ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ មិនបានលើកពី​បញ្ហា​បើក​ច្រកព្រំដែន​ប្រាសាទព្រះវិហារ និងការ​ចាប់​ខ្លួន​​សកម្មជន​បក្សប្រឆាំង​​​ទេ​

9 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងជំនួប​ទ្វេភាគី នៅទីក្រុងបាងកក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា និងថៃ មិនបានលើកឡើងពី​បញ្ហាបើកច្រកព្រំដែន​ប្រាសាទព្រះវិហារ ដែល​ភាគីទាំងពីរ…

ភ្នំពេញ៖ ក្នុងជំនួប​ទ្វេភាគី នៅទីក្រុងបាងកក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា និងថៃ មិនបានលើកឡើងពី​បញ្ហាបើកច្រកព្រំដែន​ប្រាសាទព្រះវិហារ ដែល​ភាគីទាំងពីរ បានកើត​ជម្លោះ​ រហូតដល់ផ្ទុះអាវុធដាក់គ្នា ចាប់តាំង​ពី​ខែកក្កដា ឆ្នាំ២០០៨​ ហើយបានបិទច្រកព្រំដែន​នោះ មកដល់ពេលនេះ​។ នេះបើតាម​លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី បានថ្លែង​ក្នុង​សន្និសីទកាសែត​។

បន្ទាប់​ពី​ចុះពីយន្តហោះអមដំណើរ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បាន​ឆ្លើយនឹងសំណួររបស់​អ្នកកាសែត យ៉ាងដូច្នេះ​ថា «ជាការពិត នៅមុនដំណើរទស្សនកិច្ចរបស់​សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ មានការលើកឡើង​តាមសារព័ត៌មាន​ ដែលជាការ​លើកឡើងពីព្រឹទ្ធសមាជិក និង​​អ្នក​​តំណាង​រាស្ត្រ​​ថៃ​​មួយ​​ចំនួន ដែលចង់ឃើញនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន លើក​មក​ពិភាក្សា​ជា​មួយ​សម្តេច​ធិបតី នូវ​លទ្ធភាព​​នៃការបើកច្រក​ព្រំដែនប្រាសាទព្រះវិហារ។ ប៉ុន្តែនៅថ្ងៃនេះ នៅបាងកក ការពិតជាក់ស្តែង គឺខាងភាគីថៃ មិនបានលើក​មកពិភាក្សាទេ​ បាទ»។

ចំណែកករណីថៃ បានចាប់សកម្មជន​បក្សប្រឆាំង​កម្ពុជាប៉ុន្មាននាក់ ដែលបានរត់ទៅជ្រកកោន​ នៅប្រទេសថៃ នៅប៉ុន្មានថ្ងៃ មុនដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ត្រូវបានលោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានដកដង្ហើមធំ មុននឹង​ឆ្លើយត​ប​នឹងសំណួរ​អ្នកកាសែត​ថា « តាមពិតទៅ អឺ…! ទាំងភាគីថៃ និងទាំងភាគីកម្ពុជា មិនបានលើកឡើងនូវអ្វីដែល​​លោក សារ៉ាយ បាននិយាយនោះទេ ( ថៃ​ចាប់ខ្លួនសកម្មជនបក្សប្រឆាំង​កម្ពុជា ដែលកំពុងជ្រក​កោន​​នៅថៃ​ )។ ខ្ញុំដឹង មានព័ត៌មានអីចឹងមែន! ប៉ុន្តែ​មានការលើកឡើងមួយ ហើយទាំងអស់គ្នា ច្បាស់ជាបានដឹងហើយ តាមរយៈសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ នោះគឺការលើកឡើងទាំងខាងថៃ ក៏ដូចខាង​កម្ពុជា ការលើកឡើង​យ៉ាងឱឡារិកក្រៃលែង ថាថៃ​មិនអនុញ្ញាត​ឱ្យបុគ្គល​ម្នាក់ ឬក៏បុគ្គលមួយក្រុម ប្រើប្រាស់​ទឹកដីថៃ ដើម្បីបង្ក​សកម្មភាព​ប្រឆាំង​នឹងកម្ពុជាទេ។ ដូចគ្នា កម្ពុជា​បានប្រកាសជាឱឡារិក និងជាផ្លូវការ​នៅចំពោះ​មុខ​​អ្នក​សារ​ព័ត៌មាន​ថៃ ថាកម្ពុជាក៏មិនអនុញ្ញាត​ឱ្យ​មានបុគ្គលណាម្នាក់ ឬក្រុម​បុគ្គល​ណា ប្រើប្រាស់ទឹកដី​កម្ពុជា ដើម្បីបង្កសកម្មភាព​ប្រឆាំងនឹងថៃដែរ»​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ