រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន មានធ្វើពិធីបង្ហាញមុខជនសង្ស័យជាស្ត្រីជនជាតិចិនវ័យចំណាស់ម្នាក់ និងសារធាតុញៀ.នជាង១០០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបង្ក្រាបនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ។ ពិធីបង្ហាញមុខជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ននេះ គឺធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំបទល្មើសគ្រឿងញៀ.ន និងមន្ត្រីជំនាញដែលបានចុះអនុវត្តផ្ទាល់។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀ.ន និងបញ្ជាដឹកនាំដោយរូបលោកផ្ទាល់ កាលពីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ មានគណនី ខ្មែរអង្គរ ព័ត៌មាន និង Newspapers – ប៉ុស្តិ៍សន្តិសុខសង្គម បានបង្ហោះខ្លឹមសារថា ៖ «តើបងប្អូនយល់យ៉ាងណាដែរចំពោះមន្ទីរប្រឆាំងគ្រឿងញៀ.ន.. មកចាប់គេដែលកំពុងអង្គុយផឹកនៅក្នុងផ្ទះ ហើយបានដកកាំ.ភ្លើងគំរា.មប្រជាពលរដ្ឋណាដែលចូលទៅជួយថែមទៀត ចុងក្រោយឆ្លើយថា ចាប់ច្រឡំ….?»។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន សូមជំរាមជូនថា ៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០នាទីរសៀល កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន (ក៣+ក៤) ដឹកនាំបង្ក្រាបដោយលោកនាយករងមន្ទីរ ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ ដោយការសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឡុង ស៊ីថា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ដែលប្រព្រឹត្តនៅចំនួន២ទីតាំង ៖
ទីតាំងទី១ ៖ ចំណុចមុខសណ្ឋាគារ «ជែឡឹកហ៊យាន» ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាស្ដ្រីវ័យចំណាស់ជនជាតិចិន និងចាប់យកវត្ថុតាងសារធាតុញៀ.នទម្ងន់សរុប១០២ គីឡូ ៣៥២.២៧ ក្រាម ។
ទីតាំងទី២ ៖ នៅចំណុចតាមផ្លូវលេខ៥៩៨ កែង៩៧ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ជាជនជាតិខ្មែរ ។
អំឡុងពេលប្រតិបត្តិការនោះ ក៏មានការថតវីដេអូពីអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួនផងដែរ ហើយក៏មានការបង្ហោះវីដេអូផ្សព្វផ្សាយជាសាធារណៈអំពីសកម្មភាពប្រតិបត្តិការភ្លាមៗ និងបានធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិការបង្ក្រាប ដែលបែកការណ៍ដល់មេក្លោង បានដឹងខ្លួន ក៏រត់គេចខ្លួនបាត់តែម្តង។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បន្តថា ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចត្រូវប្រើជំនាញ មានភាពស្វាហាប់ម៉ឺងម៉ាត់ និងបង្ក្រាបចាប់ខ្លួនមុខសញ្ញាឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពក្នុងពេលប្រតិបត្តិការ (កន្លងមក សមត្ថកិច្ចមានគ្រោះថ្នាក់ដល់អាយុជីវិត) និងបែក ធ្លាយព័ត៌មានសម្ងាត់ ធ្វើឱ្យមុខសញ្ញារត់គេចខ្លួនបាត់តែម្តង។
ហេតុនេះហើយ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន សូមសំណូមពរដល់សារធារណជន និងសារព័ត៌មានមួយចំនួន សុំអនុញ្ញាតពីអង្គភាពជំនាញផ្ទាល់ មុនធ្វើការចុះផ្សាយតាមបណ្តាញសង្គម និងប្រើប្រាស់ខ្លឹមសារឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន សូមថ្លែងអំណរគុណចំពោះសាធារណជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀ.ន ដែលនេះជាស្មារតីដ៏ប្រពៃក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍» ។ ហើយក្រោយពីបង្ហាញមុខជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ