ភាគហ៊ុន Apple ធ្លាក់ចុះ ក្រោយចិនហាមប្រាមមន្ត្រីខ្លួនមិនឱ្យប្រើទូរស័ព្ទ iPhone
ចិន ៖ យោងតាមកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ
ចិន ៖ យោងតាមកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ
ចិន ៖ យោងតាមកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានរាយការណ៍ថា ប្រទេសចិនបានហាមប្រាមរាល់មន្ត្រីរដ្ឋាភិបាលថ្នាក់កណ្តាលរបស់ទាំងអស់ពីការប្រើប្រាស់ទូរស័ព្ទ iPhone ដែលជាផលិតផលក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple បានធ្លាក់ចុះ ៣.៦% កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ បន្ទាប់ពីព័ត៌មាននេះ ត្រូវបានចេញផ្សាយ។ វាបានកត់សម្គាល់ពីការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតក្នុងរយៈពេល១ខែ ខណៈនៅមុនពេលចេញផ្សាយព័ត៌មាននេះ ភាគហ៊ុនក្រុមហ៊ុន Apple បានកើនឡើង ៤៦% នៅឆ្នាំនេះ។
Wall Street Journal រាយការណ៍ថា អ្នកគ្រប់គ្រងចិន បានជូនដំណឹងដល់មន្ត្រីគ្រប់រូបរបស់ខ្លួនអំពីការហាមឃាត់តាមរយៈការជជែកក្នុងគ្រុប (Chat Groups) ឬនៅក្នុងការប្រជុំ។ ពាក់ព័ន្ធបញ្ហានេះ សារព័ត៌មាន CNN បានទាក់ទងទៅកាន់ក្រសួងការបរទេសចិន និងក្រុមហ៊ុន Apple ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនបានទទួលការឆ្លើយតបនៅឡើយទេ។
តាមប្រភពដែលទាក់ទងជាទៀងទាត់ជាមួយភ្នាក់ងាររដ្ឋាភិបាលកណ្តាលចិន បានប្រាប់ CNN ថា មន្ត្រីចិនបានអនុវត្តតាមរួចទៅហើយ នៃការជៀសវាងប្រើទូរស័ព្ទ iPhone តាំងពីមុនពេលផ្ទុះជំងឺកូវីដ-១៩ មកម្ល៉េះ បើទោះជាមិនបានចេញលាយលក្ខណ៍អក្សរយ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ ដែលដឹងពីរឿងនេះ បានប្រាប់ CNN ។
តាមប្រភពដដែលបានបន្ថែមថា មន្ត្រីរដ្ឋាភិបាលថ្នាក់កណ្តាល ឥឡូវនេះមានទំនោរប្រើប្រាស់ស្មាតហ្វូន ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកធំៗ ជាពិសេសក្រុមហ៊ុន Huawei ។ នេះគឺជាវិធានការដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងចំណោមវិធានការផ្សេងទៀត។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងរដ្ឋាភិបាលចិនមួយចំនួន ក៏បានហាមឃាត់រថយន្តអគ្គិសនីម៉ាក Tesla របស់សហរដ្ឋអាមេរិក មិនឱ្យចូលក្នុងបរិវេណរបស់ពួកគេផងដែរ ដោយសារតែការភ័.យខ្លា.ចផ្នែកសន្តិសុខ។
ប្រទេសចិនគឺជាទីផ្សារ និងមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Apple ដែលមានចំនួនប្រហែល១៩% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។ ការហាមប្រាមទូរស័ព្ទ iPhone សម្រាប់មន្ត្រីរដ្ឋាភិបាលអាចជាការសងសឹកចំពោះទង្វើស្រដៀងគ្នា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងបច្ចេកវិទ្យាចិន ហើយអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុន Apple និងម៉ាកបរទេសធំៗ ផ្សេងទៀតដែលមានវត្តមាននៅក្នុងប្រទេសចិន៕ (ប្រភពពី CNN)
ចែករំលែកព័តមាននេះ