ខេត្តព្រៃវែង ៖ គោក្របីរស់មួយថ្ងៃៗរាប់រយក្បាល យកទៅស្តុបទុកនៅមាត់ច្រកទ្វារព្រំដែនរបៀងស្វាយអាង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមិនឃើញមានមន្ត្រីជំនាញពេទ្យសត្វ ប្រចាំការចាំពិនិត្យលើសុខភាពសត្វនោះទេ ។ ដោយរង់ចាំភាគីខាងឈ្មួញវៀតណាម ឆ្លងដែនចូលមកទិញដល់ក្នុងដីខ្មែរ ពេលចរចាតម្លៃត្រូវឱ្យកម្មករយួនដឹកសត្វគោក្របីឆ្លងដែន ចូលទៅស្រុកយួន ហើយបើមិនត្រូវតម្លៃប្រជាពលរដ្ឋខ្លះ បង្ខំចិត្តដឹកសត្វគោ ក្របីត្រឡប់ទៅផ្ទះវិញ ទាំងទឹកមុខស្អុយក៏មានដែរ ។
រីឯខាងក្រុមហ៊ុនមួយដែលរកស៊ីនាំគោ ក្របីទៅស្រុកវៀតណាមរាប់ឆ្នាំមកហើយរបស់លោកឧកញ៉ា ជឹម សុខ មានសិទ្ធិធំណាស់ ប្រៀបដូចល្បងធំប្រចាំការរាប់ក្បាលគោក្របីយកលុយ ទោះបីសត្វគោក្របីប្រជាពលរដ្ឋលក់ដាច់ បានតម្លៃថោកយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនល្បងធំមួយនេះ អត់ខ្វល់ដែរ ដឹងតែឱ្យកូនចៅឈរចាំហែកសំបុត្ររាប់ក្បាលគោ ក្របីយកលុយ១ក្បាល១០ម៉ឺនរៀលដាច់ថ្លៃ មិនថាគោក្របីតូចឬធំនោះទេ ដឹងតែបង់លុយស្មើគ្នាទាំងអស់រាប់រយក្បាលប្រចាំថ្ងៃ ។
ទង្វើនេះ ធ្វើឱ្យប្រជាពលរដ្ឋម្ចាស់គោក្របីត្អូញត្អែរថា ពួកគាត់ខំចិញ្ចឹមហត់ណាស់ រាប់ឆ្នាំទម្រាំបានកូនមួយៗមើលថែ រហូតដល់ធំត្រូវការលក់យកលុយដោះស្រាយជីវភាពក្នុងគ្រួសារ បែរជាត្រូវបង់ពន្ធឱ្យលោកឧកញ៉ា ជឹម សុខ អស់១០ម៉ឺនរៀលបាត់ហើយ បានន័យថា គ្រាន់តែកូនគោក្របីកើតមកភ្លាម១ក្បាល គឺពួកគាត់ជំពាក់បំណុលលោកឧកញ៉ា ជឹម សុខ ១០ម៉ឺនរៀលបាត់ទៅហើយ ។
យោងតាមប្រភពព័ត៌មានខ្លះដែលខ្លាចអំណាចលោកឧកញ៉ា ជឹម សុខ បានលួ.ចនិយាយប្រាប់អ្នកសារព័ត៌មានថា ច្រកទ្វារព្រំដែនរបៀងកម្ពុជា-វៀតណាម ស្វាយអាង៉ោង និងពាមបន្ទារ សព្វថ្ងៃនេះគ្មានប្រជាពលរដ្ឋណារកស៊ីបានទេ ព្រោះរាល់ទំនិញចេញចូលសុទ្ធតែជារបស់លោកឧកញ៉ា ជឹម សុខ ទាំងអស់ ហើយសព្វថ្ងៃនេះលោកឧកញ៉ា ជឹម សុខ កំពុងតែអភិវឌ្ឍធ្វើបេនស្រូវនៅជាប់មាត់ទន្លេតូចផ្លូវខ្សែបន្ទាត់ព្រំដែន ចន្លោះកណ្តាលនៃច្រករបៀងស្វាយអាង៉ោង និងពាមបន្ទារជិតរួចរាល់ហើយ ។ ថ្ងៃមុនគ្រាន់តែពលរដ្ឋរស់នៅក្បែរជាប់ព្រំដែនឆ្លងចូលទៅទិញជីថ្នាំ ឬប្រេងសាំងយកមកប្រើប្រាស់លើដំណាំផ្ទាល់ខ្លួន តាមច្រករបៀងពាមបន្ទារប៉ូលិសព្រំដែន គេឱ្យមកហើយ បែរជាកូនចៅរបស់លោកឧកញ៉ា ជឹម សុខ មកតាមកៀងពលរដ្ឋឱ្យទៅចូលបេនរបស់លោកឧកញ៉ា ជឹម សុខដែរ ប៉ុន្តែរឿងបង់លុយប៉ុន្មាននោះ ប្រភពព័ត៌មានក៏មិនបានដឹងច្បាស់នោះដែរ ។
ជុំវិញបញ្ហាខាងលើ លោក ចិន វិសាល ប្រធានការិយាល័យពេទ្យសត្វខេត្តព្រៃវែងបានឆ្លើយប្រាប់ភ្នាក់ងារតាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា ក្រុមហ៊ុនគេមានច្បាប់ ហើយគេរកស៊ីយូរហើយ កាសែតជាច្រើនសួរដដែលៗគ្រាន់តែប្រាប់ និងបញ្ជូនគោលការណ៍ក្រុមហ៊ុនឱ្យជិត៣០នាក់ហើយ សូមសួរទៅខាងក្រុមហ៊ុនខ្លួនឯងទៅ ខ្ញុំជាប់រវល់ប្រជុំ ។
ចំណែកលោកឧកញ៉ា ជឹម សុខ បានប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនលោកមានច្បាប់លិខិតអនុញ្ញាត មានលិខិតពាក់មីដឹកជញ្ជូនតាមដងផ្លូវៗ ព្រោះលោករកស៊ីជាង២០ឆ្នាំហើយ អ្នកណា អ្នកណាក៏គេដឹងដែរ មានតែអ្នកព័ត៌មានមួយចំនួនដឹងហើយធ្វើមិនដឹង ។ អ្នកកាសែតមួយចំនួនចេះតែចុះផ្សាយ ។ លោកឧកញ៉ាថា បើមិនឱ្យក្រុមហ៊ុនយកលុយឱ្យយកក្រដាសឬ? បើក្រុមហ៊ុនលោករត់ការចំណាយលុយអស់ច្រើនណាស់ ហើយបើតាមសៀវភៅបន្ទុកកាត់ពន្ធអាករ របស់ក្រសួង គេយក១ក្បាល៤០០០ពាន់រៀលទៅហើយ តែខាងក្រុមហ៊ុនសម្រេចយក១ក្បាល១០ម៉ឺនរៀល ទើបក្រុមហ៊ុនរត់ការបាន អ្នកណារកបាន ឬរកមិនបានជារឿងរបស់គាត់ក្រុមហ៊ុនមិនបង្ខំទេ ។
រីឯបេនស្រូវដែល ទើបបង្កើតថ្មីនោះក៏មានច្បាប់ជាគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនវិនិយោគកុងត្រា១៩ឆ្នាំ សម្រាប់វេចខ្ចប់រាល់ទំនិញនាំចេញនាំចូល ហើយពេលដល់អាណត្តិ ត្រូវរុះរើចេញប្រគល់ដីទ្រព្យសម្បត្តិជូនរដ្ឋវិញតាមកិច្ចសន្យា។
និយាយពីរឿងនាំគោក្របីទៅលក់ឱ្យឈ្មួញវៀតណាមវិញ ពលរដ្ឋម្ចាស់គោក្របីក្ដៅក្រហា.យខ្លាំងណាស់ ព្រោះតែឧកញ៉ា ជឹម សុខ កាត់យក១០ម៉ឺនរៀល ១ក្បាលបាត់ទៅហើយ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ