រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម ធ្វើឱ្យបងប្អូនមហាជនពិតជាប្លែកអារម្មណ៍ទៀតហើយ ក្រោយពេលឃើញយាយៗឡើងរាំចង្វាក់ក្បាច់ កន្ទ្រឹម និងរាំវង់យ៉ាងស្រស់ស្អាតតែម្ដង ហើយកំពុងតែសាងការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះដូចពាក្យគេថា អាយុគ្រាន់តែជាតួលេខ សំខាន់កាលពីក្មេងរាំសប្បាយម្ដង ដល់ចាស់កោងខ្នងរាំសប្បាយផ្តាំចាស់ម្ដងទៀត។
យុវជនស្រករក្រោយ តិចថា មិនចេះរាំចង្វាក់ប្រជាប្រិយខ្មែរទៅ? ក្រោយយាយៗមួយក្រុម រាំចង្វាក់ប្រជាប្រិយខ្មែរបានយ៉ាងល្អសមឥតទាស់ ហើយស្រុះគ្នាទៀត ធ្វើឱ្យមហាជនសម្តែងការពេញចិត្តយ៉ាងខ្លាំង តាមរយៈការរាំចង្វាក់ទាំងអស់នោះ ហើយនេះក៏ជាការថែរក្សា អភិរក្ស នូវក្បាច់រាំទាំងនេះឱ្យកាន់តែគង់វង្សផូរផង់ផងដែរ។
ជាការពិតណាស់ «ខ្ញីចាស់កាន់តែហឹរ» ដោយមហាជនជាច្រើនបានសរសើរលោកយាយមិនដាច់ពីមាត់នោះឡើយ ចំពោះការរាំដ៏ស្រស់ស្អាតនេះ ហើយនេះអាចនិយាយបានថា គឺជារូបភាពដាស់តឿនដល់យុវជន ឱ្យងាកមកចាប់អារម្មណ៍លើចង្វាក់ប្រជាប្រិយខ្មែរ និងលះបង់នៅសិល្បៈបរទេស ដែលមិនមែនជាសិល្បៈរបស់ខ្លួន។
តាមរយៈវីដេអូនេះ ត្រូវបានចែកចាយដោយ លោក ស៊ឹម សុភ័ណ្ឌ ដែលត្រូវគេស្គាល់ថា គឺជាតារាសម្តែងនោះ លោកបានធ្វើការចែកចាយរូបភាពវីដេអូទាំងនេះ ដោយលោកលើកឡើងថា «មិនសរសើរមិនបាន ម៉ែម៉ែរាំក្បាច់ស្រុះគ្នាស្អាតណាស់ ក្មេងៗខ្លះសុំចាញ់ម៉ែម៉ែហើយ។ ម៉ែម៉ែ និងយាយយាយ សុំសប្បាយម្ដងហើយ គឺសប្បាយផ្តាំចាស់ »។
ចំពោះរូបភាពវីដេអូខាងលើនេះ ឃើញថា មិនសរសើរមិនបាននោះទេ ដោយលោកយាយរាំមួយៗ សំខាន់វគ្គមានចង្វាក់ មានក្បាច់ ដៃក៏ល្វត់ល្វន់ ចង្កេះក៏បាន រហូតធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការសរសើរ ហើយនាំគ្នាលើកឡើងថា «លោកយាយរាំក្បាច់នេះ បានចំចង្វាក់ពីដើមល្អណាស់ ហើយលើកដៃ និងជើងបានស្រុះគ្នា សូមអរគុណណាស់»។ និងអ្នកខ្លះទៀតលើកឡើងថា «ក្មេងៗឥឡូវមួយចំនួន គេចាក់បទរាំវង់ សារ៉ាវ៉ាន់ ម៉ាឌីស្សុន… អីនឹង គ្មានអ្នកចូលរាំទេ មានតែដេញគេឱ្យដូរបទ»។
មហាជនខ្លះទៀតក៏បានខមិនលើកឡើងថា «លោកយាយបង្ហាញក្បាច់ដល់ចៅៗជំនាន់ក្រោយ ចូររក្សាឱ្យបានណាកូនចៅ។ អរព្រះគុណណាស់លោកយាយ»។ អ្នកខ្លះទៀតបានធ្វើការលើកឡើងថា «នៅស្រុកណាអូន រាំស្អាតៗណាស់ ម៉ាក់អ៊ំៗអើយ ក្មេងៗឥឡូវរាំអត់ស្អាតដូចម៉ាក់យាយ ម៉ាក់អ៊ំ ហ្នឹងទេ»។
ក្រោយមានការលើកឡើងពីមហាជនច្រើនផុសផុលរួចហើយនោះ សង្ឃឹមថា យុវជននឹងងាកមកចាប់អារម្មណ៍ចំពោះចង្វាក់ប្រជាប្រិយខ្មែរទាំងនេះ ព្រោះមានតែជាតិសាសន៍ខ្មែរតែប៉ុណ្ណោះ ដែលជាអ្នកថែរក្សានូវសម្បត្តិទាំងនេះ ក៏ដូចជាលើកស្ទួយ និងការពារឱ្យគង់វង្សផងដែរ។
គួរបញ្ជាក់ផងដែរថា តាមរយៈការរំលេចចេញនេះ សង្ឃឹមថា នឹងជាសាររូបភាពវីដេអូមួយ ដែលធ្វើឱ្យយុវជនជួយលើកស្ទួយ ថែរក្សា ក៏ដូចជា ការពារសិល្បៈរបាំប្រពៃណីឱ្យកាន់តែល្អ ព្រោះប្រជាជនខ្មែរ គឺជាពលរដ្ឋដែលរួសរាយ និងពូកែញញឹមទៀតផង៕
អត្ថបទដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ