ខេត្តកណ្តាល ៖ ថ្មីៗនេះ ផ្ទុះការរិះគន់ពីមហាជននៅលើបណ្តាញសង្គមជុំវិញព័ត៌មានផ្សព្វផ្សាយថា «ក្មេងស្រីម្នាក់ ត្រូវជនបង្កចំនួន៧នាក់វា.យធ្វើបាប តែសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋ ស្រុកកៀនស្វាយ មិនចាប់ខ្លួនទេ ហើយថាមិនទាន់គ្រប់អាយុ តើឯណាទៅយុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះ?»។
ឆ្លើយតបទៅនឹងការផ្សព្វផ្សាយដូចជាការយល់ច្រឡំនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា «ព័ត៌មាននេះ មានប្រភពដើមចេញពីសារព័ត៌មាន អង្គភាព «សានព្រហ្ម»។ ហើយការចុះផ្សាយនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំមកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
ចំពោះករណីខាងលើនេះ ក្រោយពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទុករយៈពេល២៤ម៉ោង ឱ្យគេហទំព័រព័ត៌មាន «សាន្តព្រហ្ម» ធ្វើការកែតម្រូវនូវព័ត៌មានដែលបានចុះផ្សាយមិនពិតខាងលើជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធីច្បាប់។ រហូតឈានមកដល់ព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ អង្គភាពព័ត៌មានក៏បានចុះផ្សាយកែតម្រូវនូវព័ត៌មានពិតឡើងវិញរួចហើយ ហើយអ្នកសារព័ត៌មានរូបនោះ ក៏បានសូមអភ័យទោស និងអធ្យាស្រ័យរាល់ការផ្សាយដែលមានខ្លឹមសារប៉ះពាល់ដល់ស្ថាប័ន និងមន្ត្រីមានសមត្ថកិច្ច។
ដោយឡែក ជុំវិញករណីហិ.ង្សានៅក្នុងឃ្លីបវីដេអូ ដែលក្មេងស្រីម្នាក់ ត្រូវមនុស្សស្រី៣នាក់វា.យធ្វើបាបនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់អះអាងថា «ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវករណីខាងលើ»។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់អះអាងបន្តថា «បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនអ្នកប្រើហិ.ង្សាទាំង៣នាក់នោះ។ ប៉ុន្តែក្នុងចំណោមនោះ សមត្ថកិច្ចបានឃាត់ខ្លួននារីបង្កតែ២នាក់ប៉ុណ្ណោះ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែកសម្រាប់ជនបង្កម្នាក់ទៀត ដែលមានឈ្មោះថា ឡុង ស្រីពេជ្រ ទើបមានអាយុ១៣ឆ្នាំ ដែលជាអនីតិជនមិនទាន់គ្រប់អាយុ ទើបសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា ទើបប្រគល់ឱ្យអាណាព្យាបាល និងអនុញ្ញាតឱ្យគាត់ទៅផ្ទះវិញ»។
គួរបញ្ជាក់ផងដែរថា ជុំវិញរឿងរ៉ាវខាងលើនេះ គឺជាសារក្រើនរំលឹកដល់មហាជន ក៏ដូចជាអ្នកសារព័ត៌មានថា រឿងរ៉ាវដែលឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម អាចមិនមែនជារឿងពិត១០០% នោះទេ ដូច្នេះសូមប្រយ័ត្ន មុននឹងការផ្សព្វផ្សាយបន្ត សូមធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ជាមុនសិន!!!
អត្ថបទដោយ ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ