រាជធានីភ្នំពេញ ៖ តើអ្នកកំពុងឆ្ងល់ ឬធុញទ្រាន់នឹងកូនរបស់អ្នកដែលពួកគេមិនសូវអើពើនឹងអ្នក ឬផ្តល់ចម្លើយមួយម៉ាត់ ហើយដើរចេញមែនទេ ? អ្នកព្យាយាមនិយាយជាមួយកូន ប៉ុន្តែពួកគេគ្រាន់តែតបមួយម៉ាត់ប៉ុណ្ណោះ ។ អ្នកមិនដែលដឹងថា មានអ្វីកើតឡើងនៅក្នុងសាលារៀនទេ កូនរបស់អ្នកមិនដែលនិយាយអ្វីលើសពី “ល្អ” ឬ “យល់ព្រម” ។ ជាការពិតណាស់ យើងមិនអាចផ្លាស់ប្តូរកូនរបស់យើងបានទេ ប៉ុន្តែយើងអាចផ្លាស់ប្តូរវិធីដែលយើងប្រាស្រ័យទាក់ទងជាមួយពួកគេ ។
មានហេតុផល ៤ យ៉ាងដែលកូនរបស់អ្នកមិននិយាយជាមួយអ្នក និងអ្វីដែលត្រូវព្យាយាមជំនួសវិញ ៖
១. អ្នកដោះស្រាយបញ្ហារបស់ពួកគេច្រើនពេក ៖ ឪពុកម្តាយតែងតែសន្មត់ថា កូនរបស់ពួកគេចង់បានដំបូន្មាន ឬដំណោះស្រាយ ចំពោះបញ្ហារបស់ពួកគេ ។ ជំនួសឱ្យការស្តាប់កុមារ និងស្តាប់ទស្សនៈរបស់ពួកគេ ឪពុកម្តាយច្រើនបញ្ចេញគំនិតរបស់ខ្លួនឯងផ្ទាល់ ។ សួរពួកគេមើលថា តើពួកគេចង់ដោះស្រាយបញ្ហានោះដែរ ឬទេ ? លើកទឹកចិត្តកូនរបស់អ្នកឱ្យមានការបំផុសគំនិត និងការដោះស្រាយបញ្ហា ។ អនុញ្ញាតឱ្យកូនរបស់អ្នកសាកល្បងគំនិត ការគិត និងវិធីសាស្ត្ររបស់ពួកគេ បើទោះបីជាវាប្រហែលជាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះក៏ដោយ ។
២. អ្នកនិយាយច្រើនពេក ៖ ប្រសិនបើកូនរបស់អ្នកមិនសូវនិយាយច្រើន ពួកគេប្រហែលជាត្រូវការពេលវេលាដើម្បីនៅស្ងាត់ស្ងៀម ដើម្បីនៅម្នាក់ឯង ឬពេលវេលាដើម្បីដំណើរការអ្វីដែលអ្នកកំពុងសួរ ។ ប្រសិនបើកូនរបស់អ្នកជាមនុស្សនិយាយច្រើន ពួកគេអាចត្រូវការពេលវេលាបន្ថែមទៀតដើម្បីនិយាយ ។ ដូច្នេះ ចូរកាត់បន្ថយការនិយាយស្តី ហើយសួរសំណួរបើកចំហ ។ បន្ទាប់មករង់ចាំការឆ្លើយតបរបស់ពួកគេ ស្តាប់ដោយមិនរំខានពួកគេនិយាយ និងគាំទ្រកូនរបស់អ្នកដោយរក្សាភាពស្ងៀមស្ងាត់ ។
៣. អ្នកវិនិច្ឆ័យពេក ៖ បើអ្នកវិនិច្ឆ័យ ឬកាត់សម្តីកូន ពួកគេប្រហែលជាមិននិយាយជាមួយអ្នកទេ ព្រោះពួកគេខ្លាចការឆ្លើយតបរបស់អ្នក ។ ពួកគេអាចមានអារម្មណ៍ថា អ្នកនឹងរិះគន់ ឬមិនពេញចិត្តការសម្រេចចិត្តរបស់ពួកគេ និយាយអ្វីមួយអវិជ្ជមានអំពីគំនិតពួកគេ ឬផ្តល់ការពិន័យពួកគេជាដើម ។ សូមប្រយ័ត្នចំពោះការឆ្លើយតបរបស់អ្នក ហើយត្រូវរក្សាភាពអព្យាក្រឹត ។ សូមសួរសំណួរ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ជំនួសឱ្យការលោតទៅរកការសន្និដ្ឋាន ។ ពិនិត្យមើលថា តើកូនរបស់អ្នកមានអារម្មណ៍យ៉ាងណា ឬពួកគេគិតយ៉ាងណា តើវាធ្វើឱ្យកូនមានអារម្មណ៍បែបណា ? ឬ តើកូនគិតយ៉ាងណាចំពោះការសម្រេចចិត្តនោះ ? ។
៤. អ្នករំខាន ឬកាត់សម្តីកូនពេក ៖ ពេលខ្លះ កូនរបស់អ្នកប្រហែលជាត្រៀមខ្លួនជាស្រេចក្នុងការនិយាយ ប៉ុន្តែអ្នកមិនបាននិយាយអ្វី ឬខ្វល់ពីគេទេ ដោយសារតែអ្នករវល់ធ្វើអ្វីផ្សេង ឬកូនរបស់អ្នកប្រហែលជាធុញទ្រាន់ ពេលអ្នករវល់តែចុចទូរសព្ទ ឬធ្វើការអ្វីផ្សេងដោយមិនខ្វល់ពីពួកគេ ។ តាមដានកម្រិតនៃការរំខានរបស់អ្នកពេញមួយថ្ងៃ តើត្រូវផ្លាស់ប្តូរអ្វីខ្លះ ? ដាក់ទូរសព្ទរបស់អ្នកឱ្យឆ្ងាយក្នុងអំឡុងពេលនៅជាមួយកូន ជាពិសេសនៅពេលដែលកូនរបស់អ្នកត្រលប់មកពីសាលារៀន ឬអ្នកត្រលប់មកពីធ្វើការងារវិញ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ