ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​ចោល​៧​អាណត្តិ​ហើយ ផ្លូវ​មួយ​ខ្សែ​កើត​ឆ្នាំ​១៩៨០ ក្លាយជា​ផ្លូវ​បុរាណ

1 ឆ្នាំ មុន
  • កោះកុង

ផ្លូវ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ចំណុច​ផ្សារ​ក្រោម តាម​បណ្តោយ​មាត់​ព្រែក​ស្រែអំបិល ក្នុងភូមិ​សាស្ត្រ​ភូមិ​-​ឃុំ​-​ស្រុកស្រែ​អំបិល

ខេត្តកោះកុង ៖ ផ្លូវ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ចំណុច​ផ្សារ​ក្រោម តាម​បណ្តោយ​មាត់​ព្រែក​ស្រែអំបិល ក្នុងភូមិ​សាស្ត្រ​ភូមិ​-​ឃុំ​-​ស្រុកស្រែ​អំបិល ខេត្តកោះកុង ហើយ​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៨០​នោះ នឹង​មិន​ដែល​បាន​នឹកឃើញ​ជួសជុល​ម្តងណា​ឡើយ ក្នុង​រយៈពេល​៧​អាណត្តិ​កន្លង​មកនេះ​ហើយ​។

ឥឡូវនេះ កំពុង​តែ​មាន​រង​ការ​ខូចខាត​ខ្ទេចខ្ទី ដោយសារ​តែ​រង​ទម្ងន់​របស់​រថយន្ត​តូច​-​ធំ ហើយ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង ដែល​សព្វ​ថ្ងៃនេះ គឺ​មាន​ទ្រង់ទ្រាយ ជា​ផ្លូវ​កៅស៊ូ​ខ្លះ បេតុង​ខ្លះ និង​ក្រួស​ក្រហម​ខ្លះ​ពោរ​ពាស​ទៅ​ដោយ​គ្រលុករ​ដេក​រដុប និង​មានទឹក​ដក់​បែក​ល្បាប់​ហើយ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រសិទ្ធិ​នាម​ថា «​ជា​ផ្លូវ​បុរាណ​វិញ​ម្តង​»​។

ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​បុរាណ​នោះ ជា​ច្រើន​គ្រួ​សារបាន​នាំ​គ្នា​លើក​ឡើង​ថា «​អំឡុង​ពេល​៧​អាណត្តិ​មក​ហើយ បើ​រាប់​ទាំង​មន្ត្រី​ចុះ​មក​សន្យា​មុន​ពេល​បោះ​ឆ្នោត គឺ​មាន​ចំនួន​រាប់រយ​នាក់​ហើយ ដែល​តែងតែ​មក​សន្យា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ ប៉ុន្តែ​ឱ្យ​តែ​បោះ​ឆ្នោត​រួច​ហើយ គឺ​បាត់​មុខ​ៗ​ឈឹង​តែ​ម្ដង​។

បើ​តាម​លោក​មេឃុំ​ស្រែអំបិល បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា ផ្លូវ​មួយ​ខ្សែ​នេះ មិនមែន​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​ឃុំ​-​សង្កាត់​របស់​លោក​នោះ​ទេ គឺ​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ ហេតុនេះ​ឃុំ​របស់​លោក​បាន​ត្រឹមតែ​លើក​គម្រោង​ស្នើ​សុំ​ទៅ​ស្រុក ហើយ​ស្រុក​ស្នើ​សុំ​បន្ត​ទៅ​ខេត្ត​តែ​ប៉ុណ្ណោះ ។

លោក​មេឃុំ បាន​បញ្ជាក់​ទៀត​ថា កាលពី​រដូវប្រាំង​កន្លង​មក ក្រុមការងារ​ខេត្ត​-​ស្រុក បាន​ចុះ​ពិនិត្យ និង​វាស់វែង​រួច​ហើយ ដែល​មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ប៉ុន្តែ​អាជ្ញាធរ​ស្រុក បាន​ប្រាប់​ថា «​កញ្ចប់​ថវិការ​នៅ​មិន​ទាន់​ធ្លាក់​នៅឡើយ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ