ខេត្តប៉ៃលិន ៖ មានការផ្អើលឆោឡោទាំងកណ្តាលអធ្រាត្រ ខណ:ដែលកម្មករកំពុងតែនាំគ្នាសម្រាកលង់លក់នៅក្នុងបន្ទប់រៀងៗខ្លួន ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីបន្ទប់អប់ផ្លែមៀន និងផ្លែស្វាយកែវរមៀត ក៏នាំគ្នាស្ទុះរត់ស្រែកហៅគ្នីគ្នាឱ្យទៅជួយពន្លត់ភ្លើង ។ តែដោយសារអគ្គិភ័យឆេះកាន់តែខ្លាំងឡើងៗ ទើបទាក់ទងទៅខាងនគរបាលពន្លត់អគ្គិភ័យ ឱ្យយករថយន្តជួយបាញ់ទឹកពន្លត់រហូតដល់ពេលព្រឹក ទើបអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ។
ហេតុការណ៍អគ្គិភ័យឆាបឆេះបន្ទប់រោងចក្រអប់ផ្លែឈើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ អ៊ី សាវុធ អាយុ៤២ឆ្នាំ ជាមេការរោងចក្រអប់ផ្លែឈើនេះបានឱ្យដឹងថា ៖ ក្រោយពីកម្មករធ្វើការងារតាំងពីព្រឹករហូតដល់ពេលល្ងាច ដោយនាំគ្នាអប់ផ្លែមៀនប៉ៃលិន និងផ្លែស្វាយកែវរមៀតរួចមក រហូតដល់វេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក៏នាំគ្នាទទួលទានអាហារពេលល្ងាច រួចឈប់សម្រាកតាមបន្ទប់រៀងៗខ្លួន។
លោកបន្តទៀតថា ប៉ុន្តែរហូតដល់វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ
មីនា ឆ្នាំ២០៤ ស្រាប់តែមានកម្មករស្រែកឆោឡោ ដោយសារឃើញអណ្តាតភ្លើងផុសចេញពីបន្ទប់អប់ផ្លែឈើ ហើយក៏នាំគ្នារត់រកទឹកធុង និងទុយោទឹកបាញ់ពន្លត់។ ប៉ុន្តែដោយសារនៅខាងក្នុងមានសុទ្ធតែក្រដាសខ្ចប់ផ្លែឈើពេញបន្ទប់ ទើបមិនអាចគ្រប់គ្រងស្ថានភាពបាន ក៏ប្រញាប់ទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យចូលទៅជួយបាញ់ទឹកពន្លត់តែម្តង ។
លោកបញ្ជាក់ទៀតថា ការបាញ់ទឹកពន្លត់នេះ ត្រូវប្រើរថយន្តចំនួន២គ្រឿង និងប្រើទឹកអស់ចំនួន៦រថយន្ត ពោលគឺរថយន្តត្រូវបើកដឹកទឹកពន្លត់ភ្លើងចេញចូលៗ ទើបអាចគ្រប់គ្រងស្ថានភាពអគ្គិភ័យទាំងស្រុង ដោយបាញ់ពន្លត់ទាំងស្រុងនៅពេលព្រឹកថ្ងៃដដែល ។ ការឆាបឆេះនេះ លោកសន្និដ្ឋានថា ដោយសារតែមានបញ្ហាទុស្សេខ្សែភ្លើងនៅក្នុងបន្ទប់អប់ផ្លែឈើខាងលើ ទើបបណ្តាលឱ្យក្លាយទៅជាអណ្តាតភ្លើងឆេះរាលដាលពេញក្នុងបន្ទប់ បណ្តាលឱ្យទទួលរងការខូចខាតអស់ជាច្រើន។
លោកបញ្ជាក់បន្ថែមទៀតថា សរុបការខូចខាតទាំងក្រដាសប្រអប់ សម្រាប់អប់ផ្លែឈើ ទូអប់ផ្លែមៀនប៉ៃលិន ទូត្រជាក់ និងសម្ភារផ្សេងៗនៅក្នុងបន្ទប់នោះ គិតជាថវិកាប្រហែល៣៥០០០ដុល្លារ។ ចំណែកក្រដាសខ្ចប់ផ្លែឈើ ដែលនៅសេសសល់ ត្រូវទទួលរងខូចខាតទាំងស្រុង ដោយសារតែបាញ់ទឹកពន្លត់ភ្លើងបណ្តាលឱ្យសើ។
ចែករំលែកព័តមាននេះ