នៅសល់មិនប្រមាណជាមួយឆ្នាំទៀតទេ កម្ពុជានឹងមានធនធានមនុស្ស ជាអ្នកឯកទេសជំនាញប្រមាណជា១.៥ លាននាក់ សម្រាប់បំពេញសេចក្តីត្រូវការកម្លាំងពលកម្មចាក់ចូលទៅក្នុងទីផ្សារ ។ ប៉ុន្តែមុនពេលពួកគេត្រូវចាក់បញ្ចូលទៅក្នុងទីផ្សារការងារ អ្នកជំនាញបានប្រាប់វិស័យឯកជនគួរគិតប្រាក់បៀវត្សតាមកម្រិតសញ្ញាប័ត្រជំនាញ ដើម្បីជំរុញយុវជនចូលសិក្សាជំនាញសម្រាប់បំពេញសេចក្តីត្រូវការក្នុងប្រទេស និងតំបន់ដែលកំពុងខ្វះកម្មករជំនាញទាំងនោះ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈក៏ត្រូវតែបង្ហាញ និងលើកទឹកចិត្តយុវជនអោយចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍បន្តថា «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើនេះល្អការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអ្នកមករៀនច្រើននាក់ ។ ខ្ញុំគាំទ្រទាំងស្រុងៗ អ៊ីចឹងត្រូវតែលើកទឹកចិត្តពលរដ្ឋយើងមកចាប់យកវិជ្ជាជីវៈអោយបានច្រើន ។ កាលណាគាត់ចាប់យកវិជ្ជាជីវៈបានច្រើន យើងមានកម្លាំងផលិត យើងទាក់ទាញវិនិយោគមក» ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងពង្រឹង និងជួយដល់យុវជនកម្ពុជាអោយក្លាយខ្លួនជាធនធានមនុស្សមានជំនាញសម្រាប់បំពេញតម្រូវការរបស់ទីផ្សារការងារ ទាំងក្នុងប្រទេស និងក្នុងតំបន់ដែលត្រូវការស្រូបទាញពួកគេមកចាក់បំពេញនៅតាមផ្នែកនៃការងារនីមួយៗ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា « រដ្ឋាភិបាលយើងកំពុងជូនអ្នកអត់មានចំណូលមួយខែ៤០ដុល្លារគ្រាន់តែអង្គុយរៀន ។ ត្រូវអោយមានប្រយោជន៍ ដូច្នេះមានសញ្ញាបត្រអោយប្រាក់ខែប៉ុន្មាន ត្រូវកំណត់ស្តង់ដារនោះ ។ កម្មករដែលមានជំនាញ មានសញ្ញាបត្រ៤ខែ តើគាត់ត្រូវមានកម្រិតប្រាក់ខែគាត់ទាបបំផុតប៉ុន្មាន? ជំនាញគាត់រៀនបានមួយឆ្នាំត្រូវអោយប្រាក់ខែគាត់ប៉ុន្មាន0x017d7 សម្រាប់ការងារនៅក្នុងរោងចក្រនេះរោងចក្រនោះ» ។
ដោយឡែកលោកបណ្ឌិត យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់កម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព ថា ការផ្តល់ប្រាក់បៀវត្សត្រូវតែធ្វើឡើងទៅសញ្ញាបត្រដែលយុវជនប្រឹងប្រែងរៀន ប្រសិនបើមិនផ្តល់តាមសញ្ញាបត្រដែលពួកគាត់ប្រឹងប្រែងរៀននោះទេ នឹងធ្វើអោយពួកគាត់បាក់ទឹកចិត្ត ។
លោកបណ្ឌិត យ៉ង់ គឹមអេង បន្តថា «ការដែលគាត់ប្រឹងប្រែងរៀន គាត់រៀនបានរហូតដល់ចប់ចុងចប់ដើមនេះ ទោះបីជាយ៉ាងណាក៏ដោយក៏ការយល់ដឹងរបស់គាត់មានភាពទូលំទូលាយជាងអ្នកដទៃដែរ ។ គួរតែផ្តល់ការលើកទឹកចិត្ត ហើយនឹងផ្តល់ការយកចិត្តទុកដាក់ចំពោះគាត់ បើសិនជាយើងមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់ទេ មិនខ្វល់ពីសញ្ញាបត្ររបស់ពួកគាត់ទេ អាចពួកគាត់មិនព្រមព្យាយាមរៀនសូត្រទេ ។ កាលណាគាត់អត់ប្រឹងប្រែងរៀនសូត្រ រដ្ឋខាតបង់ណាស់» ។
លោកបណ្ឌិត យ៉ង់ គឹមអេង បន្ថែមថា ការមិនយកចិត្តទុកដាក់អោយតម្លៃប្រាក់ បៀវត្សតាមសញ្ញាបត្រទេនោះយើងត្រូវតែធ្វើយ៉ាងណាអោយធនធានមនុស្សប្រឹងប្រែងរៀនសូត្រ ។ ហើយក៏នៅមានការផ្តល់អត្ថប្រយោជន៍ដល់គាត់តាមសញ្ញាបត្រដូចគ្នា ។
យុវនិស្សិត ទ្រី សូលីដែត ជាសិស្សកំពុងសិក្សាជំនាញបច្ចេកទេស បានអោយដឹងថា ការសិក្សាជំនាញបច្ចេកទេសមានអត្ថប្រយោជន៍មែនទែន បើសិនជាយើងបានចូលរួមវគ្គសិក្សាកម្មវិធីនេះធ្វើអោយយើងមានការយល់ដឹងច្រើន ៕ដោយៈ ស នីត
ចែករំលែកព័តមាននេះ