រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងសំដៅពង្រឹងគណបក្សនយោបាយ ឱ្យមានការទទួលខុសត្រូវទៅលើសេរីភាពប្រជាពលរដ្ឋ ហើយកុំរារាំងពលរដ្ឋទៅបោះឆ្នោត។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បានផ្តោតសំខាន់លើការកំណត់លក្ខខណ្ឌរបស់បុគ្គល ដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើឡើងភ្លាមៗ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះដែរ នឹងផាកពិន័យចំពោះបុគ្គលណាដែលរារាំងដល់ដំណើរការបោះឆ្នោត រាប់តាំងពីការចុះឈ្មោះឆ្នោត ដោយក្នុងនឹងពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតទោសផ្សេងៗទៀត និងចំពោះគណបក្សនយោបាយវិញ ហើយក៏នឹងត្រូវផាកពិន័យផងដែរពី១០លានរៀលទៅ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតពីទោសផ្សេងទៀត។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចធ្វើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត សំដៅពង្រឹងទៅលើការទទួលខុសត្រូវរបស់អ្នកនយោបាយ ដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត។
សម្ដេចតេជោក៏បានគូសបញ្ជាក់ថា «យើងត្រូវធ្វើ (ធ្វើច្បាប់បោះឆ្នោត) មិនសំដៅទៅលើពួកគេតែម៉ាចំណុចទេ (ក្រុមប្រឆាំង) សំដៅពង្រឹងទាំងអស់គ្នាគ្រប់បក្សនយោបាយ ឱ្យមានការទទួលខុសត្រូវទៅលើសេរីភាពពលរដ្ឋ កុំរារាំងគេទៅលើបញ្ហាបោះឆ្នោត»។ សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា បើអ្នកឯងមិនទៅបោះឆ្នោត មានន័យថា បោះបង់ចោលនូវសិទ្ធិ និងមិនអាចគ្រប់លក្ខខណ្ឌឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ។
សូមរំលឹកថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាអនុម័តទាំងស្រុង ដោយសម្លេងចំនួន១១១សម្លេងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣៕
ចែករំលែកព័តមាននេះ