បាងកក ៖ សត្វព្រៃកម្រជាច្រើនក្បាលត្រូវបានមន្ត្រីព្រលានយន្តហោះសុវណ្ណភូមិថតកាំរស្មីអ៊ិចឆែកឆេរឃើញលាក់ទុកក្នុងវ៉ាលិសចំនួន០៨ផ្សេងគ្នារបស់បុរសឥណ្ឌាមួយក្រុមដែលប៉ុនប៉ងរត់ពន្ធទៅកាន់ទីក្រុងបុមបៃ ។
បុរសអ្នកទេសចរណ៍ជនជាតិឥណ្ឌាចំនួន៦នាក់ ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរសត្វព្រៃខុសច្បាប់ចំនួន៨៧ក្បាល ក្នុងនោះ មានទាំងខ្លា ពស់វែក និងខ្លាឃ្មុំក្រហម ដែលជាប្រភេទសត្វជិតផុតពូជ ។
សារព័ត៌មាន Bangkok Post បានបញ្ជាក់នៅថ្ងៃទី០៦ ខែមីនា ថា ការរកឃើញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីបានកត់សម្គាល់ឃើញភាពមិនប្រក្រតីនៃលទ្ធផលកាំរស្មីអ៊ិចទៅលើវ៉ាលីមួយចំនួនរបស់លើជើងហោះហើរអន្តរជាតិ Thai Airways ទៅកាន់ទីក្រុងបុមបៃ ។
លោក Athapol Charoenshunsa អគ្គនាយកនៃនាយកដ្ឋានធនធានធម្មជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) បាននិយាយថា មន្ត្រីនៃប៉ុស្តិ៍ត្រួតពិនិត្យសត្វព្រៃប្រចាំព្រលានយន្តហោះសុវណ្ណភូមិបានរាយការណ៍ថា វ៉ាលិសចំនួន៨ ដែលជាកម្មសិទ្ធិរបស់អ្នកដំណើរជនជាតិឥណ្ឌា៦នាក់ ត្រូវបានឆែកឆេររកឃើញសត្វព្រៃជាច្រើនប្រភេទ រួមទាំងសត្វល្មូន និងថនិកសត្វ ។
អគ្គនាយកDNP បាននិយាយថា សត្វទាំងនោះនឹងត្រូវផ្ទេរទៅកាន់នាយកដ្ឋានដើម្បីសង្គ្រោះមុនពេលព្រលែងចូលព្រៃធម្មជាតិវិញ ។ នាយកដ្ឋានគយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានរកឃើញ សត្វជាច្រើនប្រភេទ រួមទាំងត្រកួត២៩ក្បាល សត្វពស់២១ក្បាល សត្វស្លាបចំនួន១៥ក្បាលដែលរួមទាំងសត្វសេកផងដែរ ។ សត្វព្រៃចម្រុះទាំងនេះ ស្ថិតនៅក្នុងបញ្ជីការពារនៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងប្រភេទសត្វជិតផុតពូជនៃសត្វព្រៃនិងរុក្ខជាតិ ហៅកាត់ថា Cites ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានដងស្រង់សម្តីប៉ូលីសថៃបានអះអាងថា ករណីថ្មីបំផុតចុងក្រោយនេះ ជនសង្ស័យជាជនជាតិឥណ្ឌាទាំង៦នាក់អាចប្រឈមនឹងការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាអតិបរមា១០ឆ្នាំ និងត្រូវបង្ខំឱ្យបង់ពន្ធនាំចូលក្នុងចំនួនទ្វេគុណនឹងបួនដង ។ ក្រៅពីរងការចោទប្រកាន់ពីបទជួញដូរសត្វព្រៃខុសច្បាប់ ជនសង្ស័យទាំងនេះក៏ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់គយផងរបស់ប្រទេសថៃផងដែរ ។
សារព័ត៌មានCNA របស់សិង្ហបុរីក៏បានចេញផ្សាយស្តីពីករណីជួញដូរសត្វព្រៃពីរប្រទេសថៃទៅឥណ្ឌានេះផងដែរ ដោយបញ្ជាក់ថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់អ្នកជួញដូរសត្វព្រៃខុសច្បាប់ ដែលជារឿយៗ សត្វព្រៃកម្រៗតែងត្រូវបានរត់ពន្ធយកទៅលក់សត្វនៅក្នុងប្រទេសចិន និងវៀតណាម ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះបានបែរមុខព្រួញទៅកាន់ឥណ្ឌាមួយទៀត។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បុរសអ្នកទេសចរណ៍ជនជាតិម៉ុងហ្គោលីម្នាក់ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិដូចគ្នាពីបទជួញដូរសត្វព្រៃខុសច្បាប់ ដោយរកឃើញ ត្រកួតយក្សKomodo ពស់ថ្លាន់ និងត្រីរស់ពីរដបចេញពីប្រទេសថៃ។
ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជនជាតិកូរ៉េម្នាក់ ដែលធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល បានរត់ពន្ធសត្វព្រៃជិត៦០ និងបុរសជនជាតិអ៊ីស្រាអែល ម្នាក់ទៀតក៏បានជួញដូរសត្វកម្រសរុប៨០ក្បាល ត្រូវបានប៉ូលីសឃាត់ខ្លួនផងដែរ ។ ហើយសត្វទាំងអស់ដែលត្រូវជួញដូរ ត្រូវបានគេខ្ចប់ចូលទៅក្នុងវ៉ាលីបិតជិតដើម្បីបំភាន់ភ្នែកមន្ត្រីត្រួតពិនិត្យនៅអាកាសយានដ្ឋាន ។
យ៉ាងណាក៏ដោយ ដោយសារតែសកម្មភាពលួចលាក់ជួញដូរសត្វព្រៃតាមយន្តហោះកើតមានបែបនេះ ទើបកន្លងមក សត្វមួយចំនួន ជាពិសេសគឺសត្វពស់តែម្តង តែងតែត្រូវបានឃើញប្រទះឃើញជាញឹកញ៉ាប់នៅក្នុងកាប៊ីនយន្តហោះដែលធ្វើឱ្យអ្នកដំណើរភ្ញាក់ផ្អើល ហើយករណីខ្លះបានបង្ខំឱ្យយន្តហោះធ្វើការចុះចតជាបន្ទាន់ថែមទៀតផង ៕ ដោយ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ