្ជាក់​ថា ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម ម​ហោ​ទ​រា​ទេវី ជា​រាជបុត្រី​ទី​៧ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​ខៀវ លម្អ​នៅ​ព្រះ​កាណ៌ ដោយ​សៀតផ្កា​ត្រកៀត អ​ភ​រណៈ​និល​រតន៍ ភក្សាហារ​ទ្រង់​សាច់​ទ្រាយ ព្រះ​ហស្ត​ស្ដាំ​ទ្រង់​កងចក្រ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ត្រីសូល៍ ទ្រង់​គង់​ផ្ទំ​បើកព្រះនេត្រ នៅ​លើ​ខ្នង​ស្ដេច​មយូរា (​សត្វ​ក្ងោក​) ជា​យានពាហនៈ ។

នៅ​ពេល​គ្រប់​គ្នា​បានដឹង​ថា ទេវតា​ឆ្នាំរោង ទ្រង់​សោយ​សាច់​គោ​ងៀត​កញ្ចប់ ពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​លើក​ឡើង​ថា ឆ្នាំរោង សាច់​គោ​ងៀត​ពិតជា​ត្រូវប៉ាន់​ហើយ ខណៈ​មាន​បងប្អូន​ខ្លះ​ទៀត​លើក​ឡើង​ថា ជា​ជាង​ជាវ​គោ​ងៀត​កញ្ចប់ ដែល​មិនដឹង​ថា ជា​គោ​ងៀត​ខ្មែរ ឬ​គោ​ងៀត​កញ្ចប់​នាំ​ចូល​ពី​ប្រទេស​ជិតខាង បងប្អូន​យើង​នឹង​រៀបចំ​សាច់​គោ​ងៀត​ដោយ​ខ្លួនឯង ។

អ្នក​នាង គ​ន្ធា ដែល​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា «​មែនទែន​ទៅ លឺ​តែ​គេ​និយាយ​ពេញ​ផ្សា​រថា ទេវតា​ឆ្នាំរោង​សោយ​សាច់​គោ​ងៀត​កញ្ចប់ ដូច្នេះ ខ្ញុំ​ត្រៀម​ប្រឡាក់សាច់​គោខ្មែរ​យើង​ធ្វើ​ជា​ងៀត​គោ និង​រៀបចំ​ដាក់​កញ្ចប់​ឱ្យ​ស្អាតបាត​» ។ នៅ​ពេល​សួរ​ថា ម្តេច​មិន​ជាវ​សាច់​គោ​ងៀត​កញ្ចប់ ដែល​មាន​លក់​តាម​ទីផ្សារ​ស្រាប់​ៗ​នោះ អ្នក​នាង​គ​ន្ធា បញ្ជាក់​ថា «​បង​អើយ សាច់​គោខ្មែរ​លក់​ស្រស់​ៗ​ល្អ ដូច្នេះ​យើង​អាច​ទិញ​សាច់​គោខ្មែរ​យើង យក​សាច់​ល្អ​ៗ​មក​ប្រឡាក់​គ្រឿង​តាម​ចំណង់​ចំណូលចិត្ត ព្រោះ​ខ្ញុំ​មិនដឹង​ថា គោ​ងៀត​កញ្ចប់​លក់​នៅ​ទីផ្សារ​ជា​គោខ្មែរ ឬ​គោ​នាំ​ចូល​នោះ​ទេ​» ។

ពោល​ដល់​ចំណុច​នេះ ពលរដ្ឋ​ខ្មែរ និង​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ធំ​លើក​ឡើង​ថា ដើម្បី​ឱ្យ​ការ​រៀបចំ​សាច់​គោ​ងៀត​កញ្ចប់​ទទួល​ទេវតា បាន​ល្អ និង​បានជា​ប្រយោជន៍​ដល់​សង្គម​គ្រួសារ គួរតែ​គ្រួសារ​នីមួយ​ៗ​រៀបចំ​ប្រឡាក់សាច់​គោខ្មែរ បើសិនជា​មាន​ពេលវេលា​ធ្វើ​បាន ។ ចុះ​បងប្អូន​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ត្រៀម​ទិញ​សាច់​គោខ្មែរ មក​ប្រឡាក់​ជា​ងៀត​ដោយ​ខ្លួនឯង ឬ​ចង់​ជាវ​ពី​ផ្សារ​ដែល​មាន​ស្រាប់?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ