រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ខេមរះ សិរីមន្ត បានចេញមុខបញ្ជាក់ឲ្យបានមហាជនបានដឹងជុំវិញការសម្តែងនៅក្នុងបទចម្រៀងថ្មីរបស់ខ្លួន បន្ទាប់ពីការសម្តែងនោះទទួលរងការរិះគន់ពីមហាជនមួយចំនួនចំពោះកំហុសខុសឆ្គង ។
កំហុសដែលខុសឆ្គងនោះ គឺដោយសារការសម្តែងក្នុងបទចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា «ឆ្នាំនឹងសប្បាយខ្លាំង» ដែលបានបញ្ចូលនូវសកម្មភាពបង្ហាញកាំភ្លើងបាញ់ទឹកដែលគេនិយមប្រើប្រាស់លេងនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសថៃ ។
សកម្មភាពមួយនេះ ត្រូវបានមហាជនមួយចំនួនសម្តែងការរិះគន់ និងមិនពេញចិត្តជាខ្លាំង ដ្បិតគេយល់ថា លោកជាតារាចម្រៀងល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បែរមិនជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ តែបែរជាជួយផ្សព្វផ្សាយអ្វីដែលប្រពៃណីប្រទេសគេទៅវិញ ។
ពាក់ព័ន្ធការរិះគន់ខាងលើនេះ ត្រូវបានតារាចម្រៀងលោក ខេមរះ សិរីមន្ត ចេញមុខបញ្ជាក់ថា បទចម្រៀងរបស់លោកមួយនេះ គឺជាបទបែបសប្បាយ និងចង្វាក់ទំនើប ខណៈពេលដែលការបញ្ចូលការសម្តែងដោយប្រើប្រាស់កាំភ្លើងបាញ់ទឹកជ័រនោះ គឺដោយសារកាំភ្លើងនេះមានប្រភពមកពីអឺរ៉ុប ហើយត្រូវបានគេដាក់លក់ពាសពេញពិភពលោក។
តារាចម្រៀងរូបនេះ បានលើកឡើងតាមបណ្តាញសង្គមថា សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍ MV បទ «ឆ្នាំនឹងសប្បាយខ្លាំង» បទនេះមិនមែនជាបទបែបប្រពៃណីទេ គឺជាបទបែបសប្បាយៗចង្វាក់បែបទំនើប តាមសម័យកាលទំនើប ហើយមួយវិញទៀត យើងបានផ្សារភ្ជាប់ជាមួយនឹងក្អមខ្មែរ និង កាំភ្លើងជ័ររបស់ក្មេងៗលេង មានប្រភពមកពីអឺរ៉ុប ដែលមានលក់ពាសពេញពិភពលោកហើយយើងបានច្នៃដាក់អក្សរអង់គ្លេសថា «I love Cambodia» និងអក្សរខ្មែរ ថា «ខ្ញុំស្រលាញ់កម្ពុជា» នៅលើកាំភ្លើងផងដែរ។
សង្ឃឹមថា បងប្អូននឹងរីករាយរាំលេង នាពេលចូលឆ្នាំថ្មីខាងមុខនេះ ហើយខ្ញុំបាទ ក៏មានបទចម្រៀងលក្ខណៈប្រពៃណីជាច្រើនបទទៀតដែលត្រៀមចេញផងដែរ🙏🏻 ។ ដោយឡែក ឆ្លើយតបទៅកាន់អ្នគគាំទ្រចំពោះការចង់ឃើញលោកចេញបទបែបកន្ទ្រឹមនៅក្នុងឱកាសបុណ្យចូលឆ្នាំដូចបណ្តាឆ្នាំកន្លងទៅនោះ តារាចម្រៀងលោក ខេមរះ សិរីមន្ត បានបញ្ជាក់តាមរយៈខំមិនថា ពីថាបទខ្ញុំពីមុនៗមានពេញក្នុងយូធូបបើបងប្អូនស្រលាញ់បទពីមុនបន្អូនអាចចូលទៅស្តាប់ទៅមិនអីទេតែពេលនេះសុំធ្វើបទចម្រៀងតម្រូវយុវជនខ្លះ 🙏🏻ណាមួយបើខ្ញុំធ្វើបទដូចពីមុនៗមិនផ្លាស់ប្តូរខ្លះនោះប្រាកដណាស់នឹងថាខ្ញុំធ្វើអីដដែលៗមិនខាន ។
ជាការកត់សម្គាល់ នៅមុនពេលឆ្លើយតបចំពោះការរិះគន់ខាងលើនេះដែរ លោក ខេមរះ សិរីមន្ត ក៏ធ្លាប់បានលើកឡើងម្តងហើយថា គ្រប់យ៉ាងដែលខ្ញុំបានប្រឹងប្រែងធ្វើនៅពេលនេះគឺដើម្បីប្រទេសជាទីស្រលាញ់របស់ខ្ញុំគ្រប់កិច្ចសហការ ជាមួយប្រទេសនាៗទាំងអស់គឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរ«ទោះពេលនេះមានបងប្អូនខ្លះមិនទាន់យល់ចិត្ត តែការពិតនឹងបង្ហាញនូវពេលលទ្ធផលពិតមកដល់»។
លោកបញ្ជាក់ថា «ទោះខ្ញុំមិនមែនជាអ្នកធំតែខ្ញុំសុំធ្វើកិច្ចការធំខ្លះជូនជាតិរបស់ខ្ញុំតាមរយៈវិជ្ជាជីវៈសិល្បៈដែលខ្ញុំមានបង្ហាញទៅពិភពលោក» ៕
ចែករំលែកព័តមាននេះ