ខេត្តបាត់ដំបង ៖ ក្មេងស្រី០២នាក់បងប្អូនបានរអិលធ្លាក់ចូលទឹកស្រះបណ្ដាលឲ្យលង់ស្លាប់ទាំង០២នាក់យ៉ាងរន្ធត់ ពេលពរប្អូនឆ្លងទឹកដែលកំពុងហូរ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៧ តុលា នៅចំណុចប្រឡាយតាសេក ស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ សាម៉េត រក្សា អាយុ១២ឆ្នាំ (បង) និង ម្នាក់ទៀតឈ្មោះ សាម៉េត ចាន់ណា អាយុ០៣ឆ្នាំ (ប្អូន) រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះទាំង០២នាក់បងប្អូន បានលង់ទឹកស្រះបណ្ដាលឲ្យស្លាប់ នៅពេលដើរទៅតាមឪពុកម្ដាយ ដែលទៅបូបទឹកដាក់ស្រែ តែពួកនាងជួបគ្រោះថ្នាក់ ពេលម្ដាយនាងប្រាប់ឲ្យនាំគ្នាត្រឡប់ទៅផ្ទះវិញ។
នាយប៉ុស្ដិ៍រដ្ឋបាល មុខរាហ៍ លោក ឆែម ឆើត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ហេតុការណ៏ដ៏សោកសៅនេះ ពុំមានអ្នកឃើញផ្ទាល់ភ្នែកទេ។ ក្មេងស្រី០២នាក់បងប្អូននេះ បានជួបគ្រោះថ្នាក់ពេលនាំគ្នាត្រឡប់ពីស្រែទៅផ្ទះវិញ។
លោកមេប៉ុស្ដិ៍បានប្រាប់ថា បើតាមព័ត៌មានដែលលោកបានសារនាំក្មេងស្រីទាំង០២នាក់បងប្អូន បានដើរទៅតាមឪពុកម្ដាយ ដែលទៅបូមទឹកនៅស្រែ ។ ប៉ុន្តែពេលទៅដល់ម្ដាយបានប្រាប់ឲ្យកូនស្រីនាំគ្នាត្រឡប់មកផ្ទះវិញ ហើយពួកគេក៏នាំគ្នាដើរត្រឡប់ទៅផ្ទះវិញ។ លោក ឆែម ឆើត បានស្រង់សំដីអាណាព្យាបាលក្មេងស្រីទៀតថា ពេលកូនគាត់ដើរត្រឡប់មកផ្ទះបានប្រហែលកន្លះម៉ោង គាត់ហាក់មិនស្រួលក្នុងចិត្ត ក៏ដើរទៅតាមមើលកូន តែមិនឃើញនៅផ្ទះ ក៏ដើរត្រឡប់មកវិញ ស្រាប់តែឃើញស្បែកជើងកូននៅមាត់ស្រះ ត្រង់កន្លែងមានទឹកហូរចូលស្រះក៏ប្រទះឃើញសាកសព្វកូនទាំង០២យ៉ាងរន្ធត់នៅក្នុងទឹកស្រះ ទើបមានការភ្ញាក់ផ្អើលតែម្ដង។
នៅកន្លែងកើតហេតុ ជាកន្លែងទឹកហូរដាច់ចេញពីប្រឡាយ ហើយហូរចូលក្នុងស្រះ ហើយគេសង្ស័យក្មេងស្រីរងគ្រោះ នាំគ្នាដើរឆ្លងកន្លែងទឹកហូរទើបរអិលចូលស្រះ។ បើតាមអាណាព្យាបាលក៏បានសន្និដ្ឋានដែរថា កូនស្រីគាត់ទំនងពរប្អូនដើរឆ្លងទឹក ហើយក៏រអុលជើងចូលក្នុងស្រះបណ្ដាលឲ្យលង់ស្លាប់តែម្ដង។ ពេលគាត់ដើររក ក៏ឃើញស្បែកជើងកូនគាត់នៅទីនោះ ហើយសង្ស័យក៏ចុះរាវក្នុងស្រះ ស្រាប់តែប្រទះឃើញសាកសពនាងទាំង០២នៅក្បែរគ្នា។
គាត់ស្លុតចិត្តយ៉ាងខ្លាំង ពេលប្រទះឃើញសពកូនស្រីនៅក្នុងទឹក ហើយក៏ស្រង់សពកូនស្រីទាំង០២នាក់បីយកទៅផ្ទះទាំងសោកស្រេងបំផុត ។
ចែករំលែកព័តមាននេះ