រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា មន្ត្រីនគរបាលចំនួន០៤នាក់ ដែលបាញ់បោះសេរីជាង ២០០គ្រាប់ នៅគិរីរម្យ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្ក្រាបដល់មន្ត្រីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀនជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ៖ «មិនត្រូវលើកលែកឲ្យទៀតនោះទេ ចំពោះកងកម្លាំង ដែលបានប្រព្រឹត្តខុស ដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះ ត្រូវតែធ្វើជាដាច់ខាតចាប់ពីពេលនេះតទៅ» ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖ «ម្សិលម្ង៉ៃ ឃើញបាញ់នៅគិរីរម្យ សួរចុះ សួរឡើង ស្រាវជ្រាវឃើញនៅក្នុងកម្លាំងសមត្ថកិច្ច ត្រូវកាត់បន្ថយ ហើយចាត់វិធានការបណ្ដេញចេញពីក្របខណ្ឌ ៤នាក់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ជាគំរូត្រូវតែអនុវត្ត។ ឃើញការចាប់នៅតាមផ្ទះសំណាក់ និងផ្ទះមួយចំនួន ដែលបន្លំប្រើប្រាស់គ្រឿងញៀន បានអនុវត្តបានច្រើន ហើយសូមឲ្យយន្តការនេះ បន្តដូចភ្លៀងរលឹម ធ្វើយ៉ាងណាយើងសម្អាតបន្តិចម្ដងៗ ឈានទៅដល់ការថែរក្សា គ្រប់គ្រងម្ចាស់ការប្រឆាំងទៅ នឹងអំពើទាំងអស់នេះ ហើយនេះជាអ្វីដែលត្រូវធ្វើ» ។
ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត ។
សូមរំលឹកថា កាលយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីបាញ់បោះសេរីជាង ២០០គ្រាប់ ក្នុងពិធីខួបកំណើតមួយ ស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ៕
មនុស្ស៤នាក់ចូលខ្លួនទៅសារភាពក្នុងករណីបា.ញ់បោះសេរីជាង២០០គ្រាប់លើភ្នំគិរីរម្យ
ចែករំលែកព័តមាននេះ