ខេត្តបាត់ដំបង ៖ ទីតាំងប្រព្រឹត្តបទល្មើសនេសាទចំនួន០៤កន្លែង ដែលស្ថិតក្នុងតំបន់«អតីតដែនឡូត៍នេសាទលេខ១» ត្រូវបានមន្ត្រីកម្លាំងជលផល ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចមូលដ្ឋានផងចុះទៅកាប់កម្ទេចចោល កាលពីថ្ងៃទី ២៧ មករា ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។
កម្លាំងចុះបង្ក្រាបបានរាយការណ៍ថា កម្លាំងចម្រុះរបស់ស្រុកឯកភ្នំ ដែលដឹកនាំដោយមន្ត្រីជលផល បានចុះទៅកាន់តំបន់ «អតីតដែនឡូត៍នេសាទលេខ១» ហើយបានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ចំនួន០៤ទីតាំង ។
ប្រភពដដែលបានឱ្យដឹងទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនោះ កម្លាំងចម្រុះបានកាប់បំផ្លាញចោលរួមមាន ៖ សាច់ស្បៃមងប្រវែង២៣០០ម៉ែត្រ បង្គោលឈើជាង៨០០ដើម ឡុកចាប់ត្រីចំនួន៩ និងព្រលែងកូនត្រីជាច្រើនគីឡូក្រាមចូលទឹកវិញ តែមុខសញ្ញាជនប្រព្រឹត្ត សមត្ថកិច្ចហាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
មានការកត់សម្គាល់ដែរថា កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅប្រចាំការនៅតំបន់ទន្លេសាបតែម្ដង ដើម្បីបង្ក្រាបបទល្មើសនេសាទ ។ ប៉ុន្មានខែកន្លងទៅនេះ កម្លាំងសមត្ថកិច្ចចម្រុះតែងចុះបង្ក្រាបបទល្មើសនេះស្ទើររាល់ថ្ងៃ កាប់បំផ្លាញចៅលនូវឧបរកណ៍នេសាទល្មើសច្បាប់នេះរាប់ពាន់ម៉ែត្រ តែគេមិនធ្លាប់ចាប់បានជនប្រព្រឹត្តបទល្មើសនេះបានម្នាក់ទេ ។
បើទោះជាកិច្ចប្រតិបត្តិការនេះ ធ្វើដូចភ្លៀងរលឹមក្ដី តែជនល្មើសកាន់តែបង្កើនសកម្មភាពប្រព្រឹត្តបទល្មើសទ្វេដង ហាក់ផ្គើមនឹងកម្លាំងសមត្ថកិច្ចណាស់។ នេះដោយសារតែពួកជនទុច្ចរិតប្រព្រឹត្តល្មើសទាំងនោះ មិនត្រូវបានចាបើខ្លួន ស្ថិតនៅក្រៅសំណាញ់ច្បាប់ ទើបពួកគេមានសេរីភាពប្រព្រឹត្តបទល្មើសតាមទំនើងចិត្តបង្ក្រាបមិនចេះថមថយបែបនេះ៕
ចែករំលែកព័តមាននេះ