ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងមហាផ្ទៃ​តាមដាន​លើ​ករណី​លោក​មេ​ប៉ុស្តិ៍​មក​បញ្ឈប់​ល្ខោនបាសាក់​ទាំង​កណ្តាល​ទី

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ករណី​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ចារ ស្រុក​ស្នូល ក្រចេះ ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​វត្ត​អូរ​លុង និង​បាន​បញ្ឈប់​ការ​សម្តែង​ពាក់កណ្ដាល​ទី​របស់​ក្រុម​ល្ខោនបាសាក់​នាយ​ប្រិមប្រិយ ដោយ​សួរ​រក​លិខិត​ច្បាប់​អនុញ្ញាតិ រហូត​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អូរ​លុង យក​លិខិតអនុញ្ញាត​មក​បង្ហាញ​ជូន​លោក​មេ​ប៉ុស្តិ៍​ឃុំ​ស្រែ​នោះ…


ខេត្តក្រចេះ ៖ ករណី​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ចារ ស្រុក​ស្នូល ក្រចេះ ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​វត្ត​អូរ​លុង និង​បាន​បញ្ឈប់​ការ​សម្តែង​ពាក់កណ្ដាល​ទី​របស់​ក្រុម​ល្ខោនបាសាក់​នាយ​ប្រិមប្រិយ ដោយ​សួរ​រក​លិខិត​ច្បាប់​អនុញ្ញាតិ រហូត​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អូរ​លុង យក​លិខិតអនុញ្ញាត​មក​បង្ហាញ​ជូន​លោក​មេ​ប៉ុស្តិ៍​ឃុំ​ស្រែ​នោះ ពេល​នេះ​ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​និង​តាមដាន​ករណី​នេះ​ដោយ​យកចិត្ត​ទុក និង​សិក្សា​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​អង្គហេតុ ដើម្បី​ឈាន​ទៅ​ដល់​ការ​ធ្វើ​សេចក្តីសម្រេច​ណាមួយ​ជា​ផ្លូវការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុមការងារ 60Buzz តាម​រយៈ​ប្រព័ន្ធ​តេ​ឡា​ក្រាម នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់​ថា ករណី​លោក​មេ​ប៉ុស្តិ៍​ស្រែ​ចារ ក្រសួង​កំពុង​យកចិត្តទុកដាក់​តាមដាន ហេ​ី​យ​សិក្សា និង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​កិច្ច​ការងារ​នេះ ធ្វើ​យ៉ាងណា​ឲ្យ​ស៊ីគ្នា​ទៅ​លើ​អង្គហេតុ​ដែល​បាន​កើតឡើង ដើម្បី​វិភាគ​និង​វាយតម្លៃ និង​ឈាន​ទៅ​ដល់​ការ​ចេញ​សេចក្តី​ជា​ផ្លូវ​ការណ៍​ណាមួយ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នោះ អ្នកនាំពាក្យ​រង​រូប​នេះ​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​បញ្ហា​នេះ​ដែរ ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ផ្តល់​សិទ្ធិ​ជា​ធំ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជា​ពិសេស ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ធំ ដែល​ជា​អាណាព្យាបាល​ផ្ទាល់ ។

ដោយឡែក​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក៏​បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដោយ​បាន​សរសេរ​ថា មេ​ប៉ុស្តិ៍​រូប​នេះ ត្រូវ​ទទួល​ចំណាត់ការ​និង​ដក​ចេញ​នា​ពេល​ខាង​មុខ ប្រហែលជា​មិន​លើស​២៤​ម៉ោង​ឡើយ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ត្រូវ​ដក​បុគ្គល​រូប​នេះ​មក​ខេត្ត ហើយ​ត្រូវ​ទទួល​វិធានការ​វិន័យ និង​វិធានការ​រដ្ឋបាល​។ ជាមួយ​គ្នា​នោះ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បុគ្គល​រូប​នេះ​ថ្នាក់លើ​បាន​អប់រំ​ច្រើន​លើក​ហើយ ចំពោះ​ការ​អនុវត្តន៍​ការងារ​ខុស​ពី​គោលការណ៍​រាជរដ្ឋាភិបាល ។

មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម កំពុង​ទន្ទឹងរង់ចាំ​មើល​ជោគវាសនា​របស់​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ចារ តើ​អាច​រួច​ផុត​ពី​ការ​ទទួល​វិន័យ​របស់​ថ្នាក់លើ​ដែរ​ឬទេ ពាក់ព័ន្ធ​ករណី​ដែល​លោកនាយ​ប៉ុស្តិ៍​នេះ​បានដឹង​នាំ​កម្លាំង​ចុះ​ទៅ​រករឿង និង​បញ្ឈប់​ការ​សម្តែង​សិល្បៈ​ល្ខោនបា​សាក់​​របស់​នាយ​ប្រិមប្រិយ​ពាក់កណ្តាល​ទី​នៅ​ក្នុង​ពិធីបុណ្យ​កឋិន​មួយ​ក្នុងភូមិ​អូរ​លុង ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ៕

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ