ខេត្តកែប ៖ តំណាងអយ្យការអមសាលាដំបូងខេត្តកែប បានធ្វើការចោទប្រកាន់បុរស៤នាក់ ពីបទកាប់រានដីព្រៃដោយគ្មានលិខិតអនុញ្ញាត រួចបញ្ជូនឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធី ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខេត្តកែបបញ្ជូនដល់កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។
បុរសទាំង៤នាក់ រួមមាន ១-ឈ្មោះ ឈឹម រ៉ី អាយុ ៤២ឆ្នាំ, ២-ឈ្មោះ ណា ខុម អាយុ ២៤ឆ្នាំ, ៣-ឈ្មោះ បេ
វ៉ាន់ អាយុ៥៣ឆ្នាំ, ៤-ឈ្មោះ ខូវ ផូង អាយុ៤៥ឆ្នាំ ។ ទាំង៤នាក់ មានទីលំនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកែប បានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៩ ខែមិថុនានេះថា បុរស៤នាក់ដែលសមត្ថកិច្ចបាននាំមកដល់សាលាដំបូង ត្រូវអយ្យការចោទប្រកាន់ រួចបញ្ជូនទៅចៅក្រមស៊ើបសួរហើយ ។ អ្នកទាំង៤នាក់ បានទទួលរងនូវការចោទពីបទកាប់រានដីព្រៃដោយគ្មានលិខិតអនុញ្ញាត ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនបុរស៤នាក់ ដែលកំពុងកាប់ឆ្ការព្រៃសហគមន៍នៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ពេលសមត្ថកិច្ចស្រុកដំណាក់ចង្អើរសាកសួរ ជនសង្ស័យទាំងនោះបានសារភាពថា ពួកខ្លួនត្រូវស្ត្រីឈ្មោះ សិទ្ធ ច្រយ រស់នៅរាជធានីភ្នំពេញ «ជួលក្នុងតម្លៃ១ហិកតា៣០០ដុល្លារ»។
បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ នៅថ្ងៃទី៨ ខែមិថុនា កម្លាំងអធិការដ្ឋានស្រុកដំណាក់ចង្អើរក៏នាំយកជនសង្ស័យទៅស្នងការដ្ឋានខេត្តកែបដើម្បីចាត់ការបន្ត។ លុះព្រឹកថ្ងៃទី៩ ខែមិថុនា ក្រោយបំពេញសំណុំបែបបទរួចរាល់ នគរបាលនៃស្នងការដ្ឋានខេត្តកែបក៏បញ្ជូនបុរសសង្ស័យទាំង៤នាក់មកកាន់សាលាដំបូងអនុវត្តនីតិវិធីតែម្តង ។
ចែករំលែកព័តមាននេះ