ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន​មិន​ទាន់​ដឹង​លទ្ធ​ផល​ឆ្នោត​សរុប​បន្ទាប់​ពី​រាប់​ជាង​១០ម៉ោង

9 ខែ មុន

ទីក្រុង​ឥស្លាម​ម៉ាបាត៖ ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ប្រទេស​ប៉ាគីស្ថាន​តាម​ពិត​ត្រូវ​​​ចាប់​ផ្ដើម និង​ប្រកាស​លទ្ធ​ផល​តាំង​ពី​យប់​មិញ​ ប៉ុន្តែ​ជាក់​ស្ដែង​​ត្រូវ​ពន្យារ​ពេល។ បញ្ហា​នេះ​​ធ្វើ​ឱ្យ​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រាប់​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​​​ប្រកាស​លទ្ធ​ផល​ភ្លាម​ៗ​បន្ទាប់​ពី​ឈប់​ទទួល​សន្លឹក​ឆ្នោត​រយៈ​ពេល​ដប់​ម៉ោង​ទៅ​ហើយ​នៅ​តែ​មិន​ទាន់​ដឹង​លទ្ធផល​ទៀត​។ ការ​បោះ​ឆ្នោត​នេះ​រៀប​ចំ​ឡើង​ក្រោម​បរិយា​កាស​ដ៏​អ័ព្ទ​អួរ​ អម​ដោយ​អំពើ​ហិង្សា​ និង​អំពើ​ភេរវកម្ម​ជា​ច្រើន​កន្លែង​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត​មួយ​សារ​ហើយ​ ស្លាប់​មនុស្ស​យ៉ាង​តិច​៣០​នាក់​។ ក្រោយ​មក​ទៀត​…

ទីក្រុង​ឥស្លាម​ម៉ាបាត៖ ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ប្រទេស​ប៉ាគីស្ថាន​តាម​ពិត​ត្រូវ​​​ចាប់​ផ្ដើម និង​ប្រកាស​លទ្ធ​ផល​តាំង​ពី​យប់​មិញ​ ប៉ុន្តែ​ជាក់​ស្ដែង​​ត្រូវ​ពន្យារ​ពេល។ បញ្ហា​នេះ​​ធ្វើ​ឱ្យ​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រាប់​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​​​ប្រកាស​លទ្ធ​ផល​ភ្លាម​ៗ​បន្ទាប់​ពី​ឈប់​ទទួល​សន្លឹក​ឆ្នោត​រយៈ​ពេល​ដប់​ម៉ោង​ទៅ​ហើយ​នៅ​តែ​មិន​ទាន់​ដឹង​លទ្ធផល​ទៀត​។

ការ​បោះ​ឆ្នោត​នេះ​រៀប​ចំ​ឡើង​ក្រោម​បរិយា​កាស​ដ៏​អ័ព្ទ​អួរ​ អម​ដោយ​អំពើ​ហិង្សា​ និង​អំពើ​ភេរវកម្ម​ជា​ច្រើន​កន្លែង​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត​មួយ​សារ​ហើយ​ ស្លាប់​មនុស្ស​យ៉ាង​តិច​៣០​នាក់​។ ក្រោយ​មក​ទៀត​ នៅ​​​ថ្ងៃ​បោះ​ឆ្នោត​​​មាន​អំពើ​ហិង្សា​ ការ​ផ្ទុះ​គ្រាប់​បែក និង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​​កើត​ឡើង​ជា​ថ្មី​​ បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​យ៉ាង​តិច​៩​នាក់​ទៀត​។​​ កាល​ពី​ម្សិល​មិញ សេវា​ទូរ​ស័ព្ទ​ចល័ត​ត្រូវ​កាត់​ផ្ដាច់​ទូ​ទាំង​ប្រទេស​ ធ្វើ​ឱ្យ​មនុស្ស​មិន​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន។​ ទោះ​បី​បេក្ខ​ជន​រូប​ណា​ទទួល​បាន​សំឡេង​ឆ្នោត​ប៉ុន្មាន​ក៏​គ្មាន​នរណា​ដឹង​​។

ប្រទេស​ប៉ាគីស្ថាន​ក៏​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​។​ អ៊ីន​ធឺណិត​រអាក់​រអួល​ជា​បញ្ហា​ធំ​ជាង​គេ​ដែល​មិន​ទាន់​អាច​ប្រកាស​លទ្ធ​ផល​ឆ្នោត​បាន​។ នេះ​បើ​យោង​តាម​លោក​ហ្សា​ហ្វា​ អ៊ីកបាល់​ (Zafar Iqbal) ជា​លេខា​ពិសេស​នៃ​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ប៉ាគី​ស្ថាន​។ ​លោក​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​​​​​បិទ​មណ្ឌល​បោះឆ្នោត​​ជាង​​​ដប់​ម៉ោង​​ទើប​តែ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​​ជា​​លើក​ទី​មួយ​។​ អ្នក​ដែល​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​គឺ​បេក្ខ​ជន​ដែល​គាំទ្រ​ដោយ​លោក​អ៊ីមរ៉ាង ហាន​ (Imran Khan) កំពុង​ជាប់​ពន្ធ​នាគារ​ និង​លោក​ណាវ៉ា សារីហ្វ​ (Nawaz Sharif) ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន និង​ជា​បេក្ខ​ជន​មក​ពី​គណ​បក្ស​សម្ព័ន្ធ​មូស្លីម​ប៉ាគីស្ថាន​ (Pakistan Muslim League)។

បើ​ប្រៀប​ធៀប​ជា​មួយ​ការ​បោះ​ឆ្នោត​កាល​ពី​អាណត្តិ​មុន​ដែល​អាច​ដឹង​លទ្ធផល​សរុប​ត្រឹម​តែ​ពាក់​កណ្ដាល​អធ្រាត្រ​ លើក​នេះ​សូម្បី​តែ​ផ្សាយ​លទ្ធផល​បឋម​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​​ក៏​ផ្សាយ​ទាំង​រអាក់​រអួល​​ផង​ដែរ​។ ពោល​គឺ​​ផ្សាយ​បាន​ប្រហែល​២០%​នៃ​អាសនៈ​សរុប​ទាំង​២៦៥​នៅ​ក្នុង​​សភា​។​ ដល់​ថ្នាក់​ហ្នឹង​ពេក​ គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិ​បញ្ជា​ទៅ​​ថ្នាក់​​ខេត្ត​ត្រូវ​តែ​ប្រកាស​លទ្ធផល​នៅ​ក្នុងរយៈ​ពេល​​​កន្លះ​ម៉ោង​។ បើ​មិន​ដូច្នេះទេ​នឹង​មាន​វិធាន​ការ​ក្ដៅ​។

យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ប៉ាគីស្ថាន​ ​​គណ​បក្ស​នយោបាយ​​ត្រូវ​​ទទួល​បាន​អាសនៈ​យ៉ាង​តិច​១៣៣​នៅ​ក្នុង​សភា​ទើប​អាច​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​ឯង​បាន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​សម្លឹង​ឃើញ​ថា​គណ​បក្ស​ណា​មួយ​អាច​ឈ្នះ​ដល់​ថ្នាក់​ហ្នឹង​ទេ​។ លោក​ណាវ៉ា សារីហ្វ​ (Nawas Sharif) ដែល​គេ​គិត​ថាអាច​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​នាំ​មុខ​គេ​ បាន​ប្រកាស​ទុក​តាំង​ពី​ពេល​លោក​ទម្លាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ធុង​ឆ្នោត​ថា​លោក​ត្រូវ​ការ​ឈ្នះ​ឆ្នោត​លើក​នេះ​ផ្ដាច់​មុខ​តែ​ម្នាក់​ឯង​។ លោក​មិន​ត្រូវ​ការ​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជា​មួយ​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​នោះ​ទេ​។​

រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ជាតិ​ជា​ច្រើន​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ និង​​​មណ្ឌល​បោះ​ឆ្នោត​។ ​​ព្រំ​ដែន​គោក​ជា​មួយ​អ៊ីរ៉ង់ និង​អាហ្វ​ហ្កានី​ស្ថាន​​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​។​ ​​ពង្រឹង​សន្តិសុខ​ដល់​ថ្នាក់​ហ្នឹង​​​​​នៅ​​តែ​មាន​មនុស្ស​ស្លាប់​​ថែម​​​៩នាក់​ទៀត​ដោយ​សារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​ និង​​ការ​ផ្ទុះ​គ្រាប់​បែក​​កាល​ពី​ម្សិល​មិញ​។ ​​ទោះ​បី​ត្រូវ​ញាំ​ញី​ដោយ​វិបត្តិ​ចាក់​ស្រេះ​ ជា​ពិសេស បញ្ហា​សន្តិ​សុខ​ និង​អាកាស​ធាតុ​ត្រជាក់​យ៉ាង​ណា​ក្ដី ប្រជា​ជន​ប៉ាគីស្ថាន​នៅ​តែ​ជម្នះ​នឹង​ឧបសគ្គ​ទាំង​នេះ​។ ពួក​គេ​ឈរ​តម្រង់​ជួរ​គ្នា​​ដើម្បីរង់​ចាំ​គូស​សន្លឹក​ឆ្នោត​តាំង​ពី​មុន​ពេល​​បើក​ទ្វារ​មណ្ឌល​​បោះ​ឆ្នោត​ទៅ​ទៀត​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/pakistan-votes-amid-polarisation-militant-attacks-economic-crisis-2024-02-07/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ