រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា អ្នកសង្កេតការណ៍ ជាង៣ពាន់នាក់ នឹងចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាប័ត្រមឋមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅពេលខាងមុខនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើក ទី២៨ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានចាត់តាំងមន្ត្រី អ.ប.ព. រាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. ចំនួន ២៩៧ រូប និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ចំនួន ៣.០៤០ រូប សម្រាប់សង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីទប់ស្កាត់បាតុភាព មិនប្រក្រតីនានា រាប់ទាំងបាតុភាព នៃអំពើពុករលួយ ។
អង្គភាពប្រឆាំង បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ មានបេក្ខជនប្រឡងចំនួន ១៣៧.៤១២នាក់ ដោយបែងចែកជា ២២៧មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ នៅទូទាំងប្រទេស ។
អ.ប.ព. បានបណ្តុះបណ្តាលអំពីតួនាទី-ភារកិច្ច និងសិទ្ធិ របស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងច្បាប់ (ក្រមព្រហ្មទណ្ឌច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល) សារាចរ ប្រកាស សេចក្ដីណែនាំ បទបញ្ញត្តិ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់អនុវត្តក្នុងពេលប្រឡង ដើម្បីធ្វើយ៉ាងណាជានាបាននូវតម្លាភាព យុត្តិធម៌សង្គម និងលទ្ធផលទទួលយកបាន តាមស្មារតី អ្នកចេះ គឺជាប់ ។
ក្រៅពីនេះ អ.ប.ព. បានចុះ សង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៤១ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៥ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ