រាជធានីភ្នំពេញ ៖ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ពិសេសប៉ុន្មានករណីចុងក្រោយនៅភ្នំពេញដែលគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបរឡាន ផឹកស្រាស្រវឹង ហើយបើកបុកស្លា.ប់មនុស្សច្រើននាំឱ្យនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានប្រកាសណែនាំឱ្យមេប៉ូលិសចាត់ចែងកម្លាំងប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យអ្នកបើកបរ ដែលមានជាតិស្រវឹង ។
ទទួលបានបទបញ្ជានេះ ប៉ូលិសបានប្រជុំ និងដាក់ផែនការឆ្មក់ត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរតាមផ្លូវនានា ពិសេសនៅភ្នំពេញ ប៉ូលិសតាមខណ្ឌនានា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានចាប់ផ្តើមដាក់កម្លាំងចេញត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ រួមទាំងការពិនិត្យជាតិអាល់កុល លើអ្នកបើកបរតាមផ្លូវជាច្រើន ។
មកដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនានា រួមមាន ៖ ឃាត់យានយន្តល្មើសសរុបចំនួន២៣៤គ្រឿង (រថយន្ត០៥គ្រឿង ម៉ូតូចំនួន២២៩គ្រឿង) ។
ក្នុងនោះ ល្មើសជាតិស្រវឹងចំនួន២៣គ្រឿង ដោយក្នុងកម្រិត០.២៥- ០.៣៩ mg/L ចំនួន ០៧គ្រឿង (អ្នកបើកបរម៉ូតូ ចំនួន០៤នាក់ និងអ្នកបើកបររថយន្តចំនួន០៣នាក់) និងកម្រិត០.៤៩ mg/L ឡើង ចំនួន១៦គ្រឿង (អ្នកបើកបរម៉ូតូចំនួន១៤នាក់ និងអ្នកបើកបររថយន្ត ចំនួន០២នាក់) ។
ចំណែកបទល្មើសផ្សេងៗ ក្នុងប្រតិបត្តិការ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក៏ត្រូវបានប៉ូលិសប្រកាសថា មានចំនួន២១១គ្រឿង ( អត់មួកសុវត្ថិភាពចំនួន២០៤គ្រឿង គ្មានកញ្ចក់មើលក្រោយចំនួន០២គ្រឿង កែច្នៃស៊ីម៉ាំងចំនួន០២គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន០៣គ្រឿង)។
ចំពោះប្រតិបត្តិការរបស់ប៉ូលិសត្រួតពិនិត្យ នៅពេលយប់នេះ គេឃើញនៅតាមហ្វេសប៊ុក ក្នុងក្រុមឆាត messenger និងនៅតាមក្រុមតេឡេក្រាមជាច្រើនបានចែកចាយនូវក្រដាសផែនការរបស់ប៉ូលិស ដែលនឹងដាក់កម្លាំងស្ទាក់ចាប់ត្រួតពិនិត្យ អ្នកបើកបរល្មើសច្បាប់ រួមទាំងអ្នកផឹកស្រាស្រវឹង ហើយមកបើកបរ ។ ក្នុងនោះក៏មានអ្នកបង្ហោះសារតាមហ្វេសប៊ុកថា«យប់នេះ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរ គ្រប់គោលដៅ ក្នុងរាជធានីភ្នំពេញ! អ្នកផឹក គួរបន្ថយ ផង!»។
សារនេះ បង្ហាញទៅកាន់អ្នកផឹកស្រា ហើយបើកបរយានយន្ត ម៉ូតូឡាន នៅពេលយប់ៗថា កុំផឹកស្រា ហើយបើកបរព្រោះបើផឹកស្រា ហើយបើកបរម៉ូតូ ឡាន នឹងត្រូវប៉ូលិសចាប់។ ដូច្នេះក្រុមអ្នកផឹកស្រានោះ គឺខ្លាចប៉ូលិសចាប់ទើបមិនផឹកស្រា ។ មិនមែនផឹកស្រា ហើយបើកបរខ្លាចល្មើសច្បាប់ និងខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍ឯណា ។
ក្នុងសង្គមយើង អ្នកបើកបរ និងអ្នកធ្វើដំណើរតាមម៉ូតូឡានមួយចំនួនសព្វថ្ងៃនេះ ខ្លាចប៉ូលិសចាប់ច្រើនជាងខ្លាចច្បាប់ និងខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍ ។ អ្នកធ្វើដំណើរតាមម៉ូតូខ្លះពាក់មួកសុវត្ថិភាព ក៏ព្រោះតែខ្លាចប៉ូលិសចាប់ផាកពិន័យ ។ បើធ្វើដំណើរជិតៗផ្ទះ ឬនៅផ្លូវក្នុងៗនៅភ្នំពេញ ហើយច្រើនបំផុតនៅតាមបណ្តាខេត្ត គឺមិនពាក់មួកសុវត្ថិភាពឡើយ ។ នេះជារឿងពិតមួយ ។
ដូចគ្នាដែរ អ្នកបើកបរម៉ូតូ និងឡានមួយចំនួនទៀតនៅពេលជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ឬក៏ចូលរួមពិធីការ គឺផឹកស្រា ហើយក៏ជជែកគ្នាថា «មិនហ៊ានផឹកច្រើនទេ ខ្លាចប៉ូលិសចាប់វាស់ជាតិអាល់កុល» ឬក៏អ្នកខ្លះថា មិនអីទេ ផ្លូវទៅផ្ទះវិញ គឺមិនមានប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យទេ! កុំខ្លាចលើកដាច់ទៅ…»។
យ៉ាងណាក៏ដោយ ទាំងអ្នកបើកបរម៉ូតូ ទាំងអ្នកធ្វើដំណើរតាមម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព ទោះជាធ្វើដំណើរផ្លូវជិត ឬនៅជិតៗផ្ទះ ឬក៏ជិះតាមផ្លូវក្នុងៗ ឬផ្លូវតូចៗក៏ដោយ ។ មូលហេតុ គឺពាក់មួកសុវត្ថិភាពពេលបើកបរ និងរួមដំណើរជិះតាមម៉ូតូ ដើម្បីតែការពារកុំឱ្យបែកក្បាលរបស់ខ្លួនឯងនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ ឬដួលម៉ូតូ ។ រីឯអ្នកបើកបរឡាន ក៏ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព រៀងរាល់ឡើងកាន់ចង្កូតឡាន ឬអង្គុយកៅអីខាងមុខមិនថា ទៅជិតៗឬទៅផ្លូវឆ្ងាយ ឬក៏ធ្វើដំណើរតាមផ្លូវជាតិនោះទេ ។ ការប្រើប្រាស់ទូរស័ព្ទដៃពេលបើកបរក៏មិនត្រូវធ្វើទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ។
បើផឹកស្រា គឺមិនត្រូវបើកបរដាច់ខាត ។ មិនថា ផឹកតិចផឹក១កំប៉ុង ២កំប៉ុង ឬ៣កំប៉ុងទេ។ បើផឹកត្រូវតែ មានអ្នកបើកបរឱ្យមិនថា ម៉ូតូ ឬឡានទេ ។ បើថា មិនមានអ្នកបើកឡាន ឬបើកម៉ូតូឱ្យទេ ហើយផឹកស្រា គឺមធ្យោបាយល្អបំផុត ហើយសុវត្ថិភាពបំផុតនោះ គឺហៅឡានតាក់ស៊ី ឬម៉ូតូកង់បី Pass App ជិះ ។ អស់លុយតិច ហើយសុវត្ថិភាពជាជាងបើកបរទាំងស្រវឹងដែលប្រឈមនឹងហានិភ័យខ្ពស់ ប៉ូលិសចាប់ផាក ហើយអាចនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនដែលកំពុងស្រវឹងស្រាផង និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផង។ ទម្រាំតែស្វាង ពេលនោះ អ្វីៗ អាចហួសពេលអស់ទៅហើយ ៕
ចែករំលែកព័តមាននេះ