អាយុកាលជាមធ្យមរបស់ពលរដ្ឋកម្ពុជាត្រូវបានអង្គការសុខភាពពិភពលោកអះអាងថា កើនឡើងដល់ទៅ៧០ឆ្នាំ ពោល គឺវែងជាងកាលពី១០ឆ្នាំមុន ដល់ទៅ១១ឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលកាន់តែចាស់ ជំងឺព្យាធិ កាចសាហាវក៏ប្រឈមកាន់តែច្រើន ដែលទាមទារការចំណាយច្រើន ។…
អាយុកាលជាមធ្យមរបស់ពលរដ្ឋកម្ពុជាត្រូវបានអង្គការសុខភាពពិភពលោកអះអាងថា កើនឡើងដល់ទៅ៧០ឆ្នាំ ពោល គឺវែងជាងកាលពី១០ឆ្នាំមុន ដល់ទៅ១១ឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលកាន់តែចាស់ ជំងឺព្យាធិ កាចសាហាវក៏ប្រឈមកាន់តែច្រើន ដែលទាមទារការចំណាយច្រើន ។ ដូច្នេះគួរតែសន្សំលុយកាក់ខ្លះៗទុកអោយហើយ ។
មកដល់ពេលនេះ នៅពេលដែលជីវភាពពលរដ្ឋកាន់តែកែលម្អ ប្រាក់ចំណូលចូលរដ្ឋក៏កាន់តែប្រសើរ ដោយនៅពេលនេះ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីទ្រទ្រង់សុខមាលភាពសង្គមកាន់តែច្រើន ។ កម្មវិធីទាំងនេះមានដូចជា ការបង្កើតកញ្ចប់បេឡាជាតិសន្តិសុខសង្គម និងមូលនិធិសមធម៌ជាដើមដើម្បីធានាលើកកម្ពស់ និងផ្តល់ការយកចិត្តទុកដាក់ចំពោះសុខទុក្ខពលរដ្ឋ ។ ប៉ុន្តែសូមកុំផ្តេកផ្តួល ហើយក៏កុំរំពឹងលើបន្ទុករដ្ឋខ្លាំងពេក ។
រហូតមកដល់ពេលនេះ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលមន្ត្រីរាជការ កម្មករនិយោជិតដែលស្ថិតនៅក្រោមការគាំពារនៃគម្រោងរបស់រដ្ឋទាំងនោះ គឺអាចទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនានា ហើយរដ្ឋាភិបាលបានពង្រីកការទទួលខុសត្រូវនេះកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋបន្ថែមទៀតជាជំហានៗ ។ ទោះបីជាសេវាកម្មនេះវាមិនប្រសើរមិនល្អដូចជានៅស្រុកគេហើយជាទូទៅនៅតែមានការិះគន់ តែជាការទទួលខុសត្រូវមួយ។
នៅក្នុងស្ថានភាពនេះ នៅពេលដែលចាស់ទៅពលរដ្ឋយើងពិតជាអាចនឹងទទួលសេវាកម្ម ព្យាបាលជំងឺនានា ដោយមិនអស់ប្រាក់មែន ។ ប៉ុន្តែយើងក៏ត្រូវតែរិះគិតអំពីថ្លៃជីវភាពរស់នៅហូបចុក ហើយក៏ត្រូវការការចំណាយខ្លះសម្រាប់រ៉ាប់រងនូវការចំណាយផ្សេងៗដែលមិននៅក្នុងបញ្ជីទំនុកបម្រុងរបស់រដ្ឋ ។ ដូចនេះគោលការណ៍សន្សំប្រាក់ទុកសម្រាប់ចាស់ ជរា គឺត្រូវតែធ្វើ និងទម្លាប់ឲ្យហើយ ។
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ថ្វីត្បិតតែអាយុកាលជាមធ្យមពលរដ្ឋយើងកែលម្អច្រើន ប៉ុន្តែនៅពេលដែលចាស់ជំងឺជាច្រើនដែលប្រឈមខ្ពស់ គឺមានច្រើនដូចជា ជំងឺដាច់សរសៃឈាមជំងឺបេះដូង ជំងឺក្រិនថ្លើម ជំងឺផ្លូវដង្ហើម ទឹកនោមផ្អែម លើសឈាម និងតម្រង់នោមជាដើម ។ ក្រៅពីជំងឺទាំងនេះ ក៏ពលរដ្ឋត្រូវរស់ក្រោមការយាយីដោយជំងឺជាច្រើនមុខទៀត ដោយរួមទាំងជំងឺពុកឆ្អឹង មហារីក វង្វែងបាត់ការចង់ចាំ ។ល ។
ជំងឺទាំងនេះថ្លៃចំណាយ គឺខ្ពស់ខ្លាំងណាស់ ហើយនៅក្នុងករណីយើងចង់បានសេវាកម្ម ដែលប្រសើរហើយល្អជាងពលរដ្ឋដែលស្ថិតនៅក្រោមលក្ខខណ្ឌផ្តល់អោយយើងក្រោមកញ្ចប់មូលនិធិដែលបានកំណត់នៅក្នុងគោលនយោបាយជាតិ យើងដាច់ខាត គឺត្រូវតែមានលុយ កាក់ខ្លះ ចំណាយផ្ទាល់ខ្លួន ។
ការរ៉ាប់រងការចំណាយទាំងនេះ ប្រសិនបើយើងមានកូនដើរដោយគន្លងធរគេចេះយកចិត្តទុកដាក់គេដឹងគុណ គេចេះថែរក្សា និងធានាឲ្យជីវិតចុងក្រោយយើងរុងរឿងនោះមិនសូវជាក្តីបារម្ភទេ។ ប៉ុន្តែប្រសិនបើអត់វិញនោះ យើងកាន់តែពិបាក ដូច្នេះការសន្សំទុកសម្រាប់ខ្លួនយើងគួរតែអនុវត្ត ។
ម្យ៉ាងវិញទៀត ទោះបីជាយើងមានកូនមានចៅដោយគន្លងធម៌ក៏ពិតមែន ប៉ុន្តែនៅពេលដែលយើងចាស់ទៅមានលុយសន្សំនៅក្នុងដៃខ្លួនឯងក៏សម្រាលបន្ទុក ហើយពួកគេក៏ធូរស្រាលនៃការចំណាយខ្លះដែរ ។ នៅពេលនេះប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋយើងត្រូវបានរដ្ឋាភិបាលព្យាករណ៍ថា នៅក្នុងកម្រិតប្រមាណជា២០០០ដុល្លារនៅក្នុងមួយឆ្នាំ ដូច្នេះបើយើងអាចសន្សំប្រហែលជា១៥ភាគរយ ចាប់ពីអាយុ៣០ ឆ្នាំឡើងទៅ ទម្រាំដល់អាយុចូលនិវត្តន៍ត្រឹម៦០ ឆ្នាំយើងអាចនឹងសល់ប្រាក់គួរសម ។
ផ្អែកតាមមូលដ្ឋាននេះ យើងអាចនឹងសន្សំប្រាក់បានរយៈពេល៤០ឆ្នាំ ដូច្នេះប្រសិនបើមួយឆ្នាំ៣០០ ដុល្លារ យើងអាចមានប្រាក់មូលដ្ឋាននេះ១២.០០០ ដុល្លារដែរនៅអាយុ៦០ឆ្នាំ ។ ប៉ុន្តែប្រសិនបើយើងសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការប្រាក់នោះប្រាក់សន្សំរបស់យើងក៏អាចនឹងកើនឡើងទៅតាមកម្រិតអត្រាការប្រាក់បន្ថែមទៀត ដូច្នេះទម្រាំចាស់យើងពិតជាមានលុយនៅក្នុងដៃ ដែលអាចនឹងរស់នៅនាជីវិតចុងក្រោយដោយមិនសូវបារម្ភខ្លាំងទោះបីប្រាក់នេះមិនច្រើនបរិបូរណ៍ណាស់ណាក៏ដោយ ។
សរុបមកវិញ ដើម្បីអោយជីវិតនៅពេលដែលជរា គ្មានកម្លាំងកំហែង និងប្រាជ្ញាគ្រប់គ្រាន់ ដើម្បីបំពេញការងារចិញ្ចឹមជីវិត មានស្ថានភាពក្នុងកម្រិតជីវភាពសមរម្យ យើងគួរគប្បីខិតខំសន្សែ សន្សំបណ្តើរៗ ។ គិតហើយអនុវត្តចាប់ពីពេលនេះតទៅ លុះដល់យើងចាស់ទៅផលនឹងឃើញ ប៉ុន្តែប្រសិនបើយើងចេះតែបណ្តោយ និងមិនយកចិត្តទុកដាក់ ដឹងតែរកបានគិតតែពីចាយវាយហ៊ឺហារមួយខែអស់មួយខែ ដល់ពេលចាស់ទៅបាន យើងគិតគឺហួសពេលល្មម ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ