ទីក្រុងហាណូយ៖ ថ្ងៃនេះ តុលាការប្រជាជនទីក្រុងហូជីមិញចាប់ផ្ដើមបើកសវនាការកាត់ទោសទ្រង់ទ្រាយធំមិនធ្លាប់មាន កាត់ទោសសុទ្ធតែសេដ្ឋីដែលរកស៊ីបោកប្រាសគេ។ ក្នុងនោះ គេឃើញថាជនជាប់ចោទមានចំនួនជិត៩០នាក់ត្រូវបាននាំខ្លួនឡើងតុលាការពាក់ព័ន្ធនឹងការឆបោកដែលសរុបជាទឹកប្រាក់១២ពាន់លានដុល្លារ។ ក្រុមអ្នកច្បាប់យល់ថាបើតុលាការរកឃើញថាពួកគេមានទោសដូចការចោទប្រកាន់មែន អ្នកខ្លះអាចនឹងត្រូវប្រហារជីវិតព្រោះបោកលុយគេច្រើនពេក។
គេឃើញថានៅតាមដងវិថីឆ្ពោះទៅកាន់តុលាការមានសមត្ថកិច្ចយាមយ៉ាងក្រាស់ឃ្មឹក។ តាំងពីម៉ោង៧ព្រឹក សមត្ថកិច្ចបានដឹកជនជាប់ចោទ៨១នាក់តាមរថយន្តធុនធំរាប់សិបគ្រឿងចូលក្នុងតុលាការ។ ការកាត់ទោសដែលគេចាប់អារម្មណ៍ខ្លាំងគឺសំណុំរឿងក្រុមហ៊ុនវ៉ាន់ធិញផាត់ (Van Thinh Phat) ដែលរកស៊ីផ្នែកអចលនទ្រព្យ។ រឿងនេះធំមែនទែន គ្រាន់តែសាក្សីត្រៀមចូលឆ្លើយបំភ្លឺមានរហូតដល់២៤០០នាក់ និងមានមេធាវីម៤០នាក់រង់ចាំតតាំងក្ដីនៅក្នុងតុលាការ។ ដំណើរការកាត់ក្ដីនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ទើបបញ្ចប់។
នៅក្នុងចំណោមជនជាប់ចោទសរុប៨២នាក់នោះមាន៖ ទី១-មន្ត្រីជាន់ខ្ពស់ធនាគារ SCB៤៥នាក់, ទី២-មន្ត្រីធនាគារជាតិវៀតណាម១៥នាក់, ទី៣-មន្ត្រីអធិការកិច្ចរបស់រដ្ឋ៣នាក់ និងទី៤-អតីតមន្ត្រីទទួលបន្ទុកខាងសវនកម្មម្នាក់។ ពួកគេជាប់ចោទពីបទឆបោក, ផ្ដល់សំណូក និងទទួលសំណូក, រំលោភអំណាច, ធ្វេសប្រហែស និងធ្វើខុសនីតិវិធីធនាគារ។
រដ្ឋអាជ្ញាអះអាងថាស្ត្រីឈ្មោះឡានដែលជាប្រធានក្រុមហ៊ុនវ៉ាន់ធិញផាត់ (Van Thinh Phat) បានបង្កើតក្រុមហ៊ុនខ្យល់ចំនួនមួយពាន់ក្រុមហ៊ុនដែលបង្កើតឡើងមានតែឈ្មោះ គ្មានប្រតិបត្តិការអាជីវកម្មអ្វីទាំងអស់។ ក្រុមហ៊ុនទាំងនេះជាកូនជឹងរបស់ក្រុមហ៊ុនវ៉ាន់ធិញផាត់។ យុទ្ធសាស្ត្ររបស់ស្ត្រីឈ្មោះឡានគឺបង្កើតក្រុមហ៊ុនតូចៗដល់មួយពាន់ដើម្បីងាយស្រួលវេរលុយពីធនាគារចូលទៅក្នុងក្រុមហ៊ុនទាំងនោះក្រោមរូបភាពជាការផ្ដល់ប្រាក់កម្ចីធ្វើអាជីវកម្ម និងទិញភាគហ៊ុនរបស់ធនាគារ។
ស្ត្រីឈ្មោះឡានជាប់ចោទច្រើនករណីណាស់មានតាំងពីការផ្ដល់ប្រាក់សំណូក, ការធ្វើខុសពីនីតិវិធីរបស់ធនាគារ និងការឆបោកប្រាក់ជាង១២ពាន់លានដុល្លារ។ សំណុំរឿងរបស់ស្ត្រីឈ្មោះឡានមាន២ធំៗ ទី១-ការវេរលុយពីធនាគារ SCB ចូលទៅក្នុងក្រុមហ៊ុនខ្យល់ចំនួនមួយពាន់ក្រុមហ៊ុន និងទី២-ការឆបោកនៅក្នុងគម្រោងវិនិយោគខ្យល់ផន់ហ្ស៊ីស្គីម (Ponzi Scheme) (ដាក់លុយវិនិយោគទទួលបានការប្រាក់ខ្ពស់)។
ស្ត្រីឈ្មោះទ្រឿងមីឡាន (Truong My Lan) បានកេងកិបលុយជាង១២ពាន់លានដុល្លារពីធនាគារ SCB។ ស្ត្រីរូបនេះបង្វិលប្រាក់ពីធនាគារចូលទៅក្នុងក្រុមហ៊ុនខ្យល់ទាំងនោះដោយជ្រកក្រោមផ្លាក «ផ្ដល់ប្រាក់កម្ចីអាជីវកម្ម»។ រួចហើយ ក្រុមហ៊ុនទាំងមួយពាន់នោះបើកបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះក៏ប្រកាសក្ស័យទុនជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៨ដល់ខែតុលា ឆ្នាំ២០២២។
នៅពេលប្រកាសក្ស័យទុន រដ្ឋាភិបាលនឹងបញ្ជូនមនុស្សទៅស៊ើបអង្កេត និងធ្វើរបាយការណ៍ផ្ទៀងផ្ទាត់។ អ្នកស៊ើបអង្កេតនេះក៏ស៊ីសស៊ូសគ្នាជាមួយស្ត្រីឈ្មោះឡាននេះទៀតដើម្បីធ្វើរបាយការណ៍ភូតភរបញ្ជាក់ថាពិតជាក្ស័យទុនមែន។ នេះហើយគេហៅថាការឃុបឃិតគ្នាពុករលួយ និងទុច្ចរិតជាប្រព័ន្ធរវាងឯកជន និងមន្ត្រីរដ្ឋាភិបាល។
នៅក្នុងសំណុំរឿងមួយទៀត ស្ត្រីឈ្មោះឡានក៏បានឆបោកមនុស្សដែលដាក់ប្រាក់វិនិយោគបានការប្រាក់ខ្ពស់របៀបដូចជាផន់ហ្ស៊ីស្គីម (Ponzi Scheme)។ នៅក្នុងគម្រោងផន់ហ្ស៊ីស្គីមដាក់លុយវិនិយោគបានការប្រាក់ខ្ពស់នេះ ស្ត្រីឈ្មោះឡានអាចបោកលុយគេបាន១២០០លានដុល្លារនៅក្នុងគម្រោងវិនិយោគជាមួយក្រុមហ៊ុនវ៉ាន់ធិញផាត់ (Van Thinh Phat) ជាក្រុមហ៊ុនអចលនទ្រព្យទិញ-លក់ដី និងផ្ទះ៕
ប្រភព៖ Reuters និង Vietnam Express
https://www.reuters.com/world/asia-pacific/trial-begins-vietnams-largest-multi-billion-dollar-financial-scam-2024-03-05/
https://e.vnexpress.net/news/business/companies/van-thinh-phat-chairwoman-truong-my-lan-s-12b-fraud-trial-begins-4718448.html
អត្ថបទដទៃទៀតដែលពាក់ព័ន្ធនឹងប្រធានបទនេះ
វៀតណាមស៊ើបអង្កេតក្រុមហ៊ុនឆ.បោ.កអតិថិជនជាង៤ម៉ឺននាក់នៅក្នុងគម្រោងវិនិយោគខ្យល់
វៀតណាមកា.ត់.ទោ.សអ្នកលក់ផ្ទះល្វែងខ្យល់ឱ្យជា.ប់.គុ.កមួយជីវិត
ចែករំលែកព័តមាននេះ