ទីក្រុងកាប៊ុល៖ នៅទីបំផុត ក្រុមតាលីបង់យល់ព្រមដោះលែងឱ្យមានសេរីភាពវិញហើយនូវសកម្មជនស្ដាំនិយមម្នាក់របស់ប្រទេសអូទ្រីសដែលធ្វើដំណើរទៅប្រទេសអាហ្វហ្កានីស្ថាន ហើយត្រូវចាប់ខ្លួនព្រឹបតែម្ដងកាលពីខែឧសភា ឆ្នាំ២០២៣។ គាត់ឈ្មោះហឺបឺត ហ្វ្រីត (Herbert Fritz) អាយុ៨៤ឆ្នាំ។ រដ្ឋាភិបាលអូទ្រីសបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ថាលោកហ្វ្រីត (Fritz) ធ្វើដំណើរទៅដល់ទីក្រុងដូហា (Doha) បន្ទាប់ពីរដ្ឋាភិបាលប្រទេសកាតាជួយសម្រុះសម្រួលឱ្យមានការដោះលែង។
សូមរំលឹកឡើងវិញថាក្រោយការចាប់ខ្លួនលោកហ្វ្រីតនោះ សារព័ត៌មានឌែ ស្តេនដាត (Der Standard) របស់ប្រទេសអូទ្រីសបានចុះផ្សាយថាគាត់ធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន និងនិយាយអ្វីដែលល្អៗអំពីជីវភាពរស់នៅទីនោះ។ ពាក្យសម្ដីរបស់លោកហ្វ្រីតធ្វើឱ្យក្រុមដែលមាននិន្នាការប្រឆាំងនឹងជនអន្តោប្រវេសន៍រឹតតែជួយបំផុសបំផុលទៅពិភពលោកថាអាហ្វហ្កានីស្ថានជាប្រទេសដែលមានសុវត្ថិភាពល្អណាស់។ ជនអន្តោប្រវេសន៍ត្រូវតែចាកចេញទៅរស់នៅអាហ្វហ្កានីស្ថានវិញ។
សារព័ត៌មានឌែស្តេនដាត (Der Standard) ចុះផ្សាយថាទោះបីលោកហ្វ្រីតខំផ្សាយអ្វីដែលល្អៗអំពីប្រទេសអាហ្វហ្កានីស្ថាន ប៉ុណ្ណឹងហើយក៏ដោយ ក៏ពួកតាលីបង់មិនទាន់ជឿជាក់គាត់ទេ។ ពួកគេចាប់ខ្លួនគាត់ទុកឃុំមួយកន្លែងព្រោះសង្ស័យថាគាត់ចូលទៅលួចយកការណ៍សម្ងាត់។ ចរិតមនុស្សដែលចូលចិត្តសង្ស័យអ្នកដទៃគឺបែបនេះឯង គេហៅថាផារ៉ាណយ ឬឌីលូសឹន (delusional paranoid)។
ក្រសួងការបរទេសអូទ្រីសប្រកាសថាចាប់តាំងពីលោកហ្វ្រីតត្រូវបានចាប់ខ្លួនភ្លាម ក្រសួងក៏មិនបង្អែបង្អង់ដែរ។ ក្រសួងបានចាប់ផ្ដើមទាក់ទងទៅបណ្ដាប្រទេសមួយចំនួនដើម្បីខិតខំចរចាជាមួយក្រុមតាលីបង់ឱ្យមានការដោះលែងលោកហ្វ្រីត។ ដូច្នេះ ក្រសួងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកាតា និងតំណាងសហភាពអឺរ៉ុបនៅទីក្រុងកាប៊ុល ដែលបានជួយជ្រោមជ្រែងនៅក្នុងរឿងនេះរហូតដល់អាចដឹកជញ្ជូនលោកហ្វ្រីតវិលត្រឡប់ទៅប្រទេសអូទ្រីសវិញដោយជោគជ័យ។
សូមជម្រាបថាលោកហ្វ្រីតជាសមាជិកស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យជាតិនិយម (National Democratic Party) របស់ប្រទេសអូទ្រីស។ គណបក្សនេះជាក្រុមស្តាំនិយមជ្រុល ហើយត្រូវរដ្ឋាភិបាលចេញច្បាប់ហាមឃាត់ធ្វើនយោបាយតាំងពីឆ្នាំ១៩៨៨។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានឌែស្តេនដាត (Der Standard) និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ក្រោយការដោះលែងលោកហ្វ្រីត, «គណបក្សសេរីភាព» បានធ្វើសន្និសីទសារព័ត៌មានមួយ។
លទ្ធផលស្ទង់មតិបង្ហាញាថាគណបក្សដែលមាននិន្នាការស្ដាំនិយមជ្រុលនៅប្រទេសអូទ្រីសនេះទទួលបានសំឡេងនាំមុខគេនៅក្នុងគម្រោងបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនាពេលខាងមុខ។ គណបក្សបញ្ជាក់ថាលោកហ្វ្រីតគ្មានបំណងអាក្រក់ចំពោះរបបតាលីបង់ ឬចំពោះប្រទេសអាហ្វហ្កានីស្ថានទេ។ គោលបំណងធំទៅអាហ្វហ្កានីស្ថាននោះដើម្បីស្រាវជ្រាវ(research) សរសេរសៀវភៅ។ ក្រសួងការបរទេសនៃប្រទេសកាតាក៏អរគុណផងដែរចំពោះក្រុមតាលីបង់ដែលមានចិត្តមេត្ត-ករុណា សន្ដោសប្រណីចំពោះ លោកហ្វ្រីតដោយមិនចាប់ទោសអូសដំណើររូបគាត់ដែលមានវ័យចំណាស់ណាស់ទៅហើយ៕
ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/taliban-releases-austrian-far-right-activist-held-afghanistan-2024-02-25/
ចែករំលែកព័តមាននេះ