សង្គ្រាមលោកលើកទី២បានបិទបញ្ចប់តាំងពីឆ្នាំ១៩៤៥។ គិតទៅរយៈពេល៧៨ឆ្នាំទៅហើយ, ហើយប្រទេសភាគច្រើនបំផុតបានចុះហត្ថលេខាលើកិច្ចសន្ធិសញ្ញាសន្តិភាពដើម្បីបិទបញ្ចប់សង្គ្រាមនេះជាផ្លូវការ។ ប៉ុន្តែមិនទាន់មានឡើយសន្ធិសញ្ញាសន្តិភាពរវាងជប៉ុន និងរុស្ស៊ី។ បញ្ហានេះមានភាពចាក់ស្រេះប្រទាក់ក្រឡាគ្នាដែលមិនមែនងាយស្រួលដោះស្រាយនោះទេ។
មុនសង្គ្រាមលោកលើកទី២ផ្ទុះឡើង, សហភាពសូវៀត និងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា (Molotov-Ribbentrop Pact) នៅឆ្នាំ១៩៣៩។ ក្រោយមកទៀត, សហភាពសូវៀតចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាជាមួយជប៉ុនរយៈពេល៥ឆ្នាំកាលពីឆ្នាំ១៩៤១។ កិច្ចព្រមព្រៀងទាំង២បានក្លាយជារឿងអសារឥតការនៅពេលអ៊ីទ្លែបញ្ជាឱ្យកងទ័ពវាយចូលសហភាពសូវៀតកាលពីឆ្នាំ១៩៤១។
កាលនោះ ជប៉ុនឈរខាងក្រុមអាល្លឺម៉ង់ និងអ៊ីតាលី នៅក្នុងក្រុមអាក់ស៊ីស (Axis) ឬអនុសញ្ញាត្រីភាគី (tripartite pact)។ រីឯសហភាពសូវៀតឈរខាងក្រុមសម្ព័ន្ធមិត្តអាមេរិក និងអង់គ្លេស។ ក្រោយមក, សហភាពសូវៀតលែងគោរពតាមកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា, ហើយវាយលុកចូលប្រទេសជប៉ុនតាមតំបន់ម៉ាន់ជូរីនាចុងបញ្ចប់សង្គ្រាមលោកលើកទី២។
អាមេរិកឃើញដូច្នេះ ក៏ប្រញាប់ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរម្ដងហើយ ម្ដងទៀត ដើម្បីបង្ខំឱ្យជប៉ុនចុះចាញ់សង្គ្រាម។ ទោះបីជប៉ុនចុះចាញ់សង្គ្រាមហើយក៏ដោយ ក៏កងទ័ពសូវៀតបន្តវាយកាន់កាប់ទឹកដីមួយចំនួនរបស់ជប៉ុន និងបន្តដាក់កងទ័ពនៅទីនោះក្រោយសង្គ្រាមលោកលើកទី២។
បញ្ហាចម្រូងចម្រាសគឺកោះតូចៗចំនួនបួនដែលកងទ័ពសូវៀតបន្តឈរជើងនៅទីនោះ ហើយដែលបន្ទច់បង្អាក់ដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការ។ កាលពីឆ្នាំ១៩៥៦, សហភាពសូវៀត និងប្រទេសជប៉ុន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគ្នាមួយដែលបិទបញ្ចប់ការច្បាំងគ្នា។ ប៉ុន្តែប្រទេសទាំង២ពុំដែលមានទំនាក់ទំនងស្អិតល្មួតនឹងគ្នាម្ដងណាឡើយ។
បញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងកូនកោះតូចៗចំនួន៤
សព្វថ្ងៃ, ប្រទេសរុស្ស៊ីនៅតែបន្តគ្រប់គ្រងប្រជុំកោះគូរីល (Kuril Islands) ទោះបីជប៉ុនចាត់ទុកថានេះជាដែនអធិបតេយ្យភាពរបស់ខ្លួន។ កោះទាំង៤មានជនជាតិជប៉ុនរស់នៅជាអចិន្ត្រៃយ៍ មានភូមិអ្នកនេសាទ មានចម្ការ និងសំណង់រឹងមាំ។ មានភស្តុតាងបញ្ជាក់ថាជនជាតិជប៉ុនធ្លាប់រស់នៅទីនោះជាយូរមកហើយ។ ឧទាហរណ៍ ផ្លូរបុរាណ វត្តអារាម និងទីកន្លែងសក្ការៈ។
ប្រទេសទាំង២ធ្លាប់បានចុះហត្ថលេខាលើបទឈប់បាញ់។ ប៉ុន្តែវាគ្មានតម្លៃស្មើនឹងសន្ធិសញ្ញាសន្តិភាពទេ។ បញ្ហានេះធ្វើឱ្យការចរចាមានភាពផុយស្រួយ និងស្មុគស្មាញខ្លាំង ដែលពិបាកដោះស្រាយបញ្ហាជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ ប្រទេសជប៉ុនចង់បានការចរចាដែលមិនខាតបង់ទឹកដី និងជាសន្ធិសញ្ញាសន្តិភាព។ ប៉ុន្តែជប៉ុនរក្សាទំនាក់ទំនងរឹងមាំជាមួយអាមេរិក ដែលអាមេរិកមិនដែលត្រូវគ្នាជាមួយប្រទេសរុស្ស៊ីទេ។ មូលហេតុនេះហើយដែលពិបាកនឹងរកចំណុចឯកភាពគ្នា។
ហេតុអ្វីកូនកោះទាំង៤នោះជាចំណុចរសើប?
កូនកោះតូចៗទាំង៤នោះ ក្រៅពីមានមានប្រវត្តិទាក់ទងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ទីនេះក៏ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ផងដែរ។ កោះទាំងនេះជាទីសំចតនៃកងនាវាចរណ៍រុស្ស៊ីនៅតំបន់វ៉្លាឌីវ៉ូស្តុក។ នេះជាច្រកផ្លូវសម្រាប់នាវាចម្បាំង និងនាវាមុជទឹករបស់រុស្ស៊ី។ នៅក្នុងក្រសែភ្នែករបស់រុស្ស៊ី, ទីនេះគឺជាតំបន់ភូមិសាស្ត្រដ៏សំខាន់ជាអាយុជីវិតសម្រាប់ ទី១- កងនាវាចរណ៍របស់រុស្ស៊ីនៅតំបន់ប៉ាស៊ីហ្វិក, ទី២- យុទ្ធសាស្ត្ររបស់រុស្ស៊ីនៅប៉ាស៊ីហ្វិក និងទី៣- ការដាក់ជើងរបស់រុស្ស៊ីចូលប៉ាស៊ីហ្វិក។
រុស្ស៊ីមិនចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទាំងប្រញាប់ប្រញាល់ទេ ព្រោះប្រទេសជប៉ុន និងក្រុមសម្ព័ន្ធមិត្តអាចនឹងមានឱកាសកាន់តែច្រើនដើម្បីឃ្លាំមើលសកម្មភាពរបស់កងនាវាចរណ៍រុស្ស៊ីនៅតំបន់ខាងត្បូង។ កងនាវាចរណ៍រុស្ស៊ីចេញចូលពេលណាត្រូវគេដឹងទាំងអស់។ មានន័យថាបើរុស្ស៊ីចុះសន្ធិសញ្ញាសន្តិភាព ប្រៀបបាននឹងការនាំទុក្ខដាក់ខ្លួនទៅវិញ៕
ប្រភព៖ ABC Australia និងប្រភពដទៃទៀត
https://www.abc.net.au/news/2018-09-12/russia-and-japan-never-declared-peace-after-wwii-heres-why/10234028
ចែករំលែកព័តមាននេះ