ខេត្តកែប ៖ ប្រជាពលរដ្ឋនៅកណ្ដាលក្រុងកែប មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញគេបោះរបងថ្មចំពាក់កណ្ដាលទ្រូងផ្លូវកៅស៊ូសាធារណៈបែបនេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ។
ពាក់ព័ន្ធនឹងរឿងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងគេបោះរបងថ្មលើផ្លូវជាតិ បានប្រាប់ឱ្យសារព័ត៌មានយើងដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកគាត់បានឃើញមនុស្សមួយក្រុម ជិះឡានទំនើបមួយគ្រឿង ហើយយកគ្រឿងចក្រមកខួងផ្លូវជាតិចំកណ្ដាលដាក់បង្គោលថ្មលើផ្លូវជាតិរាប់សិបបង្គោល ដោយគ្មានឃើញអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តហាមឃាត់នោះទេ។
ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងបន្តទៀតថា ផ្លូវជាតិមួយខ្សែនេះ បានធ្វើជិត១០ឆ្នាំមកហើយ ពេលនេះបើគេបោះបង្គោលថ្មលើទ្រូងផ្លូវចឹង វាពិតជាមិនត្រូវសោះ។
ហើយនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គេបានឃើញមន្ត្រីសង្កាត់កែបមួយរូប មន្ត្រីសូរិយោដីក្រុងកែបមួយរូប និងមន្ត្រីសាលាក្រុងកែបមួយរូប ចុះមកកន្លែងគេបោះបង្គោលថ្មលើផ្លូវជាតិខាងលើ។ ប៉ុន្តែខាងមន្ត្រីទាំង៣រូបនោះ មិនបានបំភ្លឺសាច់រឿងលំអិតអោយសារព័ត៌មានដឹងទេ គ្រាន់តែនិយាយថា ម្ចាស់ដីបោះបង្គោលថ្មលើផ្លូវជាតិ គេមានប្លង់រឹងដល់មាត់អូរហើយ តែឈ្មោះម្ចាស់ដីនេះពួកគាត់អត់ស្គាល់ឈ្មោះទេ ទាល់តែអ្នកខ្លាំងណាស់ ទើបហ៊ានធ្វើបែបនេះ។
ដោយឡែក មានមន្ត្រីសាលាក្រុងកែបមួយរូប បានបង្ហើបប្រាប់កោះសន្តិភាពឱ្យដឹងថា «ដីខាងលើនឹង ក្នុងរយៈពេល៣-៤ឆ្នាំមុន ម្ចាស់ដីធ្លាប់យករបងឈើដាំលើផ្លូវជាតិនឹងម្ដងហើយ តែអាជ្ញាធរក្រុង និងខេត្ត មកហាមឃាត់ ក៏ផ្អាកធ្វើរហូតមក។ លុះមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្រាប់តែមកធ្វើម្ដងទៀត។ ម្ដងនេះ ម្ចាស់ដីខាងលើ មិនបានសុំការអនុញ្ញាតិពីសាលាក្រុងកែបទេ នេះជារឿងខុសច្បាប់»។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើននាក់ បានប្រាប់អោយដឹងថា «ម្ចាស់ដីខាងលើ គឺជាមន្ត្រីប៉ូលិសថ្នាក់ផ្កាយ និងជាអ្នកមានលុយច្រើន»។
សារព័ត៌មានយើងពុំអាចទទួលបានការបំភ្លឺពីម្ចាស់បង្គោលថ្មនេះបានទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ