រាជធានីភ្នំពេញ ៖ ក្រោយពីបានស្រាវជ្រាវ និងបានឆែកទៅលើកាមេរ៉ាសុវត្ថិភាព រួមទាំងសួរនាំជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ដោយពិតប្រាកដនោះ នៅទីបំផុត មន្ត្រីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ម្នាក់ និងប្រជាការពារចំនួន២នាក់ទៀតត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីកំហែងយកប្រាក់ ។
យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ លើផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែ ..;ង យកប្រាក់ ។
យោងតាមប្រភពខាងលើបន្តទៀតថា ជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ នាង វណ្ណី ហៅប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និង៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ